ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ លួចដូចគ្នា ហេតុអ្វីអ្នកខ្លះគ្មានទោស

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋម្នាក់​ ខ្ញុំបាទ​ពិតជាគាំទ្រយ៉ាងពេញទំហឹង​ចំពោះចំណាត់ការរបស់គណៈកម្មការជាតិបង្ក្រាប​បទល្មើសធនធាន​ធម្មជាតិ​ជាពិសេស​ចំណាត់ការទៅលើក្រុមល្មើសនៅខេត្តមណ្ឌលគិរី ដែលចាត់ទុកជាគំរូ ។ ប៉ុន្តែនៅទីនោះ មិនមានយុត្តិធម៌គ្រប់គ្រាន់ ទាំងឈ្មួញ និងអាជ្ញាធរ​ពាក់ព័ន្ធ ពីព្រោះថា មានជនពាក់ព័ន្ធ​ក្នុង​បទល្មើសព្រៃឈើ​តិចតួចប៉ុណ្ណោះ ដែលត្រូវបានច្បាប់ចាត់ការ ផ្ទុយទៅវិញ អ្នកប្រព្រឹត្តល្មើសជាច្រើនទៀត បែរជារួចខ្លួន និងកំពុងសើចចំអកឲ្យសមត្ថកិច្ច ដែលមានភារកិច្ចបង្ក្រាប​បទល្មើសទាំង​នោះ ។ ទាំងឈ្មួញ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងបញ្ហាបទល្មើស សុទ្ធតែ​ត្រូវបានប្រជាពលរដ្ឋ​ក្នុងខេត្តនេះដឹងគ្រប់គ្នា ។

ឥឡូវនេះ​មានជនសង្ស័យមួយចំនួនទៀត ត្រូវបានសមត្ថកិច្ច​ចាប់បញ្ជូន​ទៅចាត់ការតាមច្បាប់ ។ យ៉ាងហោចណាស់​មន្ត្រីនៃមន្ទីរបរិស្ថាន​ម្នាក់​ ដែលជានាយកដែនជម្រកសត្វព្រៃភ្នំព្រិច និងមន្ត្រីនៃមន្ទីរកសិកម្មពីររូប ត្រូវគេរាយការណ៍ថា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងសំណុំរឿង បទល្មើសព្រៃឈើនេះ ។ វាជាដំណឹងដែលគួរឲ្យអបអរសាទរ ក្នុង​វិធានការជាក់ស្តែង សម្រាប់ការបង្ក្រាបបទល្មើសព្រៃឈើ​នៅខេត្តមណ្ឌលគិរី ។ ប៉ុន្តែ​ថា តើមានមនុស្សតែប៉ុន្មាននាក់នេះទេឬ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ។ ទាំងឈ្មួញ ទាំងសមត្ថកិច្ច នៅខេត្តមណ្ឌលគិរី សុទ្ធ​តែមានការពាក់ព័ន្ធ ពោលគឺ​មិនមែនមានមនុស្សតែប៉ុន្មានដែល​ត្រូវបានចាប់ខ្លួននៅគ្រាកន្លងមកនោះទេ ។ ឈ្មួញដទៃទៀត រួមទាំងសមត្ថកិច្ច នៅក្នុងខេត្តមណ្ឌលគិរី ពោល​ជនដែលពាក់ព័ន្ធហើយរួចខ្លួន កំពុងសើចចំអក​ឲ្យសមត្ថកិច្ច​ ។

ឈ្មួញល្បីឈ្មោះ សារឿន ម៉ាប់ ជាអ្នកដែលរកស៊ី កាប់ និងដឹកជញ្ជូនឈើទ្រង់ទ្រាយធំ​មិនចាញ់ឧកញ៉ាស៊ឹង សំអុល នោះប៉ុន្មានទេ ។ ដូចគ្នានេះដែរ នាយកដែនជម្រកសត្វព្រៃភ្នំណាំលៀ ក៏បណ្តែតបណ្តោយ​ឲ្យមានបទល្មើស​ ឬក៏ជាមេខ្លោងចាត់តាំងឲ្យមានបទល្មើស នៃការដឹកជញ្ជូន​កាប់បំផ្លាញព្រៃឈើ​មិនចាញ់​ដែនជម្រកសត្វព្រៃភ្នំព្រិចនោះប៉ុន្មានដែរ ។ ពោលគឺ​ ឈ្មួញ​សារឿន ម៉ាប់ ក៏ដូចជានាយកដែន​ជម្រកសត្វព្រៃភ្នំ​ណាំលៀ គឺជាអ្នករៀបចំកសាងរចនាសម្ព័ន្ធ នៃការប្រព្រឹត្តបទល្មើសព្រៃឈើ​មិនចាញ់ឈ្មួញស៊ឹង សំអុល​ប៉ុន្មានឡើយ ។ វាជាចម្ងល់សម្រាប់រាស្ត្រទូទៅថា ហេតុអ្វីបានជា​ទាំងឈ្មួញ សារឿន ម៉ាប់ និងនាយកដែនជម្រកសត្វព្រៃភ្នំណាំលៀ ដែលជាមេធំ ត្រូវនៅក្រៅច្បាប់នៃការបង្ក្រាបបទល្មើសព្រៃឈើ​នៅខេត្តមណ្ឌលគិរីនោះទៅវិញ ប្រការនេះហើយដែលធ្វើឲ្យគេសើចចំអក​ចំពោះសមត្ថកិច្ច ឬមួយថា សមត្ថកិច្ច​នៃយើង​បានសម្របសម្រួល ជាមួយ​ពួកឈ្មួញ និងមន្ត្រីទាំងនោះហើយ?

