ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី ចាប់ផ្តើមប្រមូលផលស្រូវចម្ការ បូតដោយដៃ តាមប្រពៃណីទំនៀមទំលាប់តាំងពីបុរាណ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រដូវរំហើយបានឈានចូលមកដល់ តាមចំណាំគឺប្រជាកសិករ តែងប្រមូលផលស្រូវរដូវវស្សា ការច្រូតកាត់ជាសកមុ្មភាពមួយត្រូវបានគេមើលឃើញតាមវាលស្រែដ៏ធំល្វឹងល្វើយ ប៉ុន្តែខុសពីកសិករនៅតំបន់ទំនាបកណ្តាល បងប្អូនជនជាតិដើមភាគតិចរស់នៅតំបន់ខ្ពង់រាប មានរបៀបប្រមូលផលស្រូវបូតដោយដៃ រួចបុកនិងត្បាលអង្រែធំៗ តាមវិធីសាស្ត្របុរាណ។

លោក ភី ងូក ជាជនជាតិដើមភាគតិចព្នង និងជាចៅសង្កាត់រមនា ក្រុងសែនមនោរម្យ ដែលជាម្ចាស់ចម្ការផ្ទាល់ដែលមានផ្ទៃដីជិត ១ហិកតា នៅភូមិពូតាំង បានឲ្យដឹងថា ការប្រមូលផលស្រូវចម្ការ បូតដោយដៃនេះ គឺជាប្រពៃណីទំនៀមទំលាប់តាំងពីបុរាណមកម្លេះ ហើយស្រូវប្រភេទនេះ គឺបងប្អូនជនជាតិដើមភាគតិច តែងតែធ្វើការដាំដុះនៅតាមចង្កេះភ្នំ ឬចម្ការជម្រាលមាត់អូរ ត្រង់នេះមួយដុំ ត្រង់នោះមួយដុំ នៅតំបន់មួយចំនួន ក្នុងខេត្តមណ្ឌលគិរី។ 

លោកបញ្ជាក់ថា ស្រូវអង្ករដែលពុកម៉ែបងប្អូនជនជាតិដើមភាគតិចព្នង បង្កបង្កើនផលតាមចំការមានលក្ខណៈខុសពីស្រូវស្រែ ហើយមានរស់ជាតិឆ្ងាញ់ និងមិនប្រើសារធាតុគីមីនោះទេ។ លោក បន្ថែមថា សម្រាប់ការដាំដុះស្រូវចម្ការនេះ ចាប់ពីចន្លោះខែឧសភា មិថុនា រហូតដល់ស្រូវទុំចាប់ពីខែវិច្ឆិកា និងខែធ្នូ ទើបបងប្អូនជនជាតិដើមភាគតិច ចាប់ផ្តើមប្រមូលផល និងប្រវ៉ាស់ដៃគ្នានៅក្នុងភូមិ ដើម្បីជួយគ្នាទៅវិញទៅមក។ លោក ភី ងូក បន្ថែមទៀតថា ខណៈដែលបងប្អូនជនជាតិដើមភាគតិចព្នង កំពុងធ្វើដីដាំដុះស្រូវចម្ការតាមបែបលក្ខណៈធម្មជាតិ គេមិនភ្លេចទេគ្រឿងដង្វាយផ្សេងៗ ដូចជា មាន់ និងស្រាពាង ឫតាមលទ្ធភាពជាក់ស្តែង សម្រាប់សែនព្រេនម្ចាស់ទឹកដីសុំឲ្យមានផលស្រូវបានច្រើន និងកុំឲ្យសត្វចង្រៃផ្សេងៗ មកបំផ្លេចបំផ្លាញដំណាំពួកគាត់។ លោក ភី ងូក ជាជនជាតិដើមភាគតិចព្នង និងជាចៅសង្កាត់រមនា បានបន្ថែមថា សម្រាប់ប្រជាពលរដ្ឋនៅសង្កាត់រមនានេះ ភាគច្រើនប្រកបមុខរបរកសិកម្មប្រមាណ ៩៥ %។ លោក ក៏សំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនជនជាតិដើមភាគតិច នៅក្នុងខេត្ត ត្រូវចូលរួមថែរក្សាប្រពៃណី ទំនៀមទំលាប់  សាសនា កុំឲ្យបាត់បង់ ហើយត្រូវបន្តខិតខំដាំដុះដំណាំយូរអង្វែង និងដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅទូទាំងខេត្ត មានផ្ទៃដីប្រមូលផលស្រូវចម្ការសរុបចំនួន ២១៤ហិកតា ស្មើនឹង ២០,៨៤% លើផ្ទៃដីអនុវត្តបានទិន្នផលមធ្យម ១,០៦៨តោន/ហិកតា បរិមាណផលសរុប ២២៨តោន៕

ដោយ៖ សូរិយា


ចែករំលែក៖