ព័ត៌មានទាន់ហេតុការណ៍៖

លោកអាចារ្យក្មេងលង់ស្នេហ៍សីលវត្តីនៅវត្តធម្មវ័ន្ត ថ្ងៃមង្គលការរៀបចំពិធីប្លែកដែលអ្នកស្រុកខ្លះធ្វើមិនដូច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលអញ្ជើញជាភ្ញៀវកិត្តិយសមានការភ្ញាក់ផ្អើល ហើយបានសរសើរមិនដាច់ពីមាត់ ក្នុងពិធីមង្គលការមួយ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ដែលមានកូនកំលោះជាលោកអាចារ្យវ័យក្មេង និង កូនក្រមុំជាសីលវត្តី នៅវត្តធម្មវ័ន្ត បាននិមន្តព្រះសង្ឃចំនួន១០២អង្គ មកពីវត្តចំនួន១១ នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឆាន់ ចង្ហាន់ថ្ងៃត្រង់ ។

ក្រុមគ្រួសារកូនកំលោះឲ្យដឹងថា លោកអាចារ្យដែលជាកូនកំលោះនេះ មានឈ្មោះ សោម សុផាត អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិអាលាំងកែ ឃុំចោងម៉ោង ស្រុកទឹកផុស ស្នាក់នៅធ្វើជាអាចារ្យ នៅវត្តធម្មវ័ន្ត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំណែកសីលវត្តី ជាកូនក្រមុំវិញនោះ មានឈ្មោះ ធឿន សុភី អាយុ៣៩ឆ្នាំ រស់នៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រុមគ្រួសារកូនកំលោះបានឲ្យដឹងថា ពិធីមង្គលការនេះ គឺធ្វើទៅតាមទំនៀមទម្លាប់ជាហូរហែ ចាប់តាំងពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ និងបានគ្រោងហៅភ្ញៀវប្រមាណជាង៥០តុ ដែលមានបងប្អូនសាច់ញាតិបងប្អូនទាំងខាងកូនកំលោះ និងកូនក្រមុំ ។

ក្រុមគ្រួសារបានបញ្ជាក់ទៀតថា រាល់ពិធីមង្គលការរបស់ប្រជាពលរដ្ឋទូទៅមិនអាចធ្វើបាននោះ គឺ មង្គលការលោកអាចារ្យ និងសីលវត្តីនេះ បានផុសត្រដែតឡើង ធ្វើឲ្យភ្ញៀវដែលចូលរូមកាន់តែភ្ញាក់ផ្អើល នឹកស្មានមិនដល់ និង បានសម្តែងនូវការកោតសរសើរ គ្រប់ៗមាត់ ពិតជាប្រពៃខ្លាំងណាស់ហើយ ពុំដែលឃើញពិធីមង្គលការណាបានធ្វើដូច្នេះ នោះទេ ហើយប្រសិនបើរាល់ពិធីមង្គលការទាំងអស់ អាចធ្វើបានដូចនេះ ពិតជាបានបំពេញ នូវបុណ្យកុសលធំធេង ។

លោកបានប្រាប់ដែរថា សម្រាប់ថ្ងៃបន្ទាប់ពីសូត្រមន្ត នៅព្រឹកថ្ងៃបន្ទាប់ ក្រោយពីប្រារព្ធតាមទំនៀមទម្លាប់រួចមក នៅវេលាម៉ោងជាង១០ព្រឹក បើរាល់ពិធីមង្គលការសព្វដង ម្ចាស់ដើមការ តែងតែអញ្ជើញភ្ញៀវពិសាភោជនីអាហារ និង មានដាក់ស្រាប៊ៀរ នៅតាមតុនីមួយៗ ។ ប៉ុន្តែពិធីមង្គលការ របស់លោកអាចារ្យ និង សីលវត្តីនេះវិញ គឺផ្ទុយស្រឡះពីពិធីធីមង្គលរាល់ដង ដោយនៅពេលទទួលភ្ញៀវនេះ សម្រាប់តែឃើញព្រះសង្ឃចំនួន១០២អង្គ ដែលនិមន្តមកពីវត្តចំនួន១១វត្ត និមន្តមកឆាន់ចង្ហាន់ថ្ងៃត្រង់ ហើយនៅលើតុមានចង្ហាន់រហូតដល់៦មុខ និង ភេសជ្ជៈទៅវិញ ចំណែកសម្លេងធុងបាស់បែ្រជា ធម៌ពុទ្ធជ័យមង្គលជូនដល់គូស្វាមី ភរិយាថ្មីថ្មោងនេះ ហើយនៅក្នុងរោងមង្គលជ័យទាំងមូល ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួម ពិតជាមានសទ្ធាជ្រះថ្លា និង បានចូលរួមកុសលផលបុណ្យដោយទឹកចិត្តជ្រះថ្លាជាមួយនឹងម្ចាស់ដើមការ ក្នុងការបំពេញនូវទានបារមីដែលកើតចេញនាពេលនេះ ។

ក្រោយពីនិមន្តព្រះសង្ឃឆាន់ចង្ហាន់ត្រង់រួចហើយ ម្ចាស់ដើមការ ដែលមានកូនកំលោះជាលោកអាចារ្យ និង កូនក្រមុំជាសីលវត្តីនោះ បានប្រគេនបច្ច័យដល់ព្រះសង្ឃមួយអង្គ៥ម៉ឹនរៀលផងដែរ ៕ ចន្ថា


ចែករំលែក៖