តាមរយៈការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាការបញ្ជាក់បន្ថែមរបស់ប្រមុខរាជរដ្ឋាភិបាលថា ការទទួលទានសាច់ជ្រូក មិនមានបញ្ហាប៉ះពាល់ដល់សុខភាពអ្វីនោះឡើយ ។ ក្រសួងសុខាភិបាលបានប្រកាសថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនអាចឆ្លងដល់មនុស្សបាននោះទេ ។ បើទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែខ្លាចរអា មិនទាន់ទទួលទានសាច់ជ្រូកឲ្យស្និទ្ធដូចមុនៗឡើយ ស្របពេលដែលមានការធ្លាយវីដេអូ នៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីការដែលទីតាំងសតឃាតមួយកន្លែងបង្ហាញអំពីសាច់ជ្រូក ដែលមានស្នាមខ្មៅអុចៗ ដែលគេសន្និដ្ឋានថា ជាសាច់របស់ជ្រូកដែលមានជំងឺ ។ បើទោះជាយ៉ាងណាក៏ដោយ សាច់ជ្រូកនោះ មានវាយត្រាត្រឹមត្រូវពីមន្ត្រីជំនាញខាងបសុពេទ្យ ។
នៅក្នុងវីដេអូដែលបានចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញថា សាច់ជ្រូកដែលមានជំងឺ ត្រូវបានវាយត្រាយ៉ាងត្រឹមត្រូវ ដើម្បីយកទៅលក់នៅតាមទីផ្សារ ប្រការនេះខ្ញុំបាទជាប្រជាពលរដ្ឋមិនដឹងថា តើអ្នកវាយត្រានោះ មកពីស្ថាប័នណាឲ្យពិតប្រាកដ ឬមួយក៏ត្រានោះត្រូវបានផ្ញើឲ្យក្រុមអ្នកកាប់ជ្រូកជួយវាយនៅមុនពេលដែលសាច់ជ្រូកត្រូវបាននាំចេញទៅកាន់ទីផ្សារ ដោយគ្មានមន្ត្រីជំនាញពិនិត្យសុខភាពសត្វ មុនពេលសម្លាប់ ឬក៏សម្លាប់ហើយនោះទេ ។ នៅក្នុងវីដេអូដែលត្រូវបានចែករំលែក ក្រៅពីមើលឃើញដោយផ្ទាល់ថា សាច់សត្វជ្រូកមានជំងឺត្រូវបានវាយត្រាដើម្បីនាំទៅកាន់ទីផ្សារនោះ ទីសតឃាតជ្រូកនោះមិនមានអនាម័យត្រឹមត្រូវនោះឡើយ ។ គេឃើញមានមនុស្សដើរចុះឡើងនៅលើគំនរសាច់ជ្រូក ដែលត្រៀមនាំទៅកាន់ទីផ្សារ ។
ករណីនេះវាជាការទទួលខុសត្រូវរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ។ ឃើញទិដ្ឋភាពមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបែបនេះ ធ្វើឲ្យខ្ញុំបាទស្រមៃថា តើនៅភ្នំពេញមានទីកន្លែងពិឃាតជ្រូកប៉ុន្មានទៅ ដែលមានទិដ្ឋភាពដូចក្នុងវីដេអូនេះ ។ ខ្ញុំបាទ ធ្លាប់តែឃើញគេដឹកសាច់ជ្រូកតាមម៉ូតូ រីយីករយាកគ្មានសណ្តាប់ធ្នាប់ ដែលជួនកាលជើងជ្រូកអូសលើថ្នល់ហុដីទ្រលោម ហើយចួនកាលមានមនុស្សអង្គុយលើសាច់ជ្រូក លើកន្ទុយម៉ូតូនោះទៀតផង ។ ប៉ុន្តែនៅពេលដែលឃើញសាច់ជ្រូកនៅទីសតឃាតនោះពិតជាបញ្ជាក់ច្បាស់ថា គ្មានឡើយអនាម័យ ហើយថែមទាំងសាច់ជ្រូកដែលមានស្នាមអុចៗខ្មៅៗ ត្រូវបានវាយត្រាសម្រាប់នាំទៅកាន់ទីផ្សារទៀតផង ។ សំឡេងម្ចាស់សតឃាត ប្រាប់ថា មិនមែនជាជ្រូកឈឺទេ គឹដោយសារមូសខាំសាច់ជ្រូកនោះ បណ្តាលឲ្យមានស្នាមអុចខ្មៅៗ(Sic) ។
ប្រការនេះ ស្ថាប័នជំនាញមានសមត្ថកិច្ចគួរពិនិត្យឲ្យបានល្អិតល្អន់ មិនមែនដូចករណីដែលបានបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុកបែបនេះទេ ។ គេជឿថា ទិដ្ឋភាពដែលបានបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុក ពីទីសតឃាតមួយនោះ គឺនៅទីកន្លែងផ្សេងទៀតក៏មិនខុសគ្នាប៉ុន្មានដែរ ពោលគឺសាច់ជ្រូកដែលមានស្នាមអុចខ្មៅត្រូវបានគេវាយត្រាបញ្ជូនទៅកាន់ទីផ្សារ ដើម្បីចែកចាយឲ្យប្រជាពលរដ្ឋទទួលទាន ។ ប្រការនេះ ស្ថាប័នជាតិគួរតែមានការត្រួតពិនិត្យទៅលើមន្ត្រីដែលមានសមត្ថកិច្ចត្រួតពិនិត្យសាច់ជ្រូកមុននឹងចែកចាយទៅលើទីផ្សារឲ្យបានច្បាស់លាស់ ។ ប្រជាពលរដ្ឋខ្លះនិយាយថា ត្រារបស់មន្ត្រីបសុព្យាបាលត្រូវបានផ្ញើនឹងអ្នកកាប់ជ្រូក ដោយនិយាយថា«ពេលអ្ហែងកាប់(ជ្រូក)ហើយ វាយត្រាឲ្យអញផង!» ហើយពួកមន្ត្រីទាំងនោះ ចាំតែមករាប់លុយពីថៅកែសតឃាតតែប៉ុណ្ណោះ ។ នេះគឺជារឿងរ៉ាវក្រោយឆាករបស់សតឃាតជ្រូកនៅភ្នំពេញ ៕ ប្រជាពលរដ្ឋម្នាក់