ខេត្តមណ្ឌលគិរី ៖ ការធ្វើអាជីវកម្មរ៉ែមាសដែលមានម្ចាស់ការដ្ឋានភាគច្រើនជាជនជាតិវៀតណាម និងចិននោះកំពុងធ្វើសកម្ម ភាពយ៉ាងគគ្រឹកគគ្រេង និងអនាធិបតេយ្យបំពានច្បាប់ក្នុងសហគមន៍មួយនៅចំណុចពូទុងអូរក្ល ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ អាជីវកម្មរ៉ែមាសដែលប្រើប្រាស់ឧបករណ៍បច្ចេកវិជ្ជាទំនើបៗនេះ ត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៍អះអាងថា ធ្វើផ្ទុយទាំងស្រុងពីច្បាប់អនុញ្ញាតរបស់ក្រសួង។
មន្រ្តីមូលដ្ឋានបានឲ្យដឹងថា ការជីក រណ្តៅរ៉ែមាសជាច្រើននៅទីនោះដោយម៉ាស៊ីន ខ្នាតយក្សធំៗមកប្រើប្រាស់ហើយគ្រប់រណ្តៅ គេបានដាក់រំសេវគ្រឿងបំផ្ទុះដោយសេរី។ រណ្តៅនីមួយៗមានជម្រៅរាប់រយម៉ែត្រទៅក្រោម ។
អ្វីដែលគេកត់សម្គាល់ការធ្វើអាជីវកម្មរ៉ែមាសនៅតំបន់នោះមានការឃុបឃិតគ្នាជាប្រព័ន្ធពីអាជ្ញាធរក្នុងមូលដ្ឋានកងកម្លាំងប្រដាប់អាវុធរួមនឹងមន្រ្តីមន្ទីររ៉ែនិងថាមពល ខេត្តដើម្បីជួយសម្រួលឲ្យក្រុមម្ចាស់អាជីវកម្មធ្វើសកម្មភាពដោយរលូនបើទោះបីពួកគេធ្វើផ្ទុយពីច្បាប់យ៉ាងណាក្តី ។
តាមច្បាប់ និងអាជ្ញាប័ណ្ណអនុញ្ញាតរបស់ ក្រសួងរ៉ែនិងថាមពលតម្រូវឲ្យសហគមន៍ខួងឬជីករណ្តៅរ៉ែមាសពីផ្ទៃដីរាបជម្រៅ ២០ម៉ែត្រប៉ុណ្ណោះ ហើយតម្រូវឲ្យជនជាតិខ្មែរជាអ្នកធ្វើអាជីវកម្មហើយការប្រើប្រាស់សម្ភារ ឬឧបករណ៍ និងរំសេវគ្រឿងបំផ្ទុះ តម្រូវឲ្យមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីមន្រ្តីសមត្ថកិច្ច និងមន្រ្តីជំនាញមុននឹងប្រើប្រាស់។
ប៉ុន្តែអាជីវកម្មនោះកំពុងធ្វើផ្ទុយទាំង ស្រុងពីច្បាប់អនុញ្ញាតរបស់ក្រសួង រីឯការ ចុះស្រាវជ្រាវ និងពិនិត្យអាជីវកម្មរ៉ែមាសនៅទីតាំងនោះរបស់មន្ទីរជំនាញវិញត្រូវបង្ខំបិទភ្នែកធ្វើមិនដឹងមិនឮក្រោមទម្ងន់សំណូកទឹកប្រាក់របស់ម្ចាស់អាជីវកម្ម។ ពេលបែក ធ្លាយរឿងរ៉ាវដ៏រសើបបែបនេះក្រសួងរ៉ែនិងថាមពលបានចាត់ឲ្យមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរីចុះពិនិត្យនិងបិទសកម្មភាពជាបន្ទាន់ ប៉ុន្តែលទ្ធផលមហាជនកំពុងទន្ទឹង រង់ចាំមើលករណីនេះយ៉ាងអន្ទះសាព្រោះពួកគេមិនសូវមានទំនុកចិត្តលើមន្រ្តីមន្ទីររ៉ែ និងថាមពលនោះឡើយ ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នេះបានថ្លែងថា លោកបានដាក់បទបញ្ជាឲ្យមន្រ្តីសាលាខេត្ត មន្ទីររ៉ែ ថាមពលខេត្ត និងសមត្ថកិច្ចដែលជាគណៈកម្មការចម្រុះដឹកនាំកម្លាំងចុះទៅពិនិត្យនៅទីតាំងអាជីវកម្មរ៉ែមាសនៅទីនោះ។
លោកបានបញ្ជាក់ផងដែរថា លោក បានបញ្ជាឲ្យបិទ និងបញ្ឈប់សកម្មភាព អាជីវកម្មរ៉ែមាសរបស់សហគមន៍ដែលអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ឲ្យខាងតែ បានហើយខេត្តរង់ចាំទទួលស្វាគមន៍ជានិច្ចរាល់ក្រុមហ៊ុនវិនិយោគណាដែលចូលមកធ្វើការ វិនិយោគអភិវឌ្ឍន៍ពិតប្រាកដស្របតាមគោលការណ៍អនុញ្ញាតរបស់ក្រសួង ប្រយោជន៍នាំចំណូលពន្ធចូលរដ្ឋ និងប្រជាពលរដ្ឋក្នុងស្រុកមានការងារធ្វើកាត់បន្ថយការធ្វើចំណាកស្រុក ។ ប៉ុន្តែបើតាមប្រភព ខ្សឹបថាសកម្មភាពនៅតែបន្តជីកកកាយជារៀងរាល់ថៃ្ង ៕ ហេង នរិន្ទ្រ