ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែល ​ជំទាស់​ការលក់​យន្តហោះ​ចម្បាំង​F-35 របស់​អាមេរិក​ទៅ​ឲ្យ​កាតារ

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីរដ្ឋមន្ត្រីក្រសួងចារកិច្ចអុីស្រាអែល កាលពីថ្ងៃទី១១ ខែតុលាថ្មីៗនេះ និយាយថា៖ អុីស្រាអែលចាំបាច់ត្រូវតែរក្សាត្តមានុភាពក្នុងវិស័យការពារជាតិនៅក្នុងតំបន់មជ្ឈិមបូព៌ាហើយអុីស្រាអែលជំទាស់ក្នុងការលក់យន្តហោះចម្បាំង​F-35 របស់អាមេរិកទៅឲ្យកាតារ

បើតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា រដ្ឋមន្ត្រីក្រសួងចារកិច្ចអុីស្រាអែល លោក Eli Cohen អះអាងថា ប្រទេសលោកជំទាស់នឹងការលក់យន្តហោះចម្បាំងអាមេរិក F-35 ទៅកាតារ បន្ទាប់ពីប្រទេសនេះទោះដាក់សំណើផ្លូវការទៅរដ្ឋាភិបាលអាមេរិកដើម្បីទិញយន្តហោះចម្បាំងប្រណីតមួយនេះ បន្ថែមពីនេះអុីស្រាអែលទំនងជាបារម្ភខ្លាំងចំពោះគម្រោងរបស់កាតារ ដ្បិតកាតារជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាដែលមានទំនាក់ទំនងល្អជាមួយអុីរ៉ង់

រដ្ឋមន្ត្រីក្រសួងចារកិច្ចអុីស្រាអែលរូបនេះ ដើម្បីឆ្លើយតបទៅនឹងសំណួរក្នុងវិទ្យុកងទ័ពនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា តើអុីស្រាអែលនឹងជំទាស់ឬទេចំពោះការលក់យន្តហោះចម្បាំង F-35 ឲ្យកាតារ ដែលឬទេ លោក Cohen និយាយថា អុីស្រាអែលនឹងជំទាស់ការលក់នេះលោក Cohen​បន្ថែមថា«​សន្តិសុខ និងត្តមានុភាពយោធារបស់យើងក្នុងតំបន់ មានសារៈសំខាន់ណាស់ ព្រោះតំបន់មជ្ឈិមបូព៌ាមិនទាន់ក្លាយទៅជាប្រទេសស្វីឡើយ

បើតាមសំណើទិញយន្តហោះ F-35 របស់កាតារនេះ ធ្វើឡើងក្រោយអាមេរិកយល់ព្រមពិចារណាក្នុងការលក់យន្តហោះប្រភេទនេះទៅឲ្យអេមីរ៉ាអារ៉ាប់រួមបន្ទាប់ពីប្រទេសនេះបានសម្រួលទំនាក់ទំនងការទូតជាមួយអុីស្រាអែលកាលពីខែសីហា ខណៈដែលអុីស្រាអែល កំពុងប្រើប្រាស់ F-35 នេះ ក៏ពុំសូវជាសប្បាយចិត្តប៉ុន្មានដែរ ចំពោះការដែលអេមីរ៉ាអារ៉ាប់រួម អាចនឹងទទួលបានយន្តហោះចម្បាំងនេះ ទោះជាយ៉ាងណាក្តី ប្រទេសទាំងពីរបង្ហាញការបារម្ភរួម គឺអុីរ៉ង់

សូមជម្រាបថា ជាទូទៅ អាមេរិក និងអុីស្រាអែលតែងពិភាក្សាគ្នាជាមុន លើសំណើក្នុងការលក់អាវុធទៅប្រទេសដទៃក្នុងតំបន់ ការអនុវត្តបែបនេះគឺដើម្បីអាចធានាថា យោធាអុីស្រាអែលនៅតែបន្តមានប្រៀបជាងប្រទេសឯទៀត ប៉ុន្តែពេលខ្លះ អាមេរិក ក៏លក់អាវុធទាំងនោះផងដែរ បើទោះបីជាអុីស្រាអែលជំទាស់ក្តី

ចំណែកកាតារ ជាប្រទេសក្នុងតំបន់ដែលរក្សាទំនាក់ទំនងការទូតជាមួយអុីរ៉ង់និងក្រុមប៉ាឡេស្ទីហាម៉ាស់ ដែលអុីស្រាអែលធ្លាប់ប្រយុទ្ធជាមួយដងរួចមកហើយនៅតំបន់ហ្កាហ្សា បន្ថែមពីនេះ កាតា​រក៏បានផ្តល់ជំនួយរាប់រយលានដុល្លារដល់ប្រជាជនប៉ាឡេស្ទីដែលរស់នៅតំបន់ដ៏ក្រីក្រនេះផងដែរ

ជាមួយគ្នានោះដែរ មន្ត្រីអុីស្រាអែលខ្លះសង្ឃឹមថា ការដែលកាតារជួយប្រជាជនប៉ាឡេស្ទីនេះហើយ អាចនឹងនាំឲ្យប្រទេសនេះភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយខ្លួន ប៉ុន្តែកាតា​រច្រានចោល ដោយលើកឡើងថាប្រទេសខ្លួនភ្ជាប់ទំនាក់ទំនងការទូតជាមួយអុីស្រាអែលដរាបណាមានកិច្ចព្រមព្រៀងសន្តិភាពរវាងអុីស្រាអែល និងប៉ាឡេស្ទី

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ប្រទេសកាតារ​ ​បានចំណាយប្រាក់ពាន់លានដុល្លារដើម្បីទិញយន្តហោះចម្បាំង F-15QA ៣៦គ្រឿងពីអាមេរិកនិងទិញយន្តហោះចម្បាំង Rafale ៣៦គ្រឿងពីបារាំងដែលមានតម្លៃជាងពាន់លានដុល្លារ មិនតែប៉ុណ្ណោះ កាតារដែលជាប្រទេសសេដ្ឋីប្រេងក្នុងតំបន់ឈូងសមុទ្រពែក្ស មានមូលដ្ឋានកងទ័ពអាមេរិកធំជាងគេនៅតំបន់ ហើយបានបង្កើនការចំណាយយោធាយ៉ាងសម្បើមប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ៕

ដោយ៖ស តារា


ចែករំលែក៖