ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារ តេជោសែន» និងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព ប្រកបដោយភាពធន់ និងបង្កើតការងារឱ្យបានច្រើន។ ដើម្បីក្លាយជាប្រទេសអ្នកមាន ត្រូវធ្វើឱ្យប្រជាពលរដ្ឋមានចំណូលខ្ពស់។ រាជរដ្ឋាភិបាលអត់មានលុយចែកប្រជាពលរដ្ឋទេ គឺត្រូវបង្កើតការងារជូនប្រជាពលរដ្ឋ។ សម្តេចបន្តថា ក្រុមហ៊ុនធុនតូច និងមធ្យម នៅតែជាមុខព្រួញត្រូវយកចិត្តទុកដាក់។ ដើម្បីសេដ្ឋកិច្ចរឹងមាំ ត្រូវធ្វើឱ្យវិស័យឯកជនរឹងមាំ។
សម្តេចធិបតីបានថ្លែងទៀតថា ប្រទេសយើងតូច ប្រជាជនយើងតិច ប៉ុន្តែបើប្រជាពលរដ្ឋមានមូលដ្ឋានរឹងមាំ មិនសំខាន់លើបរិមាណទេ សំខាន់លើគុណភាព។ សម្តេចបានដាក់គោលដៅឱ្យយកចិត្តទុកដាក់ទាញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធ ដើម្បីពង្រឹងអាជីវកម្ម និងសមត្ថភាពផលិត។ការទាញយកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលក្នុងប្រព័ន្ធនឹងក្លាយជាថាមពលសេដ្ឋកិច្ច។
សម្តេចធិបតី បានលើកទឹកចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធ។ ប្រទេសយើងតូច តែបើយើងរួមគ្នា ជាពិសេសរួមគ្នារវាងវិស័យឯកជន និងរាជរដ្ឋាភិបាល នឹងក្លាយទៅជាកម្លាំងធំណាស់។ សម្តេចមិនចង់ឱ្យរដ្ឋក្លាយជាអ្នកចង្អុល ឬដឹកមុខវិស័យឯកជននោះទេ គឺចង់ឃើញរដ្ឋ និងវិស័យឯកជនសហការគ្នា ដើម្បីពង្រឹងសមត្ថភាព និងដើរបានវែងឆ្ងាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៤នេះ ជាមូលដ្ឋានកែសម្រួល កែទម្រង់ ប្រព័ន្ធរដ្ឋបាល ប្រព័ន្ធការងារ។ បើធ្វើបានជោគជ័យនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរទៅច្រើនឆ្នាំខាងមុខ។
សម្តេចបានថ្លែងទៀតថា សម្ដេចមិនបោះបង់ទេកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍ តែកម្ពុជាចង់ប្រែក្លាយសមត្ថភាពទៅដកដង្ហើមដោយខ្លួនឯង។ ក្នុងនោះកម្ពុជា ចង់ក្លាយទៅជាប្រទេសមានសមត្ថភាពអាចធ្វើផ្លូវល្បឿនលឿន ធ្វើស្ពានដោយខ្លួនឯងទាំងលុយ និងអ្នកសាងសង់។ សម្តេចបានថ្លែងទៀតថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការគ្រប់គ្រង និង ការអភិរក្ស ដីស អំបិល (ខេត្តកំពត-កែប) ដែលជាកេរដំណែលពីដូនតា និង ជំរុញការផលិតអំបិលដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្ត្រ ឱ្យដើរព្រមគ្នានឹងវិធានការដោះស្រាយបញ្ហាដីស្រែអំបិល ដែលមិនមានសក្តានុពល ។
សម្តេចធិបតី បានមានប្រសាសន៍ថាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តចូលរួមកាន់តែសកម្មក្នុងការងារកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេស រដ្ឋភិបាលឌីជីថល, ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាពស្ថាប័ន ដោយឈរ លើគោលការណ៍គុណាធិបតេយ្យ តាមរយៈការជំរុញការផ្តល់សេវាសាធារណៈតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និង តាមយន្តការច្រកចេញ-ចូលតែមួយ, ទាំងនៅក្រសួង និង មន្ទីរ រាជធានី-ខេត្ត សំដៅកែលម្អការផ្តល់សេវាសាធារណៈជូនធុរជន និងប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និង ខិតជិតប្រជាជន ស្របតាមអភិក្រម «ធ្វើឱ្យលឿន ធ្វើឱ្យបាន និង ធ្វើឱ្យតម្លាភាព»។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ពង្រឹង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការប្រមូលចំណូលថវិកាជាតិ ពីការផ្តល់ សេវាសាធារណៈនានាក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ស្របតាមគោលនយោបាយ និង បទប្បញ្ញត្តិ ជាធរមាន ពិសេស យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម និង កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។
នៅក្នុងឱកាសនេះផងដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ មួយចំនួនផងដែរ៕
ដោយ៖ តារា