ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិករមួយចំនួន ក្នុងខេត្តស្វាយរៀង ងាកមកដាំបន្លែ សិរីរាង្គ គ្មានជាតិគីមី សម្រាប់ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បន្ទាប់ពីការងារធ្វើស្រែប្រជាកសិករមួយចំនួនក្នុងខេត្តស្វាយរៀង បានឆ្លៀតពេលទំនេរ ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានបទពិសោធន៍ ក្នុងការដាំដំណាំបន្លែ រួមផ្សំ អត្ថប្រយោជន៍ ជាច្រើនដូចជាកាត់បន្ថយ ការទិញបន្លែពីផ្សារ ដែលផ្ទុកសារជាតិគីមី ដោយមកដាំបន្លែសិរីរាង្គ (គ្មានសារធាតុគីមី) ដោយខ្លួនឯង សម្រាប់លក់នៅតាមផ្សារទំនើប និងតាមបណ្តារោងចក្រ កាស៊ីណូនានា ផងដែរ ។

យោងតាមលោកពូ ឈ្មោះសុខ សាំ អាយុ៥០ឆ្នាំ មុខរបរកសិករដែលរស់នៅភូមិតាស្អាងឃុំកំពង់ចម្លង ស្រុកស្វាយជ្រំបានឲ្យអ្នកសារព័ត៌មានដឹងថា កសិករមួយចំនួនដែលមានអាជីពដាំដំណាំបន្លែ រួមផ្សំតាមលំនៅឋាន ក៏ដូចជានៅតាមចម្ការអាចមានជីវភាពប្រសើរជាងកសិករផ្សេងទៀត ដែលនៅទំនេរចាំ តែធ្វើស្រែមួយមុខហើយ ការដាំបន្លែមួយផ្នែកសម្រាប់ផ្គត់ផ្គង់ជីវភាពហូបចុក ប្រចាំថ្ងៃ និង សម្រាប់លក់ឲ្យឈ្មួញចុះទិញដល់លំនៅឋាន មិនចាំបាច់មានដីចម្ការច្រើនហិកតានោះទេ គឺកសិករអាចដាំក្នុងទីធ្លាបរិវេណ លំនៅឋាន កំពុងរស់នៅផ្ទាល់តែម្តងក៏បានដែរ ។

លោកបានឲ្យដឹងទៀតថា បន្លែដែលគាត់ដាំមាន ជាច្រើនមុខដូចជាត្រសក់ ននោង ត្រឡាច ម្រះ ផ្ទី​ ស្ពៃ និងគ្រឿងសព្វមុខសម្រាប់ផ្គត់ផ្គង់ ទៅផ្សារទំនើបអ៊ីអន នៅភ្នំពេញតាម រយៈមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផលស្វាយរៀង និងមានបោះដុំ និងលក់រាយតាមម៉ូយមកទិញដល់ផ្ទះ យកទៅលក់នៅទីផ្សារក្នុងស្រុកផងដែរ ។

លោកបានបន្តថា សម្រាប់រូបគាត់មាន ផ្ទៃដីតិចពេកមិនអាចដាំបានច្រើន ដូចគេអ្នកភូមិខាងលើនោះទេ គឺមានដីត្រឹមតែ ៤០ អា ប៉ុណ្ណោះអាចចែកចេញជាបន្លែជាច្រើនមុខ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារដោយ ដាំតាមបច្ចេកទេស ខាងកសិកម្មមកបង្ហាត់បង្ហាញណែនាំនិងការប្រើជីធម្មជាតិ សុទ្ធសាធមិនមាន ប្រើជីគីមីនោះទេ ។

លោកបានបញ្ជាក់ថាក្នុងមួយឆ្នាំលោកអាចដាំ ៤លើកក្នុង ១ លើកមានរយៈពេល ៣ ខែហើយក្នុងមួយលើកៗបើសរុបជាទឹកប្រាក់ចំណូល បានជាង៦លានរៀល ។

ទោះបីយ៉ាងណាពលរដ្ឋដែល ប្រកបរបរដាំបន្លែសិរីរាង្គ ក៏បានធ្វើការសំណូមពរទៅដល់ អាជ្ញាធរដែលពាក់ព័ន្ធ មេត្តាជួយរកទីផ្សារដែលផ្គត់ផ្គង់ ឲ្យបានច្រើនហើយ សម្រាប់ឲ្យពួកគាត់បន្តការងារ ដាំដុះនិងលក់ឲ្យបានតម្លៃខ្ពស់បន្តិច ម្យ៉ាងត្រូវកាត់បន្ថយការនាំ បន្លែចូលពីប្រទេសជិតខាង កុំឲ្យ ហូរចូលច្រើនពេក ទុកឲ្យកសិផលក្នុងស្រុកផលិតបានហើយមាន តំលៃនិងមានការងារធ្វើរកប្រាក់ចិញ្ចឹមជីវិត មានជីវភាពសមរម្យផងដែរ ៕ យឹម សុថាន


ចែករំលែក៖