មានសត្វខ្លាមួយ ដើរស្វែងរកស៊ីតាមទម្លាប់វា លុះដើរទៅប្រទះនឹងសត្វគីង្គក់មួយកំពុងលោតផ្លោតៗ ក៏ស្រែកសួរទៅថា << យើ ! បងម៉ាំងកាយេ ( ខ្លះហៅថាមាំងកាយេ ) ឯងដើររកស៊ីអ្វីហ្នឹង ? >> ។ គីង្គក់តបថា << ចុះបងខ្លាឯងដើរមករកអ្វីដែរ ? >> ។ ខ្លាថា << យើងដើររកស៊ី >> ។ គីង្គក់តបថាយើងក៏ដើររកស៊ី ដូចបងឯងដែរ >> ។ ខ្លាថា << ចុះដើររកស៊ីអ្វីនឹងបាន បើបងឯង លោតម្ដងបានមួយសុញដូច្នេះ តើចាប់សត្វអ្វីនឹងបាន?>>។ គីង្គក់ក៏អួតអាត្មា ប្រាថ្នាខ្លាកោតខ្លាចថា << យើ ! ថ្វីបើឃើញយើងលោតតិចៗដូច្នេះ បើចង់លោតយ៉ាងណាក៏បាន ចង់ចាប់សត្វតូចក្ដី ធំប៉ុន្មានក្ដី ក៏បានទាំងអស់ មិនចាញ់បងឯងទេ >> ។ ខ្លាថា << បើបងឯង ពូកែដូចសំដីថានេះ យើងលោតប្រឡងគ្នា ពិត្រើយព្រែកម្ខាងទៅត្រើយម្ខាងមើល, បើបងឯងលោតឆ្លងដល់ យើងជឿថាពូកែមែន ។ គីង្គក់ជាសត្វមានប្រាជ្ញា គិតឃើញថា << សត្ខខ្លានេះ តែកាលណាវារៀបនឹងលោតរមែងចោលកន្ទុយទៅខាងក្រោយ, បើដូច្នេះអញចាំខាំកន្ទុយវា កាលមុនវានឹងលោតទៅនោះ >> ទើបគីង្គក់តបទៅថា << ខ្លាចអ្វីបងខ្លាឯង ! បើចង់លោត ពីត្រឹមណាទៅត្រឹមណា ក៏បានដែរ ហើយយើងហ៊ានឲ្យបងឯងទៅឈរពីមុខយើងទៀតផង, តែកាលណាយើងស្រែកថា ហ៍ ! ត្រូវបងឯងលោតទៅចុះ >> ។ ខ្លាជាសត្វឆោត មិនអាចគិតដឹងគំនិតគីង្គក់ វានឹងខាំកន្ទុយខ្លួននោះសោះ, ឯខ្លួនទៀតក៏មិនបានគិតឃើញពីរបៀបខ្លួន ដែលរៀបនឹងលោតទៅនោះ ធ្វើកិរិយាយ៉ាងណាៗដែរ ក៏ព្រមសន្យាទៅឈរនៅពីមុខគីង្គក់ ។ ឯគីង្គក់កាលខ្លាមកឈរពីមុខ ឃើញពេលល្អហើយ ក៏ប្រាប់ថា << បងឯងប្រុងស្ដាប់ >> ។ រីឯខ្លារវល់តែប្រុងត្រចៀកស្ដាប់ ចោលឯកន្ទុយនោះទៅត្រង់ពីមុខគីង្គក់ៗ ស្រែកថាហ៍ ! ហើយខាំកន្ទុយជាប់ ។ ខ្លាលោតផ្លោតទៅភ្លាមដល់ត្រើយម្ខាងមួយរំពេច។អំណាចកន្ទុយខ្លាវាត់ ទៅមុខនោះ ដោយទាំងគីង្គក់ទៅផង ដូចជាដុំដីដែលគេចោលនឹងឈើដង្ហក់ ធ្លាក់ហួសទៅមុខខ្លាស្ទើរតែនឹងស្លាប់ ។ ខ្លាក៏មិនអាចដឹងបាន ប្រែប្រាណទៅខាងក្រោយវិញ ស្រែកហៅថា << បងម៉ាំងកាយេអើយ ! មក >> ។ គីង្គក់ឆ្លើយ << គូក ! នៅឯនេះហើយ >> ។ ខ្លាឮគីង្គក់ឆ្លើយពីមុខដូច្នោះក៏ថា << បងម៉ាំងកាយេ ! ពូកែមែនហើយ ប៉ុន្តែខាងការចាប់សត្វនោះ យើងមិនទាន់ឃើញរឹទ្ធិបងឯងនៅឡើយ, បើដូច្នេះ យើងនឹងចាប់សត្វល្បងគ្នាទៀត >> ។ គីង្គក់ព្រមក៏តបវិញថា បងទៅចាប់សត្វចុះ បានសត្វប៉ុន្មានៗ មកជួបគ្នានៅកន្លែងនេះ យើងនឹងរើសាច់នោះល្បងគ្នាមើល តើអ្នកណាច្រើនជាង ? >> ។ ខ្លាព្រមក៏ចេញទៅរកចាប់សត្វផ្សេងៗ បានច្រើន ។
ឯគីង្គក់ ក្រោយខ្លាចេញទៅនោះ ខំសង្វាតលោតទៅ មិនដឹងនឹងទៅចាប់សត្វណាបានទេ ព្រោះធ្លាប់តែចាប់ជន្លេននឹងស្រមោចសង្អារ, លោតបន្តិចទៅឃើញមានធ្យូងមួយដុំ ប៉ុនគ្រាប់សណ្ដែក ក៏លេបធ្យូងនោះចូលទៅ, លោតបន្តិចទៅទៀតឃើញឆ្អឹងត្រីស្លាតមួយតូចនៅកណ្ដាលផ្លូវ លេបថែមទៅទៀត លោតបន្តិចទៅទៀត ឃើញគ្រាប់អង្រ្កេមអង្ក្រមមួយ ក៏លេបទៅទៀត, បានជា៣មុខល្មមតែពេញនោះ រួចក៏ត្រឡប់វិលមកចាំខ្លាខាងទីដដែលវិញ ។
ឯខ្លា កាលបើស្វែងរកសត្វបានសព្វគ្រប់ហើយ ក៏ត្រឡប់មកឯកន្លែងដើមតាមសន្យា, លុះមកដល់ ឃើញគីង្គក់អង្គុយចាំ ច្រប៉ុកប៉ុកក៏សួរថា << យើ ! បងមាំងកាយេមកដល់ហើយហះ ” គីង្គក់តបថា << យើងមកចាំឯងយូរណាស់ហើយ, មើល៍ ! បងខ្លាឯងបានប៉ុន្មានមុខ ? បងឯងរើចេញមកមើល ! យើងនឹងកត់ត្រា ” ។ ខ្លារើសសាច់នានាជាច្រើនមុខ ប្រាប់គីង្គក់, រើសចេញអស់ទើបប្រាប់ថា << អស់តែប៉ុណ្ណេះហើយ >> ។ គីង្គក់រើចំណែករបស់ខ្លួនវិញឲ្យខ្លាមើលម្ដង ។
ទី១ រើបញ្ចេញធ្យូងមកមុន ។ ខ្លាសួរថា << សត្វអីបង ! >> ។ គីង្គក់ថា : ហ្នឹងគេហៅថា គាសរម៉ុយ ” ខ្លាស្ដាប់មិនបានអង្វរថា កុំនិយាយបាលីបាគូបង ! សូមប្រាប់ជាសម្រាយមកចុះ ។ គីង្គក់ប្រាប់ថា << នេះកុយរមាស >> ។ ខ្លាក៏កោតថា << យើ ! ខាំដល់ទៅរមាសផង >> ។
ទី២ រើឆ្អឹងត្រីស្លាតចេញមកទៀត ។ ខ្លាសួរថា << សត្វអីសស្គុះដូច្នេះបង ? គីង្គក់ប្រាប់ថា << ផ្លដំរីស៊ុក >> ។ ខ្លាថា << អាណិតទៅ កុំនិយាយបាលីបាគូអ្វី >> ។ គីង្គក់ថា << ហ្នឹងគេហៅភ្លុកដំរីស >> ។ ខ្លារឹតតែកោតថា << អៃយ៉ា ! លេងដល់ភ្លុកដំរីសទៀតផង, ចុះអស់ប៉ុណ្ណឹងហើយឬនៅទៀតបង ? >> ។ គីង្គក់ថា << យើ ! អស់ប៉ុណ្ណឹងអ្នកម៉ែ ! នៅច្រើនមុខណាស់ បងឯងចាំតែរាប់ចុះ >> ។
