ទោះបីប្រទេស ប៉ាគីស្ថាបានថ្កោលទោសយ៉ាងខ្លាំង ក្រោយការដកសិទ្ធិគ្រប់គ្រងស្វ័យភាពនៅតំបន់កាស្មៀរពីរដ្ឋាភិបាលឥណ្ឌា ដោយប៉ាគីស្ថានបានកាត់ផ្តាច់រាល់ទំនាក់ទំនងជាមួយឥណ្ឌា ។ ជាមួយគ្នានោះ ក្រុមអ្នកនយោបាយនៅក្នុង តំបន់កាស្មៀរ ជាច្រើនរូបក៏ត្រូវបានចាប់ខ្លួនដោយសារតែចូលរួមធ្វើបាតុកម្មប្រឆាំង ។
ប៉ុន្តែ ក្រោយការប្រកាសបញ្ចប់ស្វ័យភាព លោកនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី ចាត់ទុកថា តំបន់កាស្មៀរ ជាសម្បុកផ្ទុកភេរវជន និងពួកចង់ផ្តាច់ខ្លួន។ ដូច្នេះ ការទាញយកតំបន់កាស្មៀរមកគ្រប់គ្រង គឺលោកចង់លុបបំបាត់ក្រុមភេរវនិយម និងអ្នកចង់ផ្តាច់ទឹកដី ហើយធ្វើឱ្យតំបន់ជួបការរីកចម្រើនសេដ្ឋកិច្ច។ ក្នុងសារថ្លែងទៅកាន់ប្រជាជាតិតាមកញ្ចក់ទូរទស្សន៍ ប្រមាណ៤០នាទី, លោក ម៉ូឌី បានសន្យារៀបចំការបោះឆ្នោតនៅកាស្មៀរ និងធ្វើឱ្យកាស្មៀរក្លាយជាឋានសួគ៌។
ប៉ុន្តែ ភាគីប៉ាគីស្ថាន មួម៉ៅក្តៅកាន់តែខ្លាំង ហើយថែមទាំងអះអាងថានឹងប្តឹងឥណ្ឌា ទៅកាន់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
លោក នារិន្ត្រា ម៉ូឌី ធ្វើសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍រយៈពេល ប្រមាណ ៤០នាទី ដើម្បីលួងលោមចិត្តពលរដ្ឋក្នុងតំបន់ និងពលរដ្ឋឥណ្ឌាខ្លួនឯងថា កុំឱ្យបារម្ភជ្រុលខ្លាំងពេក។ បញ្ហានេះ នឹងវិលទៅរកភាពស្ងប់ស្ងាត់ធម្មតាវិញ នាពេលដ៏ខ្លីខាងមុខ។ ថែមពីនេះ លោក ម៉ូឌី បានសន្យាថានឹងរៀបចំតំបន់កាស្មៀរឱ្យបានល្អ ដោយមានរដ្ឋបាលគ្រប់គ្រងត្រឹមត្រូវតាមបែបឥណ្ឌា ហើយការបោះឆ្នោតមូលដ្ឋានជ្រើសរើសថ្នាក់ដឹកនាំតំបន់កាស្មៀរ ក៏នឹងត្រូវរៀបចំបោះឆ្នោតក្នុងពេលឆាប់ៗនេះដែរ។
ទោះយ៉ាងណាក្តី លោក ម៉ូឌី នៅតែអះអាងថា ការដែលរដ្ឋាភិបាលឥណ្ឌារបស់លោកសម្រេចចិត្តលុបចោលលក្ខន្តិកៈពិសេសកាស្មៀរ ហើយមកគ្រប់គ្រងក្នុងរដ្ឋសហព័ន្ធនេះ គឺជាការសម្រេចចិត្តត្រូវ ហើយជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រទៀតផង។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រី ម៉ូឌី ក៏បញ្ជាក់ហេតុផលមួយទៀតដែរ ចំពោះការសម្រេចចិត្តរបស់ឥណ្ឌា យកកាស្មៀរមកកាន់កាប់ គឺដើម្បីទប់ទល់នឹងពួកភេរវជន ដែលបង្កប់ខ្លួននៅក្នុងតំបន់កាស្មៀរនេះ។
