ខេត្តសៀមរាប ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ប្រាកដណាស់ ទាំងអ្នកវិនិយោគ និងអ្នកទេសចរ នឹងមិនមកប្រទេសដែលមានសញ្ញាក្រហមថា «ប្រយ័ត្នគ្រាប់មីន» នោះទេ។
នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់ជាទឹកដីនៃសន្ដិភាព បានធ្លាក់ចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយ នៃសង្រ្គាមត្រជាក់ កាលពី៥៤ឆ្នាំមុន។ ទឹកដីដែលពោរពេញដោយសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យដូចជាប្រាសាទអង្គរវត្ត បានឆ្លងកាត់នូវសោកនាដកម្មដ៏គួរឱ្យសោកសង្រេងបំផុត រួមមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ អំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍។
សម្តេចបវរធិបតី បន្ដថា ប្រជាជនកម្ពុជារាប់លាននាក់បានបាត់បង់ជីវិត ហើយផ្ទៃដីរាប់ពាន់គីឡូម៉ែត្រក្រឡារបស់កម្ពុជា ត្រូវបានកប់រាយប៉ាយដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះផ្សេងទៀតនៃសង្គ្រាម។
សម្តេចបវរធិបតី បន្ដទៀតថា អាថ៌កំបាំងដ៏ខ្មៅងងឹតអំពីគ្រាប់មីនគឺថា ទោះបីជាសន្តិភាពពេញលេញត្រូវបានសម្រេចនៅឆ្នាំ១៩៩៨ ក៏ស្រមោលនៃគ្រាប់មីននៅតែបន្តកើតមាន និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងដល់ដំណើរការស្តារឡើងវិញក្រោយសង្គ្រាម។ សម្ដេ ថា ប្រជាជនកម្ពុជាមិនអាចរស់នៅ និងបន្តជីវភាពដូចប្រក្រតីបាននោះទេ ដោយសារទឹកដីរបស់យើងនៅតែរងការបំផ្លិចបំផ្លាញដោយគ្រាប់មីន ហើយការកសាងប្រទេសរបស់យើងឡើងវិញក៏ត្រូវប្រឈមផងដែរ។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ប្រាកដណាស់ ទាំងអ្នកវិនិយោគ និងអ្នកទេសចរ នឹងមិនមកប្រទេសដែលមានសញ្ញាក្រហមថា ប្រយ័ត្នគ្រាប់មីន នោះទេ។ ផលប៉ះពាល់ពីសង្រ្គាមលើសតិអារម្មណ៍ និងស្មារតីមានភាពធ្ងន់ធ្ងរដូចគ្នា។ ការរស់នៅជាមួយគ្រាប់មីនបានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើន មានភាពលំបាកក្នុងការទទួលយកការពិតនៃសន្តិភាព និងនឹកស្រមៃដល់អនាគតដ៏ភ្លឺស្វាង។ ស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុក ទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាការរំលឹកប្រចាំថ្ងៃអំពីភាពរន្ធត់ កាលពីអតីតកាល»។
សម្តេចបវរធិបតី បានឱ្យដឹងថា វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជាក្នុងសកម្មភាពដោះមីននឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រពីសហគមន៍អន្តរជាតិ។ តាមរយៈភាពជាដៃគូជាមួយប្រទេសនិងអង្គការម្ចាស់ជំនួយ ដែលបានផ្ដល់នូវកិច្ចគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្ត យើងបានបោះជំហានដ៏សំខាន់ក្នុងការសម្រេចគោលដៅ។
សម្តេចបវរធិបតី បានលើកឡើងថា មកទល់បច្ចុប្បន្ននេះ យើងបានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់។ យើងក៏បានបោសសម្អាតមីនលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្តអស់មីន។ ចំនួនជនរងគ្រោះបានធ្លាក់ចុះពីមធ្យមជាង ៤.៣០០នាក់ ក្នុងមួយឆ្នាំក្នុងឆ្នាំ ១៩៩៦ មកតិចជាង ១០០នាក់ ក្នុងមួយឆ្នាំក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា លើសពីកិច្ចខិតខំប្រឹងប្រែងបោសសម្អាតគ្រាប់មីន គំនិតផ្តួចផ្តើមជំនួយដល់ជនរងគ្រោះជាច្រើន ក្រោមការសម្របសម្រួលដោយ អាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្រ្គោះជនពិការដោយសារមីន (CMAA) បានផ្តល់ការស្តារនីតិសម្បទា និងគាំទ្រការធ្វើសមាហរណកម្មឡើងវិញ និងការតស៊ូមតិសម្រាប់អ្នករស់រានមានជីវិត តាមរយៈការអប់រំអំពីហានិភ័យ។
សម្តេចបវរធិបតី បន្ថែមថា សមិទ្ធផលជាច្រើនត្រូវបានកើតឡើង។ សេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ មុនការរាតត្បាតនៃជំងឺកូវីដ-១៩ បានរីកសាយភាយដល់តំបន់ដែលត្រូវបានដោះមីន។ ទឹកដីដែលធ្លាប់ជាវាលមីន ឥឡូវនេះបានក្លាយទៅជាដីមានជីជាតិសម្រាប់ធ្វើកសិកម្ម នគរូបនីយកម្ម និងការអភិវឌ្ឍ ហើយបានជួយប្រជាជនរាប់លាននាក់ចាកចេញពីភាពក្រីក្រ៕
ដោយ ៖ សិលា