ទី៣ រើទម្លាក់គ្រាប់អង្រ្កេមអង្រ្កមចេញមក ។ ខ្លាសួរថា << សត្វអ្វីក្រហមផង ខ្មៅផងដូច្នេះ ? ។ គីង្គក់តបថា << ផ្នាអាឃ្លែក >> ។ ខ្លាថា << សុំនិយាយជាសម្រាយទៅវិញមើល ! >> គីង្គក់តបថា << ហ្នឹងហើយ គេហៅថា << ភ្នែកអាខ្លាឯង >> ។
ខ្លាឮថា ភ្នែករបស់ខ្លួន ក៏ស្ទុះរត់ភ្លាម មិនហ៊ាននៅ ។ គីង្គក់ស្រែកថា << ឈប់សិន ឯងទៅណា ចាំអញយកភ្នែកឯងស៊ីសិន >> ។ ខ្លារឹតភ័យខ្លាំងឡើងទៀត ចេះតែរត់ទៅ។គីង្គក់ខំដេញតាមពីក្រោយ, លុះឆ្ងាយបន្តិចទៅស្រាប់តែប្រទះនឹងអណ្ដើកៗសួរថា << បងមាំងកាយេរត់ទៅណា ? >> គីង្គក់ថា << បងជាបុរិល ! ខ្ញុំដេញតាមខ្លាវារត់ទៅមិញៗបងប្រទះដែរឬ ? ។ អណ្ដើកថា << ឃើញវារត់ទៅហើយ បើដូច្នេះខ្ញុំជួយតាម >> ។ គីង្គក់និងអណ្ដើកក៏នាំគ្នាតាម, ដើរបន្តិចទៅ ឃើញខ្លាសម្ងំពួនលើគុម្ពឫស្សី ។
អណ្ដើកឃើញស្រែកប្រាប់ទៅគីង្គក់ថា << វានៅៗនេះទេ >> ។ គីង្គក់ថា << បងឯងចាំនៅត្រង់ទីនេះចុះ ខ្ញុំនឹងឡើងទៅចាប់វា >> ។ គីង្គក់ខំឡើងតាមវល្ល៍ និងមែកឈើទៅបានពាក់កណ្ដាលគុម្ពឫស្សី ស្រាប់តែរបូតដៃធ្លាក់មកដីឮសូរប្រោក ។ អណ្ដើកថា << អើបង ? >> ។ គីង្គក់ថា << ខ្ញុំចុះមកបោចវល្លិ៍យកទៅចងវាតែម្ដង >> ។ ខ្លាឮដូច្នោះស្ទុះលោតចុះ រត់ទៅទៀត ទៅឃើញដើមឈើមួយដើមធំ ក៏ត្រេកអរខំឡើងទៅនៅសម្ងំ មិនឲ្យសត្វទាំងពីរដឹង ។ ឯគីង្គក់ និងអណ្ដើកខំតាមដានទៅ បាត់ដានត្រង់ដើមឈើនោះ មើលលើ ឃើញឯខ្លាពួនក្រាបនៅលើមែកឈើគ្រមាមៗទើបស្រែកប្រាប់គ្នាថា << កនយើង ! វានៅៗនេះទេ >> ។ គីង្គក់ប្រាប់ថា << បងជាបុរិលឯង ចាំនៅគល់នេះចុះ ខ្ញុំនឹងឡើងទៅចាប់វាឯលើ >> ។ គីង្គក់ខំប្រវេប្រវាឡើងទៅជិតប្រគាបមែកឈើ ស្រាប់តែសម្បកឈើរបេះធ្លាក់ចុះមក ដោយទាំងខ្លួនវាមកដល់ដី ។ អណ្ដើកឃើញសួរថា << ម្ដេចដូច្នេះ ? >> ។ គីង្គក់ថា << យើងគិតរលំឈើនេះវិញ ឲ្យដួលមកនឹងចាប់ >> ។ អណ្ដើកបោលទង្គិចគល់ឈើនោះឮសូរប៉ូកៗ រួចគីង្គក់ធ្វើបញ្ចេញសម្លេងឮតែក្រតៗ ហើយស្រែកបន្ទរទៀតថា << ហ៍ ! រលំឈើហើយ >> ។ ខ្លាឮថាវារលំ ទទួលក្រឡេកមើលទៅលើ ឃើញពពករសាត់លឿនស្លៅស្មានថារលំមែន ក៏ស្ទុះរត់ចុះទៅទៀត ។ សត្វទាំងពីរចេះតែដេញតាមទៅ ។
