ក្នុងនាមប្រជាពលរដ្ឋម្នាក់ ស្តាប់ការជជែកវែកញែករបស់មិត្តភក្តិនៅតាមហាងកាហ្វេ ក៏ដូចជានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញឲ្យឃើញថា សសរស្ពានព្រែកតាមាក់ សង់ខុសបច្ចេកទេស ទើបបានជាត្រូវស្រឡាងដឹកខ្សាច់បុកគៀបជាប់បីបួនថ្ងៃហើយ មិនអាចទាញចេញបាន ។ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាអាជ្ញាធរខេត្តកណ្តាលប្រឹងប្រែងបែកញើសជោកខ្នង នៅតែមិនអាចរុញស្រឡាងនោះឲ្យផុតពីបង្គោលស្ពានបានឡើយ ។ មតិជាច្រើននៅតាមហាងកាហ្វេ ក៏ដូចជានៅក្នុងបណ្តាញទំនាក់ទំនងសង្គមចំអកថា មកពីវិស្វករជនជាតិសង់ស្ពានខុសបច្ចេកទេស ទើបធ្វើឲ្យសាឡងដឹកខ្សាច់គេចចុះគេចឡើងបុកបង្គោលស្ពាននោះតែម្តង ។
ក្រសួងសាធារណការ និងដឹកជញ្ជូនអំពាវនាវហៅរកអ្នកមានសមត្ថភាពជំនាញពិតប្រាកដឲ្យជួយបញ្ចេញថ្វីដៃក្នុងការរុញច្រានសាឡង់នោះឲ្យផុតពីសសរស្ពានព្រែកតាមាក់ ។ នៅឯបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអ្នកខ្លះបញ្ចេញយោបល់ថា គួរតែសែនព្រេនជ្រូកខ្វៃ, ចេក ឬលេងភ្លេងពិណពាទ្យ៧បទថ្វាយអ្នកតាម្ចាស់ទឹកដី ដើម្បីឲ្យសាឡង់នោះអាចរំកិលខ្លួនផុតពីសសរស្ពាន… អ្នកខ្លះថា បើជំនាន់ដើមវិញ ទាល់តែអញ្ជើញស៊ុន អ៊ូខុង មហាទេពស្មើមេឃ ទើបអាចជួយសាឡង់បូមខ្សាច់នេះរួចផុតពីការទើរនៅលើបង្គោលស្ពាន… មតិខ្លះលើកថា វាជាការបំផ្លិចបំផ្លាញសម្បត្តិរដ្ឋយ៉ាងពិតប្រាកដ… អ្នកខ្លះថា តើម្ចាស់សាឡង់បូមខ្សាច់នោះជានរណា? វិធានការចាំបាច់ពេលនេះ គឺត្រូវធ្វើយ៉ាងណាឲ្យសាឡង់បូមខ្សាច់ចេញផុតពីបង្គោលស្ពាន ដែលសូម្បីតែក្រសួងសាធារណការ ក៏អំពាវនាវរកអ្នកមានសមត្ថភាពជួយដែរ ។
ខ្ញុំបាទឮថា អ្នកជំនាញជនជាតិវៀតណាម ក៏បានមកមើលស្ថានភាពនៃការជាប់គាំងនៅនឹងបង្គោលស្ពានរបស់សាឡង់បូមខ្សាច់នោះដែរ ប៉ុន្តែមិនអាចមានវិធី ក៏ព្រោះតែទឹកកំពុងហូរខ្លាំង ។ ទាំងសាឡង់ និងខ្សាច់មានទម្ងន់ជិត២ពាន់តោនទៅហើយ ដូច្នេះ វាគួរឲ្យអាសូរបង្គោលស្ពានព្រែកតាមាក់នោះណាស់ ។ អ្នកបច្ចេកទេសជនជាតិចិនមិនគួរសង់បង្គោលស្ពានបណ្តាលឲ្យរងគ្រោះដល់សាឡង់បូមខ្សាច់យ៉ាងនេះទេ ។ ស្ពាននេះវាជាសមិទ្ធផលដ៏ធំរបស់ជាតិ និងប្រជាជនកម្ពុជា រីឯសាឡង់បូមខ្សាច់ វាគ្រាន់តែជាផលប្រយោជន៍បុគ្គលឈ្មួញឯកជនប៉ុណ្ណោះទេ ។ គ្រាន់តែរកវិធីបូមខ្សាច់ចេញពីសាឡង់ ក៏មិនអាចទៅរួច? ព្រោះតែផលប្រយោជន៍បុគ្គល ដោយសារតែការស្តាយខ្សាច់? ឬក៏ដោយសារចរន្តទឹកបុកខ្លាំងមិនអាចបូមខ្សាច់ចេញពីសាឡង់នោះបាន?
