ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ប្រឈមនឹងខ្យល់ព្យុះ សម្ពាធទាប ភ្លៀងធ្លាក់ខ្លាំងក្លាយជាទឹកជំនន់

ចែករំលែក៖

ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន ក្នុងនោះ មានទាំង កម្ពុជា វៀតណាម ថៃ ស្រីលង្ការ​ មីយ៉ានម៉ា … ជាដើម ប្រឈមនឹងគ្រោះទឹកជំនន់ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ។

នៅក្នុងប្រទេសថៃ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅឯតំបន់ ថាសុងយ៉ាង (Tha Song Yang) ដែលជាស្រុកស្ថិតនៅភាគពាយ័ព្យបំផុតនៃខេត្តតាក (Tak) ប្រទេសថៃ បានបង្កជាគ្រោះរអិលបាក់ដីជាច្រើនកន្លែង ដែលបានឆក់យកជីវិតមនុស្ស ០២នាក់ហើយ។

ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយថៃសាកសពជនរងគ្រោះទី ២ នៅក្នុងគ្រោះរអិល បាក់ដីត្រូវបានគេរកឃើញនៅថ្ងៃសុក្រនេះ នៅក្នុងស្រុក Tha Song Yang បន្ទាប់ពីសាកសព ជនរងគ្រោះទី ១ ក៏ត្រូវបានគេរកឃើញផងដែរកាលពីថ្ងៃពុធ។ ចំណែកឯអាជ្ញាធរ និងក្រុមអ្នកជួយសង្រ្គោះនៅតែបន្តការងាររបស់ពួកគេក្នុងការផ្ដល់ជំនួយដល់ប្រជាជនរងគ្រោះ និងតាមស្វែងរកអ្នកដែលត្រូវបានគេរាយការណ៍ថាបាត់ខ្លួន។

ចំណែកស្រីលង្កានឹងត្រូវប្រឈមមុខនឹងគ្រោះទឹកជំនន់លាយឡំជាមួយភ្លៀង និងខ្យល់បក់ យ៉ាងខ្លាំងនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដោយសារតែអាកាសធាតុអាក្រក់។ អាជ្ញាធរឧតុនិយមស្រីលង្កាបានឱ្យដឹងទៀតថា ខ្យល់បក់ខ្លាំងអាចនឹងមានល្បឿនចន្លោះពី ៥០-៦០គីឡូម៉ែត្រក្នុងមួយម៉ោង នៅតាមតំបន់នៃខេត្តភាគខាងជើង, ភាគកណ្ដាល និងភាគពាយ័ព្យប្រទេស ព្រមទាំងទីក្រុងទ្រីនកូម៉ាលី (Trincomalee) នៃតំបន់ភាគខាងកើត និងទីក្រុងម៉ាតាឡេ (Matale) ស្ថិតនៅភាគកណ្ដាលផងដែរ។

ក្រៅពីតំបន់អាស៊ាន នៅកោះតៃវ៉ាន់ និងចិនដីគោក កំពុងតែប្រឈម ព្យុះទី​៩នៅក្នុងឆ្នាំ​២០១៩នេះ ។បច្ចុប្បន្ន ចិនជម្លៀសប្រជាជនជាង១លាននាក់ទៅកាន់ទីកន្លែងសុវត្ថិភាព

ប្រជាជនចិនប្រមាណជាង១លាននាក់រស់នៅក្នុងទីក្រុង វិនលីង (Wenling) ស្ថិតក្នុងខេត្តជីជាំង (Zhejiang) និងទីក្រុងសៀងហៃ ត្រូវបានអាជ្ញាធរជម្លៀសទៅរកកន្លែង​មានសុវត្ថិភាព ដោយសារតែព្យុះទីហ្វុងឡេគីម៉ា (Lekima) កំពុងតែបង្កខ្យល់បោកបក់យ៉ាងសន្ធប់ លាយឡំនិងភ្លៀងធ្លាក់យ៉ាងគំហុក ដែលបានបង្កទៅជាគ្រោះរអិលបាក់ដី នៅក្នុងតំបន់ជាប់សមុទ្រភាគខាងកើតប្រទេស។

អាជ្ញាធរចិនបានអះអាងថា ព្យុះទីហ្វុងឡេគីម៉ាបានបង្កជាខ្យល់បោកបក់ក្នុងល្បឿន ១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាជាព្យុះទីហ្វុងទី ៩ ហើយដែលបានបោកបក់មកលើទឹកដី​ចិននៅក្នុងអំឡុងឆ្នាំ២០១៩ នេះតែម្តង។ សម្រាប់បណ្តាខេត្តដែលបាននិងកំពុងទទួលរងគ្រោះ​ដោយសារព្យុះនេះមានដូចជា អានហ៊ុយ (Anhui), ហ៊្វូចៀន (Fujian), ជាំងស៊ូ (Jiangsu) និងជីជាំង (Zhejiang) ដែលសុទ្ធសឹងជាខេត្តជាប់តំបន់ឆ្នេរសមុទ្រភាគខាងកើត និងឦសានចិន ៕


ចែករំលែក៖