ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ពិធីករសម័យថ្មីនិយាយពាក្យ ខមមិន ពេញៗមាត់

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទមានចម្ងល់ជាខ្លាំងចំពោះការប្រើពាក្យពេចន៍របស់អ្នកសម្របសម្រួលកម្មវិធីទូរទស្សន៍(ពិធីករ ពិធីការិនី) ដែលមិនគួរប្រើទាល់តែសោះ ។ នៅក្នុងកម្មវិធី ដែលរៀបចំដោយស្ថានីយទូរទស្សន៍ក្នុងស្រុក២កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជននោះ ភាគច្រើនជាអ្នកចំរៀង ដែលជាគណៈកម្មការកាត់សេចក្តី ឬឲ្យពិន្ទុបានពោលពាក្យ «comment» ពេញៗមាត់ជំនួសពាក្យខ្មែរទៅវិញ។ ពាក្យខ្មែរ អាចប្រើបាន ហេតុអ្វីបានជាពួកគេមិនប្រើ?

អ្នកចំរៀងចាស់ៗនៅក្នុងកម្មវិធីរបស់ទូរទស្សន៍មួយបានចាប់ផ្តើមផ្តល់យោបល់ ឬបញ្ចេញមតិឲ្យទៅបេក្ខជនប្រឡងចំរៀង ជាមួយនឹងពាក្យ«បងសុំខមមិនប្អូនបន្តិច» ។ ក្នុងនាមជារៀមច្បង ដែលជាអ្នកមានឥទ្ធិពលខ្លាំងនៅក្នុងចំណោមមហាជន ពួកគេគួរតែប្រើពាក្យពេចន៍ខ្មែរ ប្រើសើរជាប្រើពាក្យបរទេស ដែលអ្នកចំរៀងទាំងនោះ នៅពេលនិយាយពាក្យបរទេស ហាក់ដូចជាមានមោទនភាពជាខ្លាំងនៅលើកញ្ចក់ទូរទស្សន៍។ ខ្ញុំមិនដឹងថា តើអ្នកចំរៀងស្រី ប្រុស ក្មេងចាស់ ដែលកំពុងធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រឡងចំរៀងក្មេងចាស់តាមកញ្ចក់ទូរទស្សន៍សព្វថ្ងៃនេះយល់យ៉ាងណាទេ ចំពោះអ្វីដែលខ្លួនបានប្រើ«ខ្ញុំសូមខមមិនប្អូនបន្តិច»។ ខ្ញុំមិនដឹងថា ពួកគាត់បានដឹងថា ពាក្យខ្មែរមានប្រើដែរឬទេជំនួសពាក្យបរទេស«comment»នោះ។

នៅកម្ពុជាឮថា មានសមាគមពិធីករ, សមាគមសិល្បករ រហូតដល់សមាគមទូរទស្សន៍ទៀតផង ហេតុអ្វីបានជាបណ្តោយឲ្យពួកគេធ្វើអ្វីស្រេចតែនឹងចិត្តយ៉ាងនេះ។ នេះមិនមែនមានន័យថា ជាការអភិរក្សជ្រុលហួសហេតុពេកនោះទេ ប៉ុន្តែបើពាក្យខ្មែរមានហើយ គួរតែប្រើ។ ពាក្យខ្មែរ កើតមុនពាក្យ «comment»នោះទៀតផង៕ ប្រជាពលរដ្ឋម្នាក់

 


ចែករំលែក៖