យុត្តិធម៌ក្រោមមេឃពិតជាមាន??? ទាំងឧកញ៉ា ស៊ឹង សំអុល និងជនដែលកំពុងត្រូវបានឃុំខ្លួនដទៃទៀត ពិតជានឹកគិតថា ជនប្រព្រឹត្តល្មើសដទៃទៀត មិនថានៅខេត្តមណ្ឌលគិរី ឬនៅទីផ្សេងនោះទេ សុទ្ធតែត្រូវបានសមត្ថកិច្ច​ផ្តន្ទាទោស​ដូចៗគ្នា ។ ប៉ុន្តែការពិត មិនទាន់ឃើញមានអ្វីដែលជាចំណាត់ការ​ទៅលើអ្នកប្រព្រឹត្តល្មើស​ផ្សេងទៀតឡើយ ក្រៅតែពីជនពាក់ព័ន្ធក្នុងការប្រព្រឹត្តល្មើសនៅខេត្តមណ្ឌលគិរី ប្រមាណជាង១០នាក់នោះ ។ នេះជាអ្វីដែលគេគិតថា មិនមានយុត្តិធម៌សម្រាប់​អ្នកដែលជាប់ឃុំក្នុងរឿង​បទល្មើសព្រៃឈើ​នៅខេត្តមណ្ឌលគិរី ។ មានន័យថា ប្រព្រឹត្តល្មើសដូចគ្នា ហេតុអ្វីបានជា​ឈ្មួញ​សារឿន ម៉ាប់ និងមន្ត្រីមានសមត្ថកិច្ចនៅក្នុងតំបន់​ណាំលៀ មិនមានទោសកំហុស ។ ប្រការនេះ គឺជាចម្ងល់របស់ខ្ញុំបាទ ក៏ដូចជា​ប្រជាពលរដ្ឋទូទៅ​ ពីព្រោះថា ករណីនេះ កំពុងស្ថិតនៅក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់​ប្រជាពលរដ្ឋទូទៅ​ រង់ចាំមើល​កណ្តាប់ដៃអាជ្ញាធរមានសមត្ថកិច្ច​ក្នុងការបង្ក្រាបជនដែលពាក់ព័ន្ធក្នុងបញ្ហាបទល្មើសព្រៃឈើ ។

ក៏ប៉ុន្តែអាចនិយាយបានថា បញ្ហាបទល្មើសព្រៃឈើនេះ មិនមែនត្រូវ ខ័ណ្ឌបញ្ចប់​ត្រឹមមនុស្សប៉ុន្មាននាក់ ដែលសមត្ថកិច្ចចាប់ខ្លួន​នៅខេត្ត​មណ្ឌលគិរី​ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទេ ។ ទាំងនៅខេត្តមណ្ឌលគិរី ក៏ដូចជារតនគិរី រួមទាំងខេត្តពោធិ៍សាត់ផង មានជនពាក់ព័ន្ធនឹងបញ្ហាបទល្មើស ពោលគឺទាំងឈ្មួញ និងស្ថាប័នជំនាញ ច្រើនទៀត ដែលត្រូវ​ចាប់បញ្ជូនឲ្យតុលាការ ។ ដូច្នេះ ក្នុងនាមប្រជាពលរដ្ឋ ខ្ញុំបាទជឿជាក់ថា អាជ្ញាធរ​មិន​បញ្ឈប់សកម្មភាព ​ក្នុងការបង្ក្រាប និងនាំយកជនដែលពាក់ព័ន្ធ​យកមកផ្តន្ទាទោស​នោះឡើយ គ្រាន់តែមុននិងក្រោយប៉ុណ្ណោះ ។ ថ្ងៃនេះអ្នកប្រព្រឹត្តល្មើស​ ដែលមិនទាន់ជាប់គុក ក៏ដូចជាសមត្ថកិច្ចជំនាញមួយចំនួន អាចនៅសើចចំអកឲ្យអ្នកដែលចូលគុកមុននោះបាន ប៉ុន្តែមិនប្រាកដថា អ្នកអាចគេចផុត​ពីសំណាញ់ច្បាប់ជាដរាបនោះទេ ។ យើងខ្ញុំជា​ប្រជាពលរដ្ឋគិតថា យុត្តិធម៌នៅក្រោមមេឃពិតជាមាន គ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