ក្នុងនាមប្រជាពលរដ្ឋម្នាក់ សែនអាណិតបង្គោលស្ពានព្រែកតាមាក់ ដែលត្រូវសាឡង់បូមខ្សាច់បុក ទាំងទទឹងទទែង…? នេះដោយសារតែបង្គោលស្ពានរឹងមាំ បើសិនជាល្មមៗ មុខជាត្រូវបាក់ដោយសារទម្ងន់សាឡង់ និងខ្សាច់ដល់ទៅ២ពាន់តោននោះឯង? គ្មានទេផែនការសម្រាប់ផ្តន្ទាទោសថៅកែសាឡង់? ពីព្រោះវាជារឿងចៃដន្យ ដោយសារតែអ្នកបើកបរសាឡង់ដឹកខ្សាច់គេចចេញពីនាវាដឹកអ្នកទេសចរណ៍? នេះជាហេតុផលសមរម្យ ដែលគេមិនទម្លាក់ការទទួលខុសត្រូវទៅលើថៅកែបូមខ្សាច់? បើសិនជាសាឡង់បូមខ្សាច់មិនគេចពីនាវាដឹកភ្ញៀវទេសចរណ៍ក៏មិនមានរឿងយ៉ាងដូច្នេះដែរ? ដូច្នេះ ថៅកែសាឡង់ដឹកខ្សាច់គ្មានទោសកំហុសអ្វីទេ ផ្ទុយទៅវិញ ប្រសិនបើគ្មានបង្គោលស្ពាន ក៏សាឡង់ដឹកខ្សាច់នោះមិនមានគ្រោះថ្នាក់អ្វីដែរ ។
ឱ សមិទ្ធផលជាតិអើយ ហេតុអ្វីក៏រងគ្រោះយ៉ាងនេះ ហើយអ្នកបង្កគ្រោះថ្នាក់ក៏មិនត្រូវបានផ្តន្ទាទោសនោះដែរ ។ វាជារឿងផលប្រយោជន៍ ដែលមិនគួរបង្កការលំបាកដល់ថ្នាក់ដឹកនាំក្រសួងសាធារណការ ដាច់បាយ ដាច់ទឹក ចុះទៅអន្តរាគមន៍ទាំងយប់ទាំងថ្ងៃនោះទេ ។ រឿងខ្សាច់វាជាផលប្រយោជន៍របស់ឈ្មួញ ក្រុមហ៊ុនឯកជន ហើយវាពាក់ព័ន្ធនឹងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ។ ប៉ុន្តែនៅពេលដែលជួបបញ្ហា គឺក្រសួងសាធារណការ ជាអ្នកឈឺក្បាល ។ ហេតុដូច្នេះហើយ បានជាមិនមាននរណាប្រាថ្នាយករឿងឈឺក្បាលដាក់ខ្លួន ដោយស្នើឲ្យប្រជាជាតិជួយដោះស្រាយ ពីព្រោះថា វាមិនមែនជាការទទួលខុសត្រូវតែមួយរបស់ក្រសួងសាធារណការនោះឡើយ ។ ពិតហើយ ខ្សាច់ត្រូវយកមកបម្រើផលប្រយោជន៍នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សង្គមជាតិ ហើយក៏បានផ្តល់ការងារឲ្យកម្មករសំណង់ច្រើនណាស់ដែរ ។ ប៉ុន្តែឧបមាថា បើបង្គោលស្ពាននោះបាក់ ការខាតបង់ផលប្រយោជន៍ជាតិ ក៏ច្រើនណាស់ដែរ ។
ក្នុងនាមប្រជាពលរដ្ឋ ពិតជាសោកស្តាយចំពោះហេតុការណ៍នេះ ក៏ដូចជាថៅកែសាឡង់បូមខ្សាច់ដោយថា មិនចង់ឲ្យមានហេតុការណ៍នេះកើតឡើងទេ ។ រឿងដដែលៗនេះ ត្រូវគេលួចខ្សឹបខ្សៀវនៅតាមហាងកាហ្វេ ក៏ដូចជាបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ស្ពានឆ្លងកាត់ទន្លេសាបមួយកន្លែងទៀត ក៏រងនូវការខូចខាត ដោយសារសាឡង់បូមខ្សាច់បុកកាលពីយប់កន្លងទៅថ្មីៗនេះដែរ ។ តើបញ្ហាទាំងនេះ វាជាការទទួលខុសត្រូវរបស់ស្ថាប័នណា? តើផលប្រយោជន៍ជាតិពិតជាត្រូវជាន់ឈ្លីដោយពួកឈ្មួញក្រុមហ៊ុនឯកជនមែនឬទេ? តើគួរមានផែនការច្បាស់លាស់យ៉ាងណាសម្រាប់ការដឹកជញ្ជូនខ្សាច់ដើម្បីកុំឲ្យប៉ះពាល់បំផ្លិចបំផ្លាញផលប្រយោជន៍ជាតិបានដែរឬទេ? ៕ ប្រជាពលរដ្ឋម្នាក់