តាមការកត់សម្គាល់របស់នាងខ្ញុំ ក្រុមចោរឆក់ ដែលប្រជាពលរដ្ឋ ឬសមត្ថកិច្ចចាប់បាន មានការកត់សម្គាល់ថា គឺជាមុខដដែលៗ ។ មុខដដែលៗ មិនមែនពួកចោរទាំងនោះចេះបែងភាគទេនោះទេ ប៉ុន្តែ គឺចាប់បានម្តងហើយ ពួកគេត្រឡប់មកធ្វើសកម្មភាពដដែលៗនេះជាបន្តទៀត ។ សំណួរបានលេចឡើងក្នុងចំណោមប្រជាពលរដ្ឋថា តើបើចាប់បានហើយ ម្តេចឡើយដោះលែងពួកគេឲ្យបង្កបញ្ហានៅលើដងផ្លូវទៀត? ហានិភ័យ និងគ្រោះថ្នាក់កើតឡើងជាច្រើនដោយសារតែការដោះលែង ពួកចោរនោះ ។ អ្នកដែលរងគ្រោះពិតប្រាកដ មិនមែនអ្នកដោះលែងចោរនោះទេគឺប្រជាពលរដ្ឋស្លូតត្រង់ ដែលធ្វើដំណើរតាមផ្លូវ ។ ប៉ុន្តែគង់ថ្ងៃណាមួយវានឹងប៉ះចំសាច់ញាតិ បងប្អូនអ្នកដែលដោះលែងចោរនោះជាមិនខាន ។
តាមការកត់សម្គាល់របស់នាងខ្ញុំ សមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋ តែងតែបង្ក្រាបបានច្រើនករណីមកហើយដែរ ប៉ុន្តែ ចរន្តនៃការឆក់នៅតាមដងផ្លូវបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងមួយរយៈចុងក្រោយនេះ ។ ជួនកាលជនរងគ្រោះបានស្លាប់ទៀតផង ។ ក្នុងចំណោមជនរងគ្រោះទាំងឡាយ គឺករណីដែលបានកើតឡើងកាលពីវេលាទៀបភ្លឺ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធកំពុងជិះម៉ូតូយកផ្កាទៅលក់នៅមុខព្រះបរមរាជវាំង ត្រូវបានចោរឆក់បណ្តាលឲ្យដួលស្លាប់ប្តី រីឯប្រពន្ធរបួសធ្ងន់ ។ វាជារឿងអាណោចអាធ័ម ដែលគ្រួសារមួយត្រូវព្រាត់ប្រាស់គ្នាគ្មានពេលវិលត្រឡប់ទាំងព្រឹកព្រលឹម ។ នៅឯខណ្ឌសែនសុខឯណោះ កាលពីចុងខែតុលា ស្ត្រីអ្នកលក់ត្រីម្នាក់ ក៏ត្រូវចោរឆក់បណ្តាលឲ្យដួលស្លាប់ទាំងព្រលឹមដែរ… ។ ជនបរទេស ដែលធ្វើដំណើរតាមដងផ្លូវនៅកណ្តាលរាជធានី ក៏ត្រូវចោរឆក់កាបូប ឬឆក់ទូរស័ព្ទដៃញឹកញាប់ដែរ ។
សមត្ថកិច្ចចាប់បានចោរឆក់ញឹកញាប់ណាស់ដែរ ។ នៅពេលដែលសួរពួកគេប្រាប់ថា ខ្លះធ្វើសកម្មភាពរាប់សិបដង ហើយជាពិសេសខ្លះទើបតែចេញពីពន្ធនាគារ… ។ និយាយរួមទៅ ក្រុមចោរឆក់ភាគច្រើន ជា«មុខសញ្ញាចាស់» និងធ្លាប់ជាប់ពន្ធនាគារទៀតផង ។ ករណីនេះហើយ ដែលប្រជាពលរដ្ឋយល់ថា ចោរមុខដដែលៗ… ។ នៅក្នុងខ្សែភាពយន្តកំប្លែង តែងតែនិយាយថា ចោរមុខដដែល ក៏ព្រោះតែប៉ូលិសមុខដដែល?… ប៉ុន្តែ ឥឡូវទំនងជាត្រូវបានអាប់ដេត បន្តិចទៀត គឺចោរមុខដដែល… សមត្ថកិច្ចមុខដដែល… តុលាការមុខដដែល… ។ នេះជាអ្វីដែលកំពុងកើតមាននៅក្នុងរាជធានីរបស់យើងសព្វថ្ងៃ ។ រាជធានីភ្នំពេញរបស់យើងកំពុងញាំញីទៅដោយក្រុមចោរឆក់ ដែលជនរងគ្រោះខ្លះ មិនខ្ចីទាំងរវល់ទៅដាក់ពាក្យបណ្តឹងនោះផង ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ នាងខ្ញុំសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចនឹងចូលរួមកាត់បន្ថយសេចក្តីភ័យខ្លាចរបស់ប្រជាពលរដ្ឋក្នុងបញ្ហាចោរឆក់នេះឲ្យបានប្រសើរជាងមុនបន្តិចបន្តួច ៕ ប្រជាពលរដ្ឋម្នាក់