ឯខ្លារត់កាន់តែឆ្ងាយ បានប្រទះនឹងតាចាស់ម្នាក់ ធ្វើជាងដែកខ្លាចូលទៅសំពះតាចាស់នោះថា << សូមឲ្យជួយយកអាយុខ្ញុំផង ត្បិតគីង្គក់និងអណ្ដើកវាដេញចាប់ខ្ញុំនឹងប្រហារជីវិត >> ។ តាចាស់តបទៅនឹងខ្លាថា << នៅចុះ សឹមអញជួយឯងឲ្យរួចពីស្លាប់ កុំឲ្យអាគីង្គក់អណ្ដើកធ្វើអ្វីបាន >> ។ យូរបន្តិចឃើញអណ្ដើកទៅដល់មុន ។ ខ្លាប្រាប់តាចាស់ថា << អុញហ្ន មកទៀតហើយតា ” ។ តាចាស់ថា << មិនអីទេ បើខ្លាចណាស់ត្រូវខំសប់ខ្លាំងៗទៅ ” ។ ខ្លារឹតតែសប់ខ្លាំងឡើងៗ ។ តាចាស់ចាប់អណ្ដើកនោះបាន យកទ្រាប់គូថអង្គុយ ហើយថា << ជាហើយចាំតែធ្វើដែករួចសឹមស្ងោរ >> ។ បន្តិចឃើញគីង្គក់ទៅដល់ទៀតខ្លាថា << អាហ្នឹងហើយ វាប្រាថ្នាតែភ្នែកខ្ញុំទេ >> ។ តាចាស់ប្រាប់ថា << បើឯងខ្លាចណាស់ត្រូវយកខ្សែចងស្នប់ផ្ទាប់នឹងចង្កេះទៅ ។ ខ្លាធ្វើតាម ។ ឯតាចាស់នោះគាត់ស្លៀកខោជើងធំៗពេក អង្គុយលើអណ្ដើកកំពុងតែពើតរូសកោសកាំបិត ភ្លេចគិតឯប្រដាប់របស់ខ្លួនខាងក្រោម ធ្លាក់ស្តោកនៅកណ្ដាលវាល ។ គីង្គក់ក្រឡេកឃើញប្រាប់ទៅអណ្ដើកថា << បងជាបុរិលឯង មើលខាងក្រោម ។ អណ្ដើកក្រឡេកទៅ ឃើញប្រដាប់តាចាស់នោះទាំងអស់ ក៏មានចិត្តអរព្រួច ហើយអើតក្បាលចូលទៅក្នុងជើងខោខាំគ្រិបដោយចង្កូម ដាច់ត្រឹមគល់ទៅទាំងអស់ ។ តាចាស់ដួលបះជើងច្រោង ។ គីង្គក់ស្រែកថា << ទៅ ! កនយើងដួលមួយហើយ >> ។ ខ្លាឃើញតាចាស់ដួល ក៏ស្ទុះរត់ទៅ ដោយទាំងស្នប់នោះទៅផង ។ គីង្គក់ដេញតាមទៅដល់ជិតមាត់ស្ទឹងមួយ មានទឹកជ្រៅ គីង្គក់ស្រែកឲ្យអណ្ដើកថា << បងប្រយ័ត្ន ! ខំស្ទាក់កុំឲ្យវាលោតទឹក ក្រែងបាត់ដាន >> ។ ខ្លាឮក៏លោតទៅក្នុងទឹកៗ ចូលក្នុងស្នប់, ទឹកហូរខ្លាំង ក៏នាំខ្លាលិចស្លាប់ទៅ ។
“ផ្ចាញ់កម្លាំងកាយ ដោយកម្លាំងប្រាជ្ញា”
ស្រាវជ្រាវនិងកែសម្រួលដោយ ÷ចៅតាជេត