ភ្នំពេញ៖ កម្ពុជានឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២២ បន្ទាប់ពីទទួលបាន «ញញួរ» ពីប្រទេសព្រុយណេដែលជាប្រធានអាស៊ានឆ្នាំ២០២១។ សម្ដេចតេជោ ហ៊ុន សែន ប្ដេជ្ញាដឹកនាំអាស៊ានឱ្យមានសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ រឹងមាំ និងបរិយាប័ន្ន ឱ្យស្របតាមស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។
សម្ដេចបានលើកឡើងថា៖ «ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបានគាំទ្រដល់រូបខ្ញុំក្នុងការដឹកនាំកម្ពុជាដែលធ្វើឱ្យខ្ញុំមានលទ្ធភាពចូលរួម ក្នុងកិច្ចការតំបន់និងអន្តរជាតិតាមរយៈអាស៊ាន» ។
កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានដើម្បី ឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត។ សម្ដេចតេជោ បានលើកឡើងថា កម្ពុជានឹងយកចិត្តទុកដាក់លើការពង្រឹងមជ្ឈភាពអាស៊ាននិងឯកភាពអាស៊ានទាំងក្នុងយន្តការតំបន់ និងទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅដោយឈរលើ មាគ៌ា និងគោលការណ៍របស់អាស៊ាន។ នេះបើតាមការថ្លែងប្ដេជ្ញាចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបិទកិច្ចប្រជុំកំពូលអាស៊ាននៅរសៀលថ្ងៃទី២៨ ខែតុលានេះ បន្ទាប់ពីចំណាយពេល៣ថ្ងៃកន្លងមក។
សម្ដេចបានថ្លែងថា៖ «អាទិភាពសំខាន់មួយទៀតគឺការជំរុញនូវការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន សំដៅពង្រឹងស្មាតីអត្តសញ្ញាណអាស៊ានតែមួយ។ ជារួមកម្ពុជានឹងបន្តកៀរគរការគាំទ្រនិងកិច្ចសហប្រតិបត្តិការដើម្បីសម្រេចគោលដៅនៃការកសាង សហគមន៍អាស៊ានទាំងបីតាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ ជាមួយគ្នានេះយើងក៏នឹងជំរុញផងដែរនូវដំណើរការរៀបចំទស្សនវិស័យសហគមន៍អាស៊ានសម្រាប់រយៈពេលក្រោយឆ្នាំ២០២៥»។
នៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជាក៏នឹងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវរាល់គំនិតផ្តួចផ្តើម និងវិធានការដែលបានឯកភាពគ្នា និង ទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដើម្បីស្ដារកំណើនសេដ្ឋកិច្ចឱ្យបានឆាប់ ក៏ដូចជាជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្ដែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួមរបស់ស្ត្រី និងយុវជននៅក្នុងការរក្សា និងកសាងសន្តិភាព និងការអភិវឌ្ឍប្រព័ន្ធការពារសង្គមប្រកបដោយបរិយាប័ន្នផងដែរ ។
កម្ពុជាក្លាយជាសមាជិកអាស៊ានទី១០ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាធ្លាប់ធ្វើជាប្រធានប្ដូរវេនអាស៊ាន ២ដងរួចមកហើយ។ លើកទី១ នៅឆ្នាំ២០០២ និងលើកទី២នៅឆ្នាំ២០១២៕
ដោយ៖ សិលា