ចំណុចដែលសំខាន់ជាងនេះទៀត គឺប្រមុខរដ្ឋឥណ្ឌា ប្តេជ្ញាជួយកសាងអភិវឌ្ឍសេដ្ឋកិច្ចកាស្មៀរឱ្យរីកចម្រើនជឿនលឿន ដូចជា ត្រូវតភ្ជាប់រថភ្លើង បញ្ជូនក្រុមហ៊ុនបច្ចេកវិជ្ជាទៅរកស៊ី និងកសាងទីនេះ ហើយត្រូវស្ថាបនាហេដ្ឋាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ចឱ្យត្រចះត្រចង់ … និយាយរួម គឺលោកចង់ធ្វើឱ្យកាស្មៀរក្លាយជាឋានសួគ៌តែម្តង។
នាយករដ្ឋមន្ត្រីឥណ្ឌាបានបញ្ជាកថា«ខ្ញុំជឿជាក់យ៉ាងមុតមាំថា បែបបត់គ្រប់គ្រងថ្មីនៅតំបន់ Jamu និង Kashmir គឺអាចឱ្យយើងចម្ចាត់ចោលពួកក្រុមភេរវជន និងពួកចង់ផ្តាច់ខ្លួន ផ្តាច់ទឹកដី ដែលចូលដៃជើងជាមួយភេរវជន»។
តំបន់ Jamu និង Kashmir នឹងក្លាយជាឋានសួគ៌លើផែនដីយើងនេះ ហើយនឹងនាំមកនូវការអភិវឌ្ឍយ៉ាងរីកចម្រើន ព្រមទាំងទាក់ទាញពិភពលោកឱ្យងាកមកចាប់អារម្មណ៍តំបន់យើងនេះ។
ពលរដ្ឋនឹងទទួលបានផលប្រយោជន៍សេវាសង្គមដែលចាំបាច់ និងដែលគួរតែទទួលបាន ដោយគ្មានឧបសគ្គ គ្មានការលំបាករារាំងទៀតឡើយ។»
ទោះបីជានាយករដ្ឋមន្ត្រីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី ថ្លែងយ៉ាងនេះក្តី ក៏មាន អ្នកវិភាគស្ថានការណ៍ នៅតែមិនជឿលោកទាំងស្រុងនេះដែរ។ នាយក និពន្ធកាសែតឥណ្ឌាថ្ងៃនេះ India Today បានរិះគន់ថា គេមិនត្រូវ ជឿតែ លើសម្តីរបស់លោកម៉ូឌីទេ ត្រូវមើលសកម្មភាពជាក់ស្តែង។ ការដែលដាក់ តំបន់កាស្មៀរឱ្យស្ថិតក្រោមអំណាចផ្តាច់មុខរបស់ក្រុងញូវដេលី គឺមិនអាចដោះ ស្រាយបញ្ហាបានឡើយ។ មិនតែប៉ុណ្ណោះ កាន់តែធ្វើឱ្យមានបញ្ហាទៅវិញទេ។ នេះបើតាមអ្នកវិភាគនៅកាសែត India Today។
ប៉ាគីស្ថាននឹងប្តឹងឥណ្ឌាទៅអង្គសហប្រជាជាតិ។ តើអ្វីទៅជាជំហរជាក់ស្តែងរបស់ថ្នាក់ដឹកនាំប៉ាគីស្ថាន ?
ចំពោះថ្នាក់ដឹកនាំប៉ាគីស្ថាន ទង្វើរបស់ឥណ្ឌា គឺពិតជាមិនអាចទទួលយកបានសោះឡើយ ហើយប៉ាគីស្ថានយល់ថា ឥណ្ឌាអសីលធម៌ណាស់ ចំពោះសកម្មភាពបំពានទៅលើតំបន់ស្វ័យតកាស្មៀរនាពេលប៉ុន្មានថ្ងៃមកនេះ។ នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន លោក Imran Khan ស្តែងចេតនាចង់ប្តឹងឥណ្ឌា ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ របស់អង្គសហប្រជាជាតិ ដើម្បីជួយរកដំណោះស្រាយ។ ទោះបីយ៉ាងណាក៏ដោយ ប៉ាគីស្ថាន ដែលមានគ្រាប់បែកនុយក្លេរអ៊ែរនេះ នៅតែខាំមាត់មិនប្រើធម៌ក្តៅ ដោយយោធានោះទេ។ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ថានឹងរកផ្លូវដោះស្រាយតាមនយោបាយ ការទូត ហើយ និងផ្លូវច្បាប់។
