ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ បាននាំចេញម្រេចជាង ៦ពាន់តោន​ ក្នុងឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ កម្ពុជា​ការនាំចេញម្រេចទៅប្រទេសចិនមានចំនួន ៤៩០ គីឡូក្រាម គិត​ជា​ទឹក​ប្រាក់ចំនួន ៩,៥៤៦ ដុល្លារអាមេរិក  នេះបេី​គិតត្រឹមបំណាច់ឆ្នាំ២០២៣​ ខណៈការនាំចេញសរុបមានប្រមាណជាង ៦ ១៥២ តោន ក្នុងនោះនាំចេញទៅប្រទេសចិន ប្រទេសវៀតណាម អាល្លឺម៉ង់ កូរ៉េ ជប៉ុន បារាំង សហរដ្ឋអាមេរិក អ៊ីតាលី រុស្ស៊ី អង់គ្លេស ឥណ្ឌា កាណាដា និងប្រទេសម៉ាឡេស៊ី។

បេីតាមការ​បញ្ជាក់ពី​អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឃឹម ហ្វីណង់ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាននៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤​នេះ​ថា ការនាំចេញម្រេចទៅកាន់ទីផ្សារចិនស្ថិតក្នុងបរិមាណតិចតួចនៅឡើយ ដោយសារ​យើង​ទើប​បាន​បំពេញនីតិវិធី សម្រាប់ទីផ្សារមួយនេះ ប៉ុន្តែក៏ជាទីផ្សារ​ដែល​មាន​សក្តានុពល​ខ្លាំង​ផង​ដែរ​។

លោក​អនុរដ្ឋលេខាធិការ​ បន្តថា ប្រទេសកម្ពុជាបានចុះហត្ថលេខាជាមួយអគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០២២ ស្តីពីលក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំចេញ​ម្រេច​ទៅ​កាន់​ប្រទេស​ចិន​។

 លោក ឃឹម ហ្វីណង់​ បានថ្លែង​បន្តថា “បច្ចុប្បន្នក្រសួងកសិកម្ម ក៏កំពុងធ្វើការយកចិត្តទុកដាក់ខ្លាំង ដោយ​បាន​ចាត់​ទុក​ម្រេច គឺជាដំណាំយុទ្ធសាស្រ្តមួយក្នុងចំណោមដំណាំយុទ្ធសាស្រ្តអាទិភាព៤មុនគេ ដែល​យើង​នឹង​រៀបចំ យកមកធ្វើចងក្រងទៅជាសហគមន៍កសិកម្មទំនើប ក្នុងនោះមានដំណាស្រូវ ម្រេច ស្វាយចន្ទីរ និងបន្លែ ហើយយើងសង្ឃឹមថា បើសិន​ជា​យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចង​ក្រង​ និង​ប្រែក្លាយ​សហគមន៍​ជា​ច្រើន​សម្រាប់​កសិករ​ដែល​ដាំដំណាំម្រេច​ឲ្យ​ទៅ​ជា​សហគមន៍​កសិកម្ម​ទំនើប​បាន នោះយើងនឹង​បង្កើន​នូវ​លទ្ធភាព​ប្រកួត​ប្រជែង​ នៃ​ទីផ្សារ​ម្រេច​ទៅ​កាន់​ទីផ្សារ​នាំ​ចេញ​នៅ​លើពិភពលោកផងដែរ”។

គួរបញ្ជាក់ថា គិតក្នុងឆ្នាំ២០២៣ ការនាំចេញម្រេចមានចំនួន ៦ ១៥២,៨៣តោន ក្នុង​នោះនាំ​ចេញ​ទៅប្រទេសវៀតណាមចំនួន ៥ ២៣៣តោន ប្រទេសអាល្លឺម៉ង់ចំនួន ៥៣៥,៦៣តោន ប្រទេស​កូរ៉េចំនួន ៧៦,៦៩តោន ប្រទេសថៃចំនួន ៧០តោន សាធារណរដ្ឋឆេកចំនួន ៦៧,៩០​តោន ប្រទេសបារាំងចំនួន ៣៨,០៤តោន សហរដ្ឋអាមេរិកចំនួន ២៦,៧០តោន ប្រទេស​អ៊ីតាលី​ចំនួន ២៥តោន ប្រទេសអ៊ីស្រាអែលចំនួន ២៥តោន កោះតែវ៉ាន់ចំនួន ១៥,០៤តោន ប្រទេស​ម៉ាលី​ចំនួន ១៥តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ១២,៨៧តោន ប្រទេសជប៉ុនចំនួន ៥,៩៩តោន ប្រទេស​រុស្ស៊ីចំនួន ១,៥៩តោន ចក្រភពអង់គ្លេសចំនួន ១,៥០តោន ប្រទេសឥណ្ឌា ០,៩៦តោន ប្រទេស​ចិនចំនួន ០,៤៩តោន ប្រទេសលីទុយអានីចំនួន ០,៤២តោន ប្រទេស​នូវែល​ហ្សេឡង់​ចំនួន ០,៣៧តោន ប្រទេសកាណាដា ០,២៤តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,១៥តោន ប្រទេ​ស​អូស្រ្តាលីចំនួន ០,១៣តោន ប្រទេសសិង្ហបុរីចំនួន ០,១០តោន ប្រទេសដាណឺម៉ាកចំនួន ០,០២​តោន ប្រទេសហូឡង់ចំនួន ០,០១តោន ប្រទេសអូទ្រីសចំនួន ០,០០៦តោន និងប្រទេស​ម៉ាឡេស៊ី​ចំនួន ០,០០២តោន។

ដោយឡែក​យោងតាម​ស្ថិតិឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម​ បានឱ្យដឹងថា​ ផ្ទៃដីដាំដុះម្រេច​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន៧ ០៦០ហិកតា នៅទូទាំង១៧ខេត្ត (លើកលែងតែខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ កណ្តាល ភ្នំពេញ ព្រៃវែង ស្ទឹងត្រែង និងស្វាយរៀង ដែលគ្មានការដាំដុះម្រេច) ផ្ទៃ​ដី​ប្រមូលផលមានចំនួន ៦ ៨៣០ ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ១៨ ៥០៣​តោន (ទិន្នផលជាមធ្យមមានចំនួន ២,៧១តោន/ហិកតា)៕

ដោយ​៖ តារា​


ចែករំលែក៖