អន្តរជាតិ៖ បើតាមការប្រកាសរបស់ក្រសួងការបរទេសអាមេរិក មុនជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេស និងការពារជាតិអាមេរិក-ឥណ្ឌា បានអះអាងថា៖សហរដ្ឋអាមេរិក ស្វាគមន៍ចំពោះការលេចឡើងរបស់ឥណ្ឌាក្នុងនាមជាប្រទេសដឹកនាំថ្នាក់តំបន់ និងជាមហាអំណាចសកល។ខណៈដែលនៅថ្ងៃទី១ខែមករា ឆ្នាំ២០២១ខាងមុខនេះ ឥណ្ឌា នឹងចូលអង្គុយនៅកៅអីសមាជិកមិនអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ។
បើតាមការផ្សាយរបស់កាសែត Hindustan Times បាននិយាយថា លោកម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ លោកម៉ាក អេស្ព័រនឹងជួបជាមួយសមភាគីឥណ្ឌា លោក S Jaishankar និងលោក Rajnath Singh នៅថ្ងៃទី២៧ ខែតុលានេះ ដើម្បីជជែកពីបញ្ហាសន្តិសុខតំបន់ និងការពង្រឹងទំនាក់ទំនងការទូត។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអាមេរិក ។
ជាក់ស្តែងក្រសួងការបរទេសអាមេរិក បានលើកឡើងថា៖«អាមេរិក ស្វាគមន៍ការលេចឡើងរបស់ឥណ្ឌាក្នុងនាមជាមហាអំណាចសកល និងប្រទេសដឹកនាំក្នុងតំបន់»។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ខ្លួនដដែល បានបន្ថែមថា ទីក្រុងវ៉ាស៊ីតោន នឹងសហការជាមួយទីក្រុងញូវដែលីឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងអំឡុងពេលឥណ្ឌាចូលអង្គុយនៅកៅអីសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាតិនាពេលខាងមុខ។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ទៀតថា ការពង្រឹងទំនាក់ទំនងទ្វេភាគី ជាការបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើបញ្ហាមួយចំនួន, ការបង្កើតតម្លៃរួមគ្នា និងការប្តេជ្ញាលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសេរី និងបើកចំហក្នុងតំបន់អាស៊ី-បាស៊ីហ្វិកជាដើម។
សូមជម្រាបថា នៅដើមឆ្នាំ២០២០កន្លងមក ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានមកទស្សនកិច្ចនៅឥណ្ឌា និងបានចុះកិច្ចព្រមព្រៀងមួយចំនួន។ ក្នុងពេលថ្មីៗនេះ លោក ស្តេហ្វិន ប៊ីហ្កាន់ រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ក៏បានមកទស្សនកិច្ចនៅឥណ្ឌាដែរ ដើម្បីរៀបចំជំនួបរដ្ឋមន្ត្រី ២បូក២ ពេលនេះ។ ខណៈអាមេរិក ក្នុងរយៈពេលចុងក្រោយនេះបានខិតទៅជិតឥណ្ឌាយ៉ាងខ្លាំង ស្របពេលប្រទេសទាំងពីរ កំពុងមានជម្លោះជាមួយចិន។
គួរបញ្ជាក់ថា នៅថ្ងៃទី២៧ ខែតុលានេះ ជំនួបរដ្ឋមន្ត្រីការបរទេស និងការពារជាតិរវាងឥណ្ឌា គឺជាកិច្ចប្រជុំលើកទី៣ហើយ បើគិតចាប់ពីឆ្នាំ២០១៨មក។លើកទី១ គឺបានប្រារព្ធឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងញូវដែលី និងលើកទីពីរ នៅខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវ៉ាស៊ីនតោន។ជាមួយគ្នានេះអាមេរិក និងឥណ្ឌា ក៏បានពង្រឹងទំនាក់ទំនងបន្ថែមទៀតតាមរយៈយន្តការកិច្ចសន្ទនាចតុភាគី (Quad) ផងដែរ។ ក្រុមប្រទេសនេះ នឹងមានសមយុទ្ធយោធារួមគ្នានៅពេលខាងមុខផងដែរ៕ដោយ៖ស តារា