ប្រភព័ត៌មានជាបន្តបន្ទាប់ផ្សាយថា ជាប្រតិកម្មភ្លាមៗរបស់ ប៉ាគីស្ថាន គឺ បានកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគជាមួយឥណ្ឌា ហើយប៉ាគីស្ថាន ថែមទាំងដាច់ផ្តាច់ចំណងទូតថែមទៀត ដោយដេញទូតឥណ្ឌាចេញពីប្រទេស និងកោះហៅទូតរបស់ខ្លួនឱ្យចូលស្រុកវិញ។
ក៏ប៉ុន្តែ ក្នុងស្ថានភាពដ៏តានតឹងនេះ ប៉ាគីស្ថាន និងឥណ្ឌា សុទ្ធសឹងតែបានត្រៀមកងទ័ព និងក្រុមទាហានយោធាគ្រាក់ៗរបស់ខ្លួន រៀងៗខ្លួនរួចស្រេចទៅហើយ។ ក្នុងតំបន់កាស្មៀរពេលនេះ មានពលរដ្ឋជាង៨លាននាក់ តែកងទ័ពប្រដាប់អាវុធបានកើនឡើងច្រើនៗជាបន្តបន្ទាប់។ គេអាចចាត់ទុកថា ជាតំបន់ដែលត្រៀមកងទ័ពសម្រាប់ប្រយុទ្ធ ច្រើនជាងគេលើលោកផង។
អង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុប អំពាវវនាវឱ្យប្រទេសទាំងពីរ បន្ធូរភាពតឹងតែងឱ្យនៅសល់ទាបបំផុត ហើយត្រូវរកផ្លូវដោះស្រាយដំបៅចាស់ ដែលជាជម្លោះប្រវត្តិសាស្ត្រ
ប្រមុខការទូតសហភាពអឺរ៉ុប លោកស្រី Federica Mogherini ក៏បានហៅទូរសព្ទ ដោយផ្ទាល់ទៅថ្នាក់ដឹកនាំឥណ្ឌា និងប៉ាគីស្ថាន ហើយលោកស្រីទទូចឱ្យប្រទេសទាំងពីរចរចាគ្នា ដែលនេះជាមធ្យោបាយតែមួយគត់ ដើម្បីធានាសន្តិសុខ។
ចំណែក អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងក្តីព្រួយបារម្ភជាខ្លាំងចំពោះស្ថានការណ៍តានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន។ លោក Antonio Guterre បានស្នើសុំឱ្យភាគីទាំងពីរសម្រន់កម្តៅ ឱ្យទាបបំផុត និងសូមកុំធ្វើសេចក្តីសម្រេចចិត្តណាដែលបង្កឱ្យអសន្តិសុខក្នុងតំបន់កាន់តែធ្ងន់ធ្ងរ។ ក្នុងសភាពជាក់ស្តែងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានទទូចឱ្យឥណ្ឌា បន្ថយកណ្តាប់ដៃបន្តិច ចំពោះការរឹតត្បិតការធ្វើចរាចរណ៍ និងការចាប់ខ្លួនមនុស្សជាង៥០០នាក់ក្នុងតំបន់កាស្មៀរ។ អង្គការសហប្រជាជាតិ យល់ថា នេះជាការរំលោភសិទ្ធមនុស្ស ពីសំណាក់ឥណ្ឌា។
ទន្ទឹមគ្នានេះ កញ្ញា ម៉ាឡាឡា Malala Yousafzai ជ័យលាភីណូបែលសន្តិភាព និងជាជនជាតិប៉ាគីស្ថាន ដែលធ្លាប់រងការវាយប្រហារពីក្រុមភេរវនិយម បានថ្លែងក្តីបារម្ភពីសុវត្ថិភាពកុមារ និងស្ត្រី។ នាងយល់ថា ពេលនេះ កុមារ និងស្ត្រីរងទុក្ខយ៉ាងខ្លាំង ខ្លាំងជាងការប៉ះទង្គិចណាៗទាំងអស់នៅក្នុងចំណោមជម្លោះជាច្រើនរវាងប៉ាគីស្ថាន និងឥណ្ឌា។ ជ័យលាភីណូបែលសន្តិភាព រូបនេះ ស្នើឱ្យភាគទាំងពីរនាំមនុស្សទៅរកសន្តិភាព។ ទោះបីជាមានវប្បធម៌ខុសគ្នា សាសនាខុសគ្នា ទំនៀមទម្លាប់ផ្ទុយគ្នាក្តី តែនាងជឿថា មនុស្សពិតជាអាចរស់នៅជុំគ្នាក្នុងសន្តិភាព៕