ថ្នាក់ដឹកនាំហុងកុង នឹងមិនធ្វើសម្បទានអ្វីឡើយសម្រាប់ក្រុមបាតុករ ដែលនៅតែបន្តធ្វើបាតុកម្ម ជាច្រើនសប្តាហ៍កន្លងមក។ មេដឹកនាំកោះហុងកុង លោកស្រី Carrie Lam បាននិយាយថាបណ្ដា ក្រុមហ៊ុន និងសហគ្រាសទាំងអស់ កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងពីផលវិបាកបង្កឡើង ដោយបាតុកម្មតវ៉ា ដែលបាន និងកំពុងវាយប្រហារលើសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង ប្រៀបបាន ទៅនឹង «រលកយក្សស៊ូណាមិ»។
ការកត់សម្គាល់ខាងលើរបស់លោកស្រី Lam កើតមានឡើង នៅចំពេលដែលក្រុមបាតុករគាំទ្រ លិទ្ធិប្រជាធិបតេយ្យ ប្រមូលផ្ដុំគ្នាធ្វើការតវ៉ាសាជាថ្មីរយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃសុក្រ នេះ នៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងហុងកុង បើទោះជាមានការព្រមានពីចិនក៏ដោយ។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង បានផ្ទុះឡើងអស់រយៈពេលជាច្រើនសប្ដាហ៍ មកហើយ ដោយពេលនេះក្រុមបាតុករ មិនមែនត្រឹមតែតវ៉ាប្រឆាំងជំទាស់នឹងច្បាប់ធ្វើបត្យាប័ន ជនសង្ស័យទៅកាន់ចិនដីគោក ទៀតនោះទេ។ ពោលគឺពួកគេចង់ឱ្យលោកស្រី Lam ចុះចេញពី តំណែងតែម្ដង។
លោកស្រីស្រី Lamបានបញ្ជាក់យ៉ាងមឹងម៉ាត់ថា «ចំពោះដំណោះស្រាយផ្លូវនយោបាយ ខ្ញុំយល់ថា យើងមិនអាចនឹងត្រូវធ្វើសម្បទានអ្វីសោះឡើយ ដើម្បីឱ្យក្រុមបាតុករបិទមាត់ នៅស្ងៀម។ ពីព្រោះ ពួកគេនេះ ជាអ្នកបាតុកម្មហិង្សា។»
ថ្នាក់ដឹកនាំហុងកុងលោកស្រី ការី ឡាំ ប្រកាសនៅថ្ងៃសុក្រ ទី៩សីហា ថារដ្ឋបាលហុងកុងនឹងមិនធ្វើសម្បទានអ្វីឡើយសម្រាប់ក្រុមបាតុករ។ ហ្វូងបាតុករដែលលោកស្រីចាត់ទុកថាជាក្រុមអ្នកប្រើហិង្សា បង្កភាពវឹកវរនៅហុងកុង។ ចំណែកក្រុមបាតុករគាំទ្រប្រជាធិបតេយ្យហុងកុងវិញ ទាមទារឱ្យលោកស្រី ការី ឡាំ ចុះចេញពីតំណែង ហើយរៀបចំការបោះឆ្នោតជ្រើសថ្នាក់ដឹកនាំថ្មី។ ក្រុមបាតុករបានប្រកាសបន្តធ្វើបាតុកម្ម បីថ្ងៃជាប់គ្នា នៅព្រលានយន្តហោះអន្តរជាតិហុងកុងតែម្តង។
