ព័ត៌មានទាន់ហេតុការណ៍៖

ស្រូវប្រាំង​ជាង​មួយ​ពាន់​ហិកតា ​នៅក្នុង​ឃុំ​កំពង់ស្វាយ​ ស្រុក​កំពង់ស្វាយ ​ខេត្តកំពង់ធំ​ កំពុងតែ​ប្រឈម នឹ​ង​បញ្ហា​គ្រោះរាំងស្ងួត

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ​ស្រូវប្រាំង​ជាង​មួយ​ពាន់​ហិកតា ​នៅក្នុង​ឃុំ​កំពង់ស្វាយ​ ស្រុក​កំពង់ស្វាយ ​ខេត្តកំពង់ធំ​ កំពុងតែ​ប្រឈម នឹ​ង​បញ្ហា​គ្រោះរាំងស្ងួត ​តែ​អាជ្ញាធរ​កំពុងតែ​យកចិត្តទុកដាក់​ក្នុង​ការ​ជួយសង្គ្រោះ ក្នុងពេល​ឆាប់ៗ​នេះ​។

​អាជ្ញាធរ​ខេត្តកំពង់ធំ គ្រោង​នឹង​ដាក់​ម៉ាស៊ីន​បូមទឹក​ធុន​ធំ ចំនួន​០៦​គ្រឿង ​ដើម្បី​បូម​ទឹក​ស្ទឹងសែន ដាក់​តាម​បឹង ​ និង​ប្រឡាយ ​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​បូម​បន្ត​ទៅ​ជួយសង្គ្រោះ​ស្រូវ ​ប្រាំង​ដែល​កំពុងតែ ប្រឈម​នឹង​គ្រោះរាំងស្ងួត​។

កាលពី​ម្សិលមិញ លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ ​ខណៈដែល ម៉ាស៊ីន​ធុន​ធំ​ចំនួន​បី​គ្រឿង​ ​បាន​នឹង​កំពុង​ប្រើប្រាស់​បូមទឹក ​តែ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ ដូច្នេះ អភិបាលខេត្ត បាន​ឲ្យ​មន្ទីរ​ធនធានទឹក ​បន្ថែម​ម៉ាស៊ីន​ធន់​ធំ​ចំនួន​បី​គ្រឿង​បន្ថែមទៀត ​ដើម្បី​ពន្លឿន​ការ​បូម ​ទឹក​សង្គ្រោះ​ស្រូវប្រាំង​នេះ​។

លោក បាន​លើកឡើងថា ទិន្នផល​ស្រូវប្រាំង​តំបន់​នេះ នឹង​ប្រឈម​ការ​ថយចុះ​ទិន្នផល​ ប្រសិន ​បើពុំ​មាន​ទឹក​គ្រប់គ្រាន់ ​ហើយ​ទឹក​ដែល​កសិករ ធ្លាប់​ប្រើ​ប្រាស់​ជា​រៀង​រាល់ឆ្នាំ ​គឺ​មិន​គ្រប់គ្រាន់​នោះទេ នៅ​ឆ្នាំនេះ​។

លោក សុខ លូ បាន​បញ្ជាក់ថា ​ប្រភពទឹក​ដែល​សំខាន់​សម្រាប់​កសិករ​នៅ​តំបន់​នេះ គឺ​ទឹកស្ទឹង សែន ប៉ុន្តែ​វា​នៅ​ឆ្ងាយ​បន្តិច ​ហើយ​ម្យ៉ាងវិញទៀត ដោយសារ​ទឹកស្ទឹង​សែន​ឆ្នាំនេះ តូច​ពេក ​មិន​ហៀរ​ទៅ ដល់​បឹង បួរ​ផ្សេងៗ​ផង​នោះ ធ្វើ​ឲ្យ​ប្រភព​ទឹក​ដែលជា​តម្រូវការ​ប្រើប្រាស់​លើ​ការងារ​ស្រែចម្ការ មិន​គ្រប់គ្រាន់ ដូច​ឆ្នាំមុនៗ​នោះទេ​។ ដូច្នេះ​ ដំណោះស្រាយ​ដំបូង គឺ​បូម​ទឹក​ស្ទឹងសែន​ដាក់​ចូល​ប្រភព​ប្រឡាយ​ទឹក​ផ្សេងៗ ដើម្បី​ឲ្យ​កសិករ​បូម​បន្តទៅ​កាន់​ស្រែ​រៀងៗ​ខ្លួន​។

ប្រជាកសិករ បាន​សំដែង​នូវ​ភាព​សប្បាយ​រីករាយ ចំពោះ​ការ​អន្តរាគមន៍​នេះ ព្រោះថា ​បច្ចុប្បន្ននេះ ស្រូវ​របស់​ពួកគាត់​ មិនទាន់​ខូចខាត​នៅឡើយ​ទេ តែ​នៅ​ថ្ងៃ​ខាងមុខ ​នឹង​ខូចខាត​ស្ទើរតែ​ទាំងស្រុង ប្រសិនបើ មិន​មាន​ការជួយ​សង្គ្រោះ​ទាន់​ពេលនោះ​ ព្រោះស្រូវ​របស់​ពួកគាត់​នៅពេលនេះ ​មាន​អាយុ​ទើបតែ​ជាង​មួយ ខែ​ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​ការ​ដាក់​ទឹក​ចំនួន​ពីរ​ដង​ទៀត​ទើប​ដល់​រដូវ​ច្រូតកាត់​។

ក្រុម​កសិករ បាន​ថ្លែងអំណរគុណ​ចំពោះ​ការចុះ​ជួយ​ទាន់​ពេលវេលា​របស់​អាជ្ញាធរ ​ និង​សង្ឃឹមថា ការ​ផ្តល់​ទឹក​នេះ ពិត​ជាមាន​ប្រសិទ្ធភាព ​ហើយ​ពួកគាត់ នឹង​ប្រើប្រាស់​ទឹក​នេះ​ឲ្យ​ប្រសិទ្ធភាព ​មិន​ខ្ជះខ្ជាយ និង​សន្សំសំចៃ​ខ្ពស់​ផងដែរ​ ៕ ប៊ុនរិទ្ធី


ចែករំលែក៖