ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃ ៧ មករា នេះបានបង្ហោះសារអបអរសាទរខួបទី ៣៩ឆ្នាំ ថ្ងៃ ៧ មករា ១៩៧៩ ដោយរម្លឹកការចងចាំរបស់ខ្លួនចំពោះការស្លាប់របស់ប្រជាពលរដ្ឋខ្មែរពីរលាននាក់ និងពលរដ្ឋខ្មែររាប់លាននាក់ទៀតដែលបានទទួលរងការឈឺចាប់ដោយសាររបបខ្មែរក្រហម។
ស្ថានទូតអាមេរិកក៏បានចូលរួមប្រារព្ធទិវា ៧ មករា ជាមួយប្រជាជនកម្ពុជាផងដែរ នៅថ្ងៃនេះដោយ ទទួលស្គាល់ការតស៊ូប្រកបដោយភាពវាងវៃក្លាហាន និងអំណត់ព្យាយាមរបស់ប្រជាជនកម្ពុជា ដើម្បីរំដោះខ្លួនចេញពីរបបវាលពិឃាត និងបានកសាងប្រទេសរបស់ពួកគេប្រកបដោយក្តីសង្ឃឹម និងបន្តដំណើរទៅរកការបង្រួបបង្រួមជាតិ។
សាររបស់ស្ថានទូតអាមេរិក គឺជាការទះកំភ្លៀងយ៉ាងដំណំចំពោះខ្មែរវង្វេងជាតិមួយក្រុម ដែលរមិលគុណថ្ងៃ ៧មករា ហើយខំកាឡៃប្រវត្តិសាស្ត្រទៅជារឿងផ្សេង។ ក្រុមពួកវង្វេងជាតិ ទាំងនោះដឹកនាំដោយទណ្ឌិត សម រង្ស៊ី និង អេង ឆៃអ៊ាង ព្រមទាំងបក្សពួកមួយក្តាប់តូចដែលតែង តែចេញមុខបង្កភាពប្រទូសរាយជាមួយថ្ងៃ ៧មករា និងជាមួយស្ថាបនិកថ្ងៃ ៧មករា ជារៀងរាល់ ឆ្នាំ ដោយដើរបញ្ច្រាសទិសទាំងស្រុងពីចរន្តប្រជាពលរដ្ឋខ្មែរដែលចងចាំមិនភ្លេចនូវការឈឺចាប់ក្នុង របបខ្មែរក្រហម និងដឹងគុណថ្ងៃ ៧មករា ដែលបានរំដោះពួកគេឲ្យរួចរស់ជីវិតពីសេចក្តីស្លាប់។ ៣៩ឆ្នាំមកនេះ ទណ្ឌិត សម រង្ស៊ី, អេង ឆៃអ៊ាង និងជនជាប់ចោទ កឹម សុខា ព្រមទាំងបក្សពួកក៏ នៅតែមុខក្រាសដើរបញ្ច្រាសទិសដោយស្មារតីវង្វេងវង្វាន់ ព្រោះតែមហិច្ឆតានយោបាយដ៏លេលា ធ្វើឲ្យពួកគេលែងដឹងខុសត្រូវ។
សូម្បីតែសហគមន៍អន្តរជាតិក៏ទទួលស្គាល់អំពើប្រល័យពូជសាសន៍ខ្មែរក្រហម និងទទួល ស្គាល់ការឈឺចាប់របស់ពលរដ្ឋខ្មែរដោយសាររបបនេះ។ វត្តមានតុលាការខ្មែរក្រហមដែលកើត ចេញពីកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ គឺជាឧទាហរណ៍ស្រាប់។ នៅថ្ងៃនេះទៀត ស្ថានទូតអាមេរិកក៏ទទួលស្គាល់តម្លៃជាប្រវត្តិសាស្ត្ររបស់ថ្ងៃ ៧មករា និងចូលរួម ប្រារព្ធទិវាចងចាំមួយនេះដែរ។ ភ័ព្វអ្វីតែខ្មែរវង្វេងជាតិមួយក្រុមដែលព្រះប្រោសមិនរួចនៅតែបន្ត វង្វេងក្នុងវាលវដ្តសង្សារដ៏មហាធំធេងគ្មានថ្ងៃរកផ្លូវត្រូវឃើញឡើយ។
យ៉ាងណាក៏ដោយចុះ ភាពអស្មិមានៈ និងមោបាំងជញ្ជាំងបិទរបស់ក្រុមនេះបានរុញច្រាន ពួកគេឲ្យចាក ផុតឆ្ងាយពីឆាកនយោបាយប្រទេសកម្ពុជាទៅហើយ។ មិនត្រឹមតែព្រលឹងប្រជាពល រដ្ឋខ្មែរជាងពីរលាននាក់ដែលស្លាប់ក្នុងរបបខ្មែរក្រហមប៉ុណ្ណោះទេ ដែលតាមផ្តន្ទាពួករមិលគុណ មួយក្រុមនេះ សូម្បីស្ថានទូតអាមេរិកពេលនេះក៏បានចូលរួមចំណែកបរាមុខក្រុមអគតិងប់ងល់នឹង មនោគមន៍វិជ្ជាបិសាចដែលត្រូវបានគេផាត់ចោលពីសង្វៀននយោបាយទៅហើយនោះផងដែរ។
នេះហើយជាសច្ចៈធម៌ដែលគ្មានអ្នកណាអាចកាឡៃបានឡើយ។ អ្នកព្យាយាមដើរបញ្ច្រាស ពីការពិត និងព្យាយាមកាឡៃសច្ចៈធម៌ត្រូវទទួលរងទណ្ឌកម្មបែបនេះឯង។ នៅលើលោកនេះ បាបកម្ម ពិតជាមានមែន សូមទណ្ឌិត សម រង្ស៊ី, អេង ឆៃអ៊ាង កឹមសុខា និងបក្សពួកចងចាំទុកចុះ!
ជយោ! ស្មារតី ថ្ងៃ៧មករាជាអមតៈ៕ កូនខ្មែរ