ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ចោរហារយអុកឡុកខេត្តត្បូងឃ្មុំ

ចែករំលែក៖

យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅក្រុងសួង ខេត្តត្បូងឃ្មុំកំពុងប្រឈមបញ្ហាចម្បង គឺករណីចោរលួចស្ទើររាល់យប់ ។ អាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាមិនបានយកចិត្តទុកដាក់អំពីបញ្ហាទាំងនេះទេ មិនតែប៉ុណ្ណោះ បញ្ហាគ្រឿងញៀនក៏កំពុងរីករាលដាលយ៉ាងខ្លាំងសម្បើមដែរ ។ យើងខ្ញុំជាប្រជាពលរដ្ឋកំពុងរស់នៅក្នុងសេចក្តីភ័យខ្លាចអំពីបញ្ហាអសន្តិសុខ ។

មិនមែនតែលំនៅឋានរបស់យើងខ្ញុំជាពលរដ្ឋសាមញ្ញធម្មតាប៉ុណ្ណោះទេ ដែលត្រូវប្រឈមនឹងការលួចមិនលស់ថ្ងៃនោះ សូម្បីតែផ្ទះអ្នកកាសែតក៏ត្រូវចោរលួចឥវ៉ែឥវ៉ាន់មិនប្រណីដៃដែរ ។ បញ្ហាចោរលួច ចោរឆក់នេះ មិនមែនអាជ្ញាធរមូលដ្ឋានមិនដឹងនោះទេ ប៉ុន្តែហាក់ដូចជាមិនមានចំណាត់ការទាល់តែសោះ ។ យ៉ាងដូច្នេះ ធ្វើឲ្យប្រជាពលរដ្ឋយើងខ្ញុំកាន់តែរងារ ព្រោះសកម្មភាពឆក់ លួច មិនបានថមថយចុះនោះឡើយ ។

អាជ្ញាធរមានសមត្ថកិច្ចថ្នាក់លើ(ខេត្ត) កំពុងសំឡឹងមើលប្រភពហិរញ្ញវត្ថុនៅច្រកព្រំដែនជាជាងការសំឡឹងមើលសេចក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ យើងខ្ញុំដឹងថា ខេត្តត្បូងឃ្មុំ មិនមែនជាទីដែលមានបទល្មើសខាងសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាជាកន្លែងដែលឆ្លងកាត់បទល្មើស(ឈើ) ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចត្រូវចំណាយភ្នែកសំឡឹងមើលរឿងសេដ្ឋកិច្ចនេះឲ្យបានគ្រប់ជ្រុងជ្រោយ ប្រសើរជាងចំណាយពេលវេលាគិតគូរពីទុក្ខព្រួយរបស់ប្រជាពលរដ្ឋ ។

យើងខ្ញុំជាប្រជាពលរដ្ឋកំពុងរងារជាខ្លាំងនៅគ្រាដែលបទល្មើសកើតឡើងនៅក្នុងមូលដ្ឋានយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាមិនចាប់អារម្មណ៍នោះ ។ ដូច្នេះ មានតែរំពឹងលើក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ចាក់ឆ្កឹះឆ្កៀលអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ខេត្តត្បូងឃ្មុំផង ៕ ប្រជាពលរដ្ឋម្នាក់

 


ចែករំលែក៖