ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ រដ្ឋាករទឹកស្វយ័តភ្នំពេញប្តូរ ទម្លាប់

ចែករំលែក៖

គ្រួសារនាងខ្ញុំទើបតែបង់លុយថ្លៃទឹករួចកាលពីសប្តាហ៍ទី១ ខែធ្នូនេះទេ ស្រាប់តែ​នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋាករទឹកស្វយ័តភ្នំពេញ បានចេញវិក្កយបត្រថ្លៃទឹកមួយ ទៀត ដោយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយតម្រូវឲ្យម្ចាស់ផ្ទះទៅបង់លុយ ថ្លៃទឹកយ៉ាងយូរបំផុតថ្ងៃទី២៥ ខែធ្នូ ជាកំហិត។ ការប្រើទឹកមិនទាន់ដល់ថ្ងៃទី៣១ ខែ ធ្នូ ផង ហេតុអ្វីបានជារដ្ឋាករទឹកស្វយ័តភ្នំពេញ អាចដឹងពីចំនួនប្រើប្រាស់ ហើយចេញ វិក្កយបត្រទារមុនយ៉ាងដូច្នេះ? ករណីនេះវាបានកើតឡើងចំពោះប្រជាពលរដ្ឋនៅ តំបន់យើងខ្ញុំក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ មិនដឹងថាតើនៅទីកន្លែងផ្សេងទៀត រដ្ឋាករទឹកស្វយ័តភ្នំពេញបានទារលុយមុនការប្រើប្រាស់យ៉ាងនេះដែរ ឬទេ?

មន្រ្តីរដ្ឋាករទឹកបានប្រាប់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះថា ចាប់ពីឆ្នាំ២០២០ទៅការ ទារលុយថ្លៃប្រើប្រាស់ទឹកនឹងកំណត់ក្នុងរយៈពេល១ខែម្តង។ ការលើកឡើងយ៉ាងដូច្នេះ ហាក់ដូចជាបញ្ច្រាសទៅនឹងអ្វី ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន មិនអនុញ្ញាតឲ្យមានការយកប្រាក់មួយខែម្តងនោះឡើយ។ រឿងនេះ សម្តេចធ្លាប់បញ្ជា ឲ្យរដ្ឋាករទឹកចេញលុយសងប្រជាពលរដ្ឋរួចមកហើយ។ ហេតុអ្វីបានជារដ្ឋាករទឹកស្វយ័ត ភ្នំពេញ ក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មនៅតែបំពានការ សម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលទៀត។ កាសម្រេចថាទារលុយ១ខែម្តង ជាការ កំណត់របស់រដ្ឋាករទឹកស្វយ័តភ្នំពេញ ឬក៏ជាការបញ្ជារបស់ក្រសួងឧស្សាហកម្ម និង សិប្បកម្ម? ចេតនាបែបនេះ ដើម្បីផលប្រយោជន៍អ្វី?

វាជារឿងចម្លែកសម្រាប់រដ្ឋាករទឹកស្វយ័តភ្នំពេញ ដែលចេញវិក្កយបត្រចុងឆ្នាំដោយ មិនមើលកុងទ័រទឹកនោះឡើយ ពោលគឺវាគ្រាន់តែការប៉ានស្មានប៉ុណ្ណោះ។ សម្រាប់ គ្រួសារនាងខ្ញុំរយៈពេល២ខែគិតលុយម្តង អស់ប្រាក់ប្រមាណ៤ម៉ឺនរៀល។ ប៉ុន្តែសម្រាប់ វិក្កយបត្រចុងឆ្នាំ ដែលខាងរដ្ឋាករទឹកចេញឲ្យថ្មីៗនេះ ក្នុងរយៈពេល១ខែ គិតត្រឹមថ្ងៃ ទី៣១ ខែធ្នូ អស់៣ម៉ឺនរៀល? តើការធ្វើយ៉ាងដូច្នេះមានកំហុសឆ្គងដែរ ឬយ៉ាងណា? ប្រការនេះរដ្ឋាករទឹកស្វយ័តភ្នំពេញ ត្រូវតែបកស្រាយឲ្យបានច្បាស់លាស់ ជៀសវាង មានប្រតិកម្មពីប្រជាពលរដ្ឋ​ ពីព្រោះថារឿងទឹកនេះសហគមន៍អន្តរជាតិបានផ្តល់ អំណោយជាច្រើន ដល់ប្រជាពលរដ្ឋ មិនមែនរដ្ឋាករទឹកត្រូវស្រេកឃ្លានប្រាក់ប្រជាពល រដ្ឋនៅចុងឆ្នាំយ៉ាងដូច្នេះទេ។ ផ្ទុយទៅវិញរយៈពេល៣០-៤០ឆ្នាំមកហើយ រដ្ឋាករ ទឹកស្វយ័តភ្នំពេញបានកំណត់ ការទារប្រាក់ការប្រើប្រាស់ទឹកក្នុងរយៈពេល២ខែម្តង។ ចុះវាមានបញ្ហាអ្វីបានជាត្រូវផ្លាស់ប្តូរ ការទារប្រាក់? ហើយហេតុអ្វីបានជាមានការទារ ប្រាក់មុនការប្រើប្រាស់ទឹកយ៉ាងដូច្នេះ? ក្រៅពីឆ្លើយសំណួរនេះចំពោះប្រជាពលរដ្ឋ អ្នកប្រើប្រាស់ រដ្ឋាករទឹកស្វយ័តភ្នំពេញគួរឆ្លើយចំពោះម្ចាស់ជំនួយនានា ដែលជួយលើ វិស័យទឹកស្អាតនេះផង។

ក្នុងនាមប្រជាពលរដ្ឋពិតជាមានចម្ងល់ជាខ្លាំង ចំពោះការដែលរដ្ឋាករទឹកស្វយ័ត ភ្នំពេញបង្ខំទារប្រាក់ពីប្រជាពលរដ្ឋមុនការប្រើប្រាស់ទឹក។ វាជារឿងចម្លែកបំផុត ដែល ប្រជាពលរដ្ឋទទួលសេវាពីរដ្ឋាភិបាល ហើយត្រូវរដ្ឋាភិបាលបង្ខំឲ្យបង់ប្រាក់មុនការ ប្រើប្រាស់? បញ្ហាមិនជារឿងតូចតាចនោះទេ ប៉ុន្តែវាបានធ្វើឲ្យប្រជាពលរដ្ឋអ្នកប្រើ ប្រាស់ទឹកគ្រប់ផ្ទះ ថ្នាំងថ្នាក់ចំពោះគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល?

រឿងនេះបើដឹងដល់សម្តេចតេជោ រដ្ឋាករទឹកស្វយ័តភ្នំពេញ មុខជាចេញលុយឲ្យ ប្រជាពលរដ្ឋវិញទៀតហើយ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