ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញអភិ រក្សថ្មនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការរបស់ អាជ្ញាធរជាតិអប្សរាបានជួសជុលចម្លាក់តោចំនួនមួយនៅប្រាសាទក្រវាន់ ស្ថិតក្នុង ភូមិក្រវាន់ សង្កាត់នគរធំ ក្រុងសៀមរាប រួចរាល់ជាស្ថាពរហើយ ។
លោក រីក រ៉េត អ្នកជំនាញអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ចម្លាក់តោថ្មនេះមុនការជួសជុលមាន សភាពទ្រុឌទ្រោមបែកបាក់រូបរាងជា កំណាត់តូចធំនៅលើដីមុខប្រាសាទ ។ កាលពីសម័យបារាំងចម្លាក់តោនេះត្រូវ បានអ្នកជំនាញបារាំងជួសជុលម្តងរួចហើយ តែការជួសជុលនោះ គ្រាន់តែយកស៊ីម៉ងត៍និងដែកមកប្រើបិទភ្ជាប់ឱ្យមាន លំនឹងអាចឈរបានប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាក៏បានបែកបាក់ជាបន្តបន្ទាប់តាម អាយុកាលស៊ីម៉ងត៍ ។
លោក រីក រ៉េត បន្តទៀតថា ដូច្នេះដើម្បីលើកតម្លៃមរតកអង្គរនិងចម្លាក់តោដែល រងការខូចនេះ ក្រុមអ្នកជំនាញអភិរក្សថ្ម បានជ្រើសរើសចម្លាក់តោមួយក្នុងចំណោម តោទាំង៥នៃប្រាសាទក្រវាន់ដើម្បីជួស ជុលសាកល្បងមុននឹងឈានទៅដល់ការជួសជុលចម្លាក់តោដទៃទៀតនៅប្រាសាទនេះ។
ការជួសជុលក្រុមការងារក៏បានប្រើ បច្ចេកទេសជួសជុលសមស្របទៅតាម បទដ្ឋានដែលអាចធានាបាន លក្ខណៈ ដើមនិងសុវត្ថិភាពយូរអង្វែងនៃចម្លាក់ ។ រីឯបច្ចេកទេសនិងការជួសជុលក៏ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញការអាដ ហុករបស់គណៈកម្មការអាយស៊ីស៊ី-អង្គរផងដែរ ។
សម្រាប់ពេលវេលាក្នុងការជួសជុល ក្រុមការងារបានចំណាយពេលអស់១ឆ្នាំ គឺចាប់ពីខែឧសភា ឆ្នាំ២០១៧ ដល់ខែមីនា ឆ្នាំ២០១៨ ដើម្បីរក្សាបានតម្លៃលក្ខណៈដើម និងភាពល្អប្រសើរនៃចម្លាក់ ដោយ សិក្សាលម្អិតពីរចនាប័ទ្មជើងចម្លាក់តោ ដទៃៗនៅតាមបណ្តាប្រាសាទមួយចំនួនដែលបានកសាងក្នុងរជ្ជកាលតែមួយមកធ្វើការប្រៀបធៀបគ្នា ថាតើត្រូវរើសយក រចនាប័ទ្មជើងតោណាមួយមកធ្វើជាគំរូក្នុងការឆ្លាក់ ដើម្បីតភ្ជាប់នឹងខ្លួនចម្លាក់សត្វតោនៅប្រាសាទក្រវាន់ ។
បច្ចុប្បន្នចម្លាក់តោត្រូវបានអ្នកជំនាញជួសជុលរួចរាល់ហើយ ហើយក៏បានយក មកតម្កល់ទុកនៅទីតាំងដើមខាងមុខ ប្រាសាទវិញ ក្នុងន័យអភិរក្សថែរក្សាមរតកដូនតាដែលជាសម្បត្តិបេតិកភណ្ឌជាតិ និងដាក់បង្ហាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាឡើងវិញ ៕ ហេង សូរិយា