«ចំពោះដំណោះស្រាយផ្លូវនយោបាយ ខ្ញុំយល់ថា យើងមិនអាចនឹងត្រូវធ្វើសម្បទានអ្វីសោះឡើយ ដើម្បីឱ្យក្រុមបាតុករបិទមាត់ នៅស្ងៀម។ ពីព្រោះ ពួកគេនេះ ជាអ្នកបាតុកម្មហិង្សា។» នេះជាប្រសាសន៍របស់ថ្នាក់ដឹកនាំហុងកុង ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន។ លោកស្រី ការី ឡាំ បន្ថែមទៀតថា «យើងត្រូវធ្វើកិច្ចការត្រឹមត្រូវអ្វីម្យ៉ាងដើម្បីហុងកុង។ ហើយអ្វីដែលជាកិច្ចការត្រឹមត្រូវនោះ គឺត្រូវបញ្ចប់ហិង្សា ហើយត្រូវឈប់បង្កភាពវឹកវរ ដូចដែលបាតុករធ្វើជាច្រើនសប្តាហ៍មកនេះ។ យើងត្រូវតែបើកទំព័រហុងកុងថ្មី។ »
ក្រៅពីគំរាមមិនធ្វើសម្បទានអ្វីទាំងអស់តាមការទាមទាររបស់ក្រុមអ្នកតវ៉ា ថ្នាក់ដឹកនាំហុងកុងលោកស្រី ការី ឡាំ ថែមទាំងព្រមានពីផលលំបាកខាងសេដ្ឋកិច្ចហុងកុង។ ពីព្រោះថា បើចង់ស្តារសេដ្ឋកិច្ចជាតិមកវិញ ឱ្យមានសភាពល្អដូចដើម គឺត្រូវស៊ីពេលយូរសម្បើមណាស់។ នេះបើតាមលោកស្រី ការី ឡាំ។ ចំពោះអាជ្ញាធរហុងកុង សេដ្ឋកិច្ចរបស់ទីក្រុងមួយនេះ បានធ្លាក់ដាំក្បាលចុះជាខ្លាំង ដែលមិនធ្លាប់មានទេ នៅក្នុងប្រវិត្តិវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន នាពេលកន្លងមក។ វិស័យឯកជនជួបប្រទះការលំបាកជាខ្លាំងដោយសារតែរងផលប៉ះពាល់នៃបាតុកម្ម។ ភ្នាក់ងារទេសចរណ៍ហុងកុងវិញ ក៏បញ្ជាក់ដែរថា ចំនួនភ្ញៀវទេសចរបរទេស ដែលមកលេងក្រុងហុងកុង បានធ្លាក់ចុះ ជាងពាក់កណ្តាលឯណោះ។ អ្នកខ្លះថែមទាំងប្រមើលមើលពីវិបត្តិនេះ អាចខូចខាតសេដ្ឋកិច្ច ដែលវាមានទំហំធ្ងន់ធ្ងរ ស្មើនឹងគ្រោះមហន្តរាយនៃព្យុះស៊ូណាមិ។
ទោះយ៉ាងណាក្តី បាតុកររាប់ពាន់នាក់នៅហុងកុង នៅតែបន្តការតវ៉ារបស់ខ្លួនជាបន្តទៀត។ ពួកគេប្រកាសធ្វើបាតុកម្មជាប់ៗគ្នានៅថ្ងៃសៅរ៍អាទិត្យចុងសប្តាហ៍នេះ នៅព្រលានយន្តហោះអន្តរជាតិហុងកុង តែម្តង។ អ្នកបាតុកម្មខ្លះកាន់បង្ហាញផ្ទាំងបដា សរសេរជាភាសាបរទេសជាច្រើន ដូចជា បារាំង អង់គ្លេស អេស្ប៉ាញ់ ជប៉ុន ជាដើម ដើម្បីឱ្យអ្នកដំណើរភ្ញៀវទេសចរបរទេស បានយល់ជ្រួតជ្រាបកាន់តែច្បាស់ពីស្ថានការណ៍ហុងកុង។
គួរបញ្ជាក់ថា ចំណុចមួយចម្បងក្នុងចំណោមខសំខាន់ៗ នៃការទាមទាររបស់ក្រុមបាតុករគាំទ្រប្រជាធិបតេយ្យ គឺពួកគេចង់ឱ្យលោកស្រី ការី ឡាំ ចុះចេញពីតំណែង ហើយរៀបចំការបោះឆ្នោតជ្រើសថ្នាក់ដឹកនាំថ្មី ដោយគ្មានជួយជ្រោមជ្រែង ឬការលើកបន្តុប ពីរដ្ឋអំណាចចិន៕