ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកកិច្ចប្រជុំ វាយតម្លៃសភាពការណ៍ និងបូកសរុបលទ្ធផល រយៈពេល ៩ខែ ឆ្នាំ ២០២០

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ទី៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានរៀបចំកិច្ចប្រជុំវាយតម្លៃសភាពការណ៍ និងលទ្ធផលនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ រយៈពេល៩ខែ និងលើកទិសដៅបន្ត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និង  លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសមាសភាពអញ្ជើញចូលរួមលោកនាយករងមន្ទីរ លោកនាយការិយាល័យ និងលោកនាយរងការិយាល័យ សរុប ៩២នាក់ ។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងរាយការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រយៈពេល០៩ខែ នៃឆ្នាំ២០២០នេះ របស់សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ១.៣៣៣/១.៣១១ករណី កើន២២ករណី ស្មើ ១,៦៥% ឃាត់ខ្លួន២២០០/២១១២នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ៤០០,៤៩/៤៣,១៣គ.ក្រ រួមនឹងមធ្យោបាយ សម្ភារវត្ថុតាងមួយចំនួនទៀត។ ក្នុងនោះ ៖

-ករណីជួញដូរ ៧៥៩/៦៣៦ករណី កើន ១២៣ករណី ស្មើ១៦% ឃាត់ខ្លួន១១៣៦/៩៤១នាក់ កើន ១៩៥នាក់ ស្មើរ ១៧,១៦%។

-ករណីសំយោគ-កែច្នៃ៣/១ករណី ឃាត់ខ្លួន ៧នាក់/០

-ករណីប្រើប្រាស់ ៥៧១/៦៧៤ករណី ឃាត់ខ្លួន ១០៥៧/១១៧១នាក់។

ដោយឡែករយៈពេល ០២សប្ដាហ៍ដើមខែតុលា ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបករណីធំៗ បានចំនួន ០៥ករណី ឃាត់ខ្លួន ១៣នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ ២.១១៣,៣៦គ.ក្រ (ក្នុងនោះសារធាតុញៀនប្រភេទការទីណូនទម្ងន់ ១.៩០០គ.ក្រ) ។

អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ រួមជាមួយលោកនាយឧត្តមសេនីយ៍ កែ កឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គួបផ្សំការដកចេញនូវវិធានការគន្លឹះរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងអនុវត្តច្បាប់បានបើកកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនយ៉ាងសកម្មផុសផុល និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងនោះករណីធំៗ ៣០ករណី (ទីតាំងកែច្នៃ ០៣កន្លែង) ត្រូវបានបង្ក្រាបដោយចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណជាង ០២តោន ព្រមទាំងចាប់មេក្លោងចំនួន ១១នាក់ និងខ្សែរយៈបណ្ដាញចំនួន ៤៧នាក់។

តាមរយៈការអនុវត្តវិធានរដ្ឋបាលនិងវិធានច្បាប់ ក្នុងកិច្ចបើកប្រតិបត្តិការបង្ក្រាបតាមទីតាំងសប្បាយដ្ឋាន បានជះឥទ្ធពលដល់ ទីផ្សារជួញដូរនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេស។

ជាក់ស្ដែងផ្អែកតាមលទ្ធផលបង្ក្រាបពិនិត្យឃើញករណីប្រើប្រាស់សារធាតុញៀន មានការថយចុះ៣,២៨%ធៀបនិងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។

ការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ-អន្តរជាតិ រួមទាំងប្រជាពលរដ្ឋ និងវិស័យឯកជន ក្នុងការផ្លាស់ប្ដូរនិងផ្ដល់ព័ត៌មានទាន់ពេលវេលា គួបផ្សំសមត្ថភាពបទបិសោធទ៍របស់មន្ត្រីអនុវត្តច្បាប់ និងឧបករណ៍បច្ចេកទេសផងនោះ បានធ្វើឲ្យកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបកាន់តែមានប្រសិទ្ធភាព។  ជាក់ស្ដែងករណីលួចដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់កម្ពុជា ១៦ករណីធំៗ ទៅប្រទេសទី៣ ត្រូវបានបង្ក្រាប ក្នុងនោះ តាមផ្លូវគោក ០៧ករណី តាមផ្លូវអាកាស ០៣ករណី តាមកញ្ចប់បញ្ញើប្រៃសណីយ៍ចំនួន ០៥ករណី និងផ្លូវទឹកចំនួន ០១ករណី ដែលមានបរិមាណសារធាតុញៀនសរុបប្រមាណ ២៩៣,៤២គ.ក្រ ៕

