ក្រោយពេលសហគមន៍អឺរ៉ុប បានបោះឆ្នោតជ្រើសរើស លោកស្រី Christine Lagarde អាយុ៦៤ឆ្នាំ ជាអគ្គនាយកធនាគារអឺរ៉ុប ពេលនេះ លោកស្រីក៏បានប្រកាសលាលែងចេញពីតំណែង អគ្គនាយក មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ជាការបើកផ្លូវឲ្យស្វែងរកមនុស្សថ្មីមកជំនួសលោកស្រីវិញ ។
លោកស្រី Christine Lagarde បានប្រកាសថា «ខ្ញុំបានជួបជាមួយគណកម្មការប្រតិបត្តិIMF ហើយដាក់លិខិតលាលែងពីតំណែង ។ លិខិតលាលែងពីតំណែងនោះ និងមានប្រសិទ្ធភាព នៅថ្ងៃ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ ។ ខ្ញុំដាក់លិខិតជាមុននេះដើម្បីទុកពេលឲ្យជ្រើសរើសអ្នកបន្តតំណែង ទាន់ពេលវេលា» ។
ការដែលជ្រើសរើសលោកស្រី Largarde កាន់តំណែងជាប្រធានធនាគារអឺរ៉ុប ECB គឺជាការសម្រេច ដ៏ភ្ញាក់ផ្អើលមួយរបស់គណកម្មការអឺរ៉ុប ។ នៅពេលដែលសភាអឺរ៉ុបអនុម័តនោះ លោកស្រី Largarde និងក្លាយជាស្ត្រីទីមួយកាន់តំណែង ដ៏សំខាន់មួយនេះ ។
លោកស្រី Christine Lagarde និងឡើងជំនួសតំណែង លោកMario Graghi ដែលបានកាន់តំណែងប្រធានធនាគារអឺរ៉ុប រយៈពេល ៨ឆ្នាំកន្លងមក ជួយដល់អឺរ៉ុបរួចផុតពីវិបត្តិសេដ្ឋកិច្ច ។ លោកស្រី Christine Lagarde ជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង ហើយបានក្លាយជា អគ្គនាយកហិរញ្ញវត្ថុ IMF នៅឆ្នាំ២០១១ ។ លោកស្រី បានក្លាយជាស្ត្រីដែលមានឥទ្ធិពល លំដាប់ទី៣នៅលើពិភពលោកក្នុងការជ្រើសរើសរបស់ទស្សនាវដ្តីForbes កាលពីឆ្នាំ២០១៨៕