ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហាញពី វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី១៦៖ គម្រោងកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកវារីវប្បកម្ម (CAPFISH-Aquaculture)។
លោករដ្ឋមន្ត្រីបានលើកឡើងថា, គម្រោងកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកវារីវប្បកម្ម)” មានទឹកប្រាក់ចំនួនប្រមាណ ៣៥ លានអឺរ៉ូ៖ ក្នុងនោះមានសហហិរញ្ញប្បទានពី AFD ចំនួនប្រមាណ ៥ លានអឺរ៉ូ សម្រាប់ផ្តល់ជាឥណទានឱ្យវិស័យឯកជន) ដែលកម្មវិធីនេះ មានទម្រង់ជា Project-Based Financing ដោយមានរដ្ឋបាលជលផល (FiA) ជាភ្នាក់ងារប្រតិបត្តិកម្មវិធី និងមាន AFD ជាភ្នាក់ងារគ្រប់គ្រងមូលនិធិ (Fund Administrator) ក្នុងនាម EU ។ ជាមួយគ្នានេះ មានការចូលរួមជាថវិកាបដិភាពរាជរដ្ឋាភិបាល ដែលសមមូលនឹងទឹកប្រាក់ចំនួនប្រមាណ ៣ លានអឺរ៉ូ ។
គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ០៦ ឆ្នាំ គឺគិតចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣ ។ នេះជាគម្រោងហិរញ្ញប្បទានឥតសំណងដោយសហភាពអ៊ឺរ៉ុប លើកទី១ ដែលត្រូវបានឯកភាពគ្នាឱ្យប្រើប្រាស់នីតិវិធីរួម SOPs របស់រាជរដ្ឋាភិបាល ។ កម្មវិធីនេះ ត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាល ជាមួយនិងតំណាងសហភាពអ៊ឺរ៉ុប កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្តើមអនុវត្ត ។ ជារួម គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ការអនុវត្តគម្រោងគឺសម្រេចបាន ១៥ % ធៀបនឹងពេលវេលាប្រើប្រាស់អស់ ៥៨ % ។ គម្រោងនេះ គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៣។
I. គោលបំណងរបស់កម្មវិធី
កម្មវិធី CaPFish Aquaculture មានគោលបំណង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពធន់ទៅនឹងអាកាសធាតុនិងបរិយាប័ន្ននៃវារីវប្បកម្ម ដោយបានអនុលោមទៅតាមផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ចូលរួមក្នុងសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជន និងបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ក្នុងប្រទេសកម្ពុជា និង ដើម្បីសម្រេចបាននូវសូចនាករដែលបានចែងនៅក្នុងផែនការយុទ្ធសាស្ដ្រជាតិអភិវឌ្ឍន៍វារីវប្បកម្មកម្ពុជាឆ្នាំ២០១៦-២០៣០។
សមាសភាគទី០១៖ សកម្មភាព (Activities) មានសមាសភាគរងធំៗចំនួន០៩ ដែលនឹងត្រូវអនុវត្តន៍
១. ការគាំទ្រដល់ការបង្កើនផលិតកម្មកូនត្រីរបស់ជាតិរួមទាំងប្រភេទសត្វដែលអាចធន់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ – ពូជ (SEED)
២. វាយតម្លៃភាពងាយរងគ្រោះទៅនឹងការប្រែប្រួលលអាកាសធាតុនិងផលប៉ះពាល់ជាសក្តានុពលលើវារីវប្បកម្មនិងបង្កើតប្រព័ន្ធព័ត៌មានស្តីពីហានិភ័យពាក់ព័ន្ធនឹងលទ្ធភាពទទួលបានទឹកនិងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ – ទឹក/ការផ្លាស់ប្តូរអាកាសធាតុ (WATER / CLIMATE CHANGE)
៣. ការគាំទ្រដល់ការពង្រីកនៃការប្រើប្រាស់ចំណីគ្រាប់, ការត្រួតពិនិត្យគុណភាព, និងការផលិតចំណីរបស់ជាតិ – ចំណី (FEED)
៤. លើកកម្ពស់កំរិតចំណេះដឹងនិងជំនាញរបស់មន្ត្រីក្នុងវិស័យសាធារណៈនិងឯកជន – ចំណេះដឹង (KNOWLEDGE)
៥. ការដឹកនាំ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាននៃផលិតកម្មវារីវប្បកម្មទៅលើបរិស្ថាន -បរិស្ថាន (ENVIRONMENT)
៦. ការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារនៃផលិតកម្មវារីវប្បកម្ម – គុណភាព/សុវត្ថិភាព (QUALITY/ SAFETY)
៧. ក្របខ័ណ្ឌសម្រាប់បង្កើតសេវាហិរញ្ញវត្ថុដែលអាចទទួលយកបានសម្រាប់ការអភិវឌ្ឍវារីវប្បកម្ម – ហិរញ្ញវត្ថុ (FINANCE)
៨. ពង្រឹងសមត្ថភាពអភិបាលកិច្ចនិងការចូលរួមរបស់ស្រ្តីនិងការគាំទ្រដល់កំណើនប្រាក់ចំណូលនៃគ្រួសាក្រីក្រនៅជនបទ – អភិបាលកិច្ច (GOVERNANCE)
៩. ការកែលម្អស្ថានភាពអាហារូបត្ថម្ភរបស់គ្រួសារ – អាហារូបត្ថម្ភ (NUTRITION)។
សមាសភាគទី០២៖ ជំនួយបច្ចេកទេស និងការគ្រប់គ្រងកម្មវិធី (Technical Assistance and Program Management)
II. លទ្ធផលសម្រេចបាន
១. បានបញ្ចប់ការធ្វើការអង្កេតបឋម (Baseline survey)
២. កសាងផែនការលទ្ធកម្មប្រចាំឆ្នាំ និងរយៈពេល០៤ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២០ – ២០២៣
៣. ការអនុវត្តគម្រោងវារីវប្បកម្មបន្ទាន់ ដើម្បីប្រឈមទៅនឹងបញ្ហាជំងឺកូនវីដ ១៩ (CVAR)
ក. ខេត្តគោលដៅ៖ គម្រោងនឹងអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១០ គឺកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមាន
ជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល និងតាកែវ។
ខ. គ្រោងថវិកា៖ CVAR គ្រោងនឹងចំណាយថវិកាសរុបចំនួន ១ ៣៤០ ២០២ ដុល្លាអាមេរិច។
គ. សកម្មភាពបានអនុវត្តន៍៖ បានរៀបចំរួចរាល់នូវបញ្ជីឈ្មោះកសិដ្ឋានផលិត បំប៉នកូនត្រីពូជ និងកសិករចិញ្ចឹមត្រី/កង្កែប ដែលចូលរួមក្នុងគម្រោង CVAR៖
– កសិដ្ឋានផលិត និងបំប៉ន ៦៤
– កសិករចិញ្ចឹមកង្កែប ៨៨៧ គ្រួសារ
– កសិករចិញ្ចឹមត្រីអណ្តែង ១១០៧ គ្រួសារ៕
ដោយ ៖ សិលា