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានលើកឡើងថា «នេះជាលទ្ធផល និងជាគុណសម្បត្តិរបស់កងកម្លាំងយើង ក្នុងកិច្ចប្រតិបត្តិការកន្លងមកគឺយើងទទួលបានលទ្ធផលគួរជាទីមោទនៈ ដែលមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសយើងចាប់បានគ្រឿងញៀន និងសារធាតុផ្សំជិត ៣តោនកាលពីពេលថ្មីៗនេះ ។ ប៉ុន្តែយើងក៏នៅមានចំណុចខ្វះខាត ចន្លោះប្រហោងមួយចំនួន ពាក់ព័ន្ធនឹងជំនាញ បច្ចេកទេសផងដែរ  ដែលត្រូវទាមទារឲ្យកម្លាំងយើងខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ។

មុននឹកបិទកិច្ចប្រជុំនេះ  នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានដាក់ទិសដៅបន្តចំនួន៦ចំណុច ដល់នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ ដើម្បីបន្តជំរុញការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋភិបាល ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ។

នៅក្នុងកិច្ចប្រជុំវាយតម្លៃសភាពការណ៍ និងលទ្ធផលនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល៩ខែ (ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០) នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា ទិសដៅទាំង៦ចំណុចនោះរួមមាន ៖

១-បន្តជំរុញការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព

២-បន្តជំរុញការស្រាវជ្រាវស៊ើបអង្កេតបណ្តាករណីធំៗ ដែលនៅសេសសល់ ដើម្បីបង្រ្កាបឲ្យដល់ប្ញសគល់

៣-បន្តស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសសម្អាតប្រាក់ ដែលជាផលនៃបទល្មើសគ្រឿងញៀន

៤-បន្តជំរុញអនុវត្តវិធានការស្រាវជ្រាវស៊ើបអង្កេត បង្ការ ទប់ស្កាត់ និងបង្រ្កាបការនាំចូល ការលួចលាក់កែច្នៃ និងការជួញដូរប្រើប្រាស់នៅតាមគោលដៅសប្បាយដ្ឋាន ដោយត្រូវពង្រឹងការតាមដានគ្រប់គ្រងត្រួតពិនិត្យសកម្មភាពនៅតាមបន្ទាត់ព្រំដែន ព្រមទាំងអនុវត្តនូវវិធានការរដ្ឋបាល និងវិធានការច្បាប់យ៉ាងតឹងរឹងបំផុត ដោយអនុវត្តតាមស្មារតីនៃពាក្យស្លោករបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ «៣កុំ ១រាយការណ៍»។

៥-ពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន ជាមួយដៃគូសហប្រតិបត្តិការទាំងក្នុងនិងក្រៅតំបន់ ដោយខិតខំកសាង និងពង្រឹងយន្តការទំនាក់ទំនងឲ្យបានច្បាស់លាស់ ។

៦-ពង្រឹងសមត្ថភាពមន្រ្តី នៃការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងលើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់ តាមរយៈការបណ្តុះបណ្តាលសមត្ថភាពជំនាញនិងច្បាប់។ ទន្ទឹមនោះ បង្កើនការគាំទ្រលើកទឹកចិត្ត និងពង្រឹងវិន័យ សីលធម៌ មនសិការវិជ្ជាជីវៈដល់កងកម្លាំង។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អំពីការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាតាមវិធានរបស់ក្រសួងសុខាភិបាល ថ្វីត្បិតតែកម្ពុជាយើងការថែរក្សា ការប្រយុទ្ធប្រឆាំងមានលទ្ធផលល្អ តែយើងត្រូវតែប្រុងប្រយ័ត្នបន្ថែមទៀត ត្រូវរក្សាគម្លាត ពាក់ម៉ាស់ បាញ់អាល់កុល ឬជែល ជាប្រចាំ ជាពិសេសត្រូវណែនាំអប់រំដល់បងប្អូនក្រុមគ្រួសារឲ្យបានយល់ដឹងពីវិធីការពារវីរុសដ៏កាចសាហាវមួយនេះ ៕ដោយ៖ស សម


ចែករំលែក៖