រហូតមកដល់ពេលនេះ បញ្ហាកកស្ទះសំរាមនៅមុខលំនៅឋានយើងខ្ញុំជាប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ នៅតែបន្តកើតមានដដែល ។ អាជ្ញាធរក្រុង និងខេត្តហាក់ដូចជាមិនបានខ្វល់ខ្វាយថា ត្រូវដោះស្រាយបញ្ហានេះយ៉ាងណានោះទេ ដោយបណ្តោយឲ្យខាងក្រុមហ៊ុនធ្វើអ្វីស្រេចតែនឹងចិត្ត ពោលគឺមិនព្រមមានចំណាត់ការជាក់លាក់ជាមួយក្រុមហ៊ុនថា ត្រូវចាត់វិធានការយ៉ាងណាក្នុងការប្រមូលសំរាមនោះឡើយ ។ ប៉ុន្តែការប្រមូលប្រាក់ពីតាមខ្នងផ្ទះប្រជាពលរដ្ឋមិនអាចខកខានបានឡើយ ។ យើងខ្ញុំជាប្រជាពលរដ្ឋរំពឹងថា អាជ្ញាធរនឹងដោះស្រាយបញ្ហាសំរាមនេះឲ្យបានឆាប់រហ័ស ព្រោះលំនៅឋានប្រជាពលរដ្ឋមិនអាចគរសំរាមទុកក្នុងផ្ទះបានឡើយ ។
ភាពស្អាតបាត, សណ្តាប់ធ្នាប់ អនាម័យ ឆ្លុះបញ្ចាំងពីជីវភាព, ជីវិតរស់នៅរបស់មេដឹកនាំ ក្រុង-ខេត្ត ។ នៅការិយាល័យធ្វើការ, កន្លែងធ្វើការ ដែលពោរពេញទៅដោយសំរាម, ទីក្រុងដែលក្រោមអំណាចរបស់លោកអភិបាល ក្រុង-ខេត្ត ដែលពោរពេញដោយសំរាម ពោលគឺគ្មានសណ្តាប់ធ្នាប់នោះ នោះលំនៅឋានរបស់មេដឹកនាំទាំងអស់ ក៏គ្មានអនាម័យ និងគ្មានសណ្តាប់ធ្នាប់នោះដែរ ។ វាជាកញ្ចក់។ ក្នុងនាមប្រជាពលរដ្ឋម្នាក់រស់នៅក្រុងមាត់សមុទ្រនេះ ខ្ញុំបាទមើលឃើញថា ដោយភាពមិនយកចិត្តទុកដាក់របស់អាជ្ញាធរលើបញ្ហាសំរាម ឬមិនខ្វល់ខ្វាយ ទើបធ្វើឲ្យសំរាមនៅស្ទះគ្រប់ផ្លូវទាំងតូចទាំងធំ ។ វាជារឿងអាម៉ាស ដែលអាជ្ញាធរ ខេត្ត-ក្រុងគ្មានលទ្ធភាពដោះស្រាយបញ្ហាសំរាម ហើយដាក់ការទទួលខុសត្រូវនេះទៅលើក្រុមហ៊ុន និងប្រជាពលរដ្ឋនោះ ។
យើងខ្ញុំជាប្រជាពលរដ្ឋបានបង់ប្រាក់ឲ្យក្រុមហ៊ុន KSWM ដូច្នេះយើងខ្ញុំមិនអាចត្រូវយកសំរាមទៅចោលនៅទីលានដោយខ្លួនឯងនោះឡើយ ។ ក្នុងនាមជាអ្នកទទួលខុសត្រូវដែលយកប្រាក់ពីប្រជាពលរដ្ឋ ក្រុមហ៊ុនប្រមូលសំរាមមិនអាចនិយាយថា ខ្លួនខ្វះកម្លាំងពលកម្មនោះទេ ។ ជាមួយនោះ ក្នុងនាមជាអ្នកទទួលខុសត្រូវ អាជ្ញាធរក្រុងចាត់វិធានការជាក់លាក់ជាមួយក្រុមហ៊ុន មិនមែនឲ្យតាមសង្កាត់ជាអ្នកចាំទទួលខុសត្រូវនោះឡើយ ។ តើកុងត្រារវាងអាជ្ញាធរ នឹងក្រុមហ៊ុនប្រមូលសំរាមKSWM តម្រូវឲ្យសង្កាត់ជាអ្នកចុះប្រមូលសំរាមនេះឬយ៉ាងណា? ដូច្នេះអ្វីដែលសំខាន់ គឺត្រូវដោះស្រាយរវាងអាជ្ញាធរ នឹងក្រុមហ៊ុនប្រមូលសំរាមឲ្យបានជាក់លាក់ ដោយមិនត្រូវដាក់បន្ទុក ពោលគឺមិនត្រូវឲ្យសំរាមនៅកកស្ទះនៅតាមមុខលំនៅឋានប្រជាពលរដ្ឋ ព្រោះតែក្រុមហ៊ុនប្រមូលសំរាមខ្វះកម្លាំងនោះទេ ។
ម្យ៉ាងទៀតក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទ បែរជាយល់ឃើញថា នៅជាវិធីដេលអាជ្ញាធរ និងក្រុមហ៊ុនត្រូវរៀបចំយុទ្ធសាស្ត្រដើម្បីដំឡើងថ្លៃប្រមូលសំរាម ។ យ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកទទួលខុសត្រូវ គួរអាជ្ញាធរពិនិត្យមើលលើកុងត្រារវាងក្រុមហ៊ុន KSWM នឹងអាជ្ញាធរថា តើគួរដល់វេលាដែលត្រូវដំឡើងថ្លៃឈ្នួលប្រមូលសំរាមហើយឬនៅ ។ យើងខ្ញុំជាប្រជាពលរដ្ឋនៅទីក្រុងមួយនេះ យល់ថា វាជាការលំបាកសម្រាប់អាជ្ញាធរ ប៉ុន្តែក្នុងនាមជាអ្នកទទួលខុសត្រូវ មិនត្រូវដាក់កំហុសលើប្រជាពលរដ្ឋនោះទេ ៕ ប្រជាពលរដ្ឋម្នាក់