ភ្នំពេញ៖ ច្រាច់ – Oval-leafed pondweed, pickerel weed៖ មានឈ្មោះវិទ្យាសាស្ត្រ Pontederia vaginalis Burm.f. ជារុក្ខជាតិ ដុះដោយឯកឯង នៅតាមវាលស្រែក្នុងរដូវវស្សា ដែលប្រជាជនខ្មែរនិយមយកមកធ្វើជាបន្លែ វាមានប្រភពដើម នៅអាស៊ីខាងត្បូង និងផ្នែកអាគ្នេយ៍ អូស្ត្រាលីខាងជើង។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា តាមការដកស្រង់ចេញពីសៀវភៅមគ្គុទេសក៏ស្តីពីបន្លែនៅប្រទេសកម្ពុជា លក្ខណៈរូបសាស្ត្រ៖ តិណជាតិ (herbaceous) ដើមដុះត្រង់ទៅលើ មានកម្ពស់៥-៥០ស.ម មានក្តៀងខ្លីៗក្នុងដី។ ស្លឹកតូចវែង ឬរីកធំប៉ោងនៅផ្នែកគល់ រួមស្រួចនៅផ្នែកលើ។ កញ្ចុំផ្កាជាចង្កោម (raceme) មានផ្កាតិច។ ទងផ្កាមានប្រវែង២-១០ម.ម។ ផ្កាមានបរិបុប្ផា perianth ប្រវែង១០-១៥ម.ម ពណ៌ខៀវរាងស្វាយ កេសរឈ្មោលមាន៦ គឺ១វែង និង៥ខ្លី កេសរញី ៣រួមគ្នា (ovary 3-locular)។ ផ្លែជាកាប់ស៊ុល (capsule) ដល់ ពេលចាស់អាចបែកជា៣ផ្នែក។ គ្រាប់តូចៗ មូលទ្រវែង។
លក្ខណៈជីវសាស្ត្រ៖ រស់ច្រើនឆ្នាំ ដុះរហ័ស អាចរាតត្បាតរុក្ខជាតិឯទៀតក្នុងចម្ការ វាលស្រែ និងកន្លែងដក់ទឹក។
លក្ខណៈអេកូឡូស៊ី៖ ដុះលើដីតាមមាត់ទឹកបឹង ត្រពាំង ថ្លុក និងវាលស្រែនៅតំបន់ក្ដៅ។
ដោយឡែកការប្រើប្រាស់៖ ជាបន្លែ៖ ដើម និងស្លឹកធ្វើជាបន្លែស្ល និងអន្លក់។ ជាឱសថ៖ ស្លឹក និងឫស ច្របាច់យកទឹក សម្រាប់ព្យាបាលឈឺធ្មេញ និងក្អក៕

ដោយ៖ សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច