ភ្នំពេញ៖ សមិទ្ធផលរូបភាពសកម្មភាព និងសៀវភៅផែនការយុទ្ធសាស្ត្រ ច្បាប់ ឯកសារគតិយុត្តនានាពាក់ ព័ន្ធវិស័យសង្គមកិច្ច រួមទាំងផលិតផលធ្វើដោយដៃរបស់ជនមានពិការភាព ព្រមទាំងឧបករណ៍ដៃជើងសិប្បនិមិ្មតនិងរណបជាច្រើន ត្រូវបានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានយកទៅដាក់តាំងបង្ហាញនៅក្នុង «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣» នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ពីថ្ងៃ១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកដំណើការ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣» នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។
លោក ហេង សួរ រំពឹងថា មានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងប្រមាណ៣ម៉ឺននាក់ខណៈក្នុងឆ្នាំ២០២៣នេះមានក្រសួង-ស្ថាប័ន ក្រុម ហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួន១៥០ស្មើនឹង ១៨៨បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង២ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗ ដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធានា រ៉ាប់រង សេវាកម្មលក់ដុំនិងរាយ ទេសចរណ៍និងបដិ សណ្ឋារកិច្ច ម្ហូបអាហារនិងភេសជ្ជៈ អចលនទ្រព្យនិងសំណង់ ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្ម និងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ។
ជាមួយគ្នានេះលោករដ្ឋមន្រ្តីលើកឡើងថា ពិព័រណ៍ការ ងារ និងផលិតភាពជាតិ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារដែលមានលក្ខណៈប្រមូលផ្តុំនូវព័ត៌មាន និងកាលានុវត្តភាព ហើយត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃរបស់ទីភ្នាក់ងារជាតិមុខ របរ និងការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា គោល បំណងសំខាន់បំផុតនៃព្រឹត្តិការណ៍នេះ គឺការនាំឱ្យកាន់ តែខិតជិតគ្នារវាងនិយោជក ដែលមានឱកាសការងារច្រើនសន្ធឹកសន្ធាប់ និងអ្នកស្វែងរកការងារដែលមានសមត្ថភាព នៅមួយកន្លែងដោយងាយស្រួល ដើម្បីធ្វើការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ ដាក់ ពាក្យសុំការងារដែលខ្លួនចូលចិត្ត ទទួលបានការប្រឹក្សាយោបល់អាជីព ការត្រៀមខ្លួនចូលធ្វើការងារយ៉ាងសកម្ម និងការស្វែងយល់ពីការបង្កើនផលិតភាព។
គួរឱ្យដឹងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំសហការរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ក្រោមការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) អង្គការភីផលអិននិត ខេមបូឌា(People in Need Cambodia) និងអង្គការស្វីសខនថាក់ (Swiss Contact)៕
ដោយ៖ សូរិយា