ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល ១៥ថ្ងៃ មានយានយន្តជិត២០ម៉ឺនគ្រឿងធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹក ជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានថ្លែងថា ក្នុង រយៈ ពេល១៥ថ្ងៃនៃការបើកឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តួលេខនៃការធ្វើចរាចរណ៍មានរហូតទៅដល់ ១៩ម៉ឺនគ្រឿង។ ពោលគឺកើនឡើងជាបន្ត បន្ទាប់ ដោយនៅថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២ មានយានយន្តចរាចរណ៍តែ ៩០០០ ចរាចរណ៍ទេ លុះ មកដល់ថ្ងៃសៅរ៍ ទី៨ ខែតុលា មានរហូតទៅដល់ ១ ម៉ឺន៦ពាន់ចរាចរណ៍ រីឯថ្ងៃសៅរ៍ ទី១៥ តុលា មានចរាចរណ៍រហូតទៅដល់ ២ម៉ឺន២ពាន់ចរាចរណ៍ ដូច្នេះ ហើយនាថ្ងៃអាទិត្យ ទី១៦ ខែតុលា អាចមានចំនួនយានយន្តច្រើនជាងថ្ងៃសៅរ៍ ទី១៥។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កត់ធ្ងន់ថា កំណើនចរាចរណ៍នេះ គឺជាសញ្ញាណមួយល្អនៃការប្រើប្រាស់ផ្លូវល្បឿនលឿននៅកម្ពុជា ក៏ ប៉ុន្តែ យ៉ាងណាក៏នៅមានការសង្កេតឃើញនូវមានបញ្ហាមួយចំនួន ដូចជាការកកស្ទះនៅច្រកចូល ទោះមិនស្ទះពេញមួយថ្ងៃ ក៏ប៉ុន្តែកកស្ទះនៅក្នុងម៉ោងមមាញឹក ដោយសារកត្តាទី១ នៅច្រកផ្លូវល្បឿនលឿនបុគ្គលិកបម្រើការនៅច្រកផ្លូវមានការចំណាយពេលណែនាំច្រើន ដើម្បីចូលរួមធានាដល់សុវត្ថិភាពក្នុងការធ្វើចរាចរណ៍ ទី២ គឺអ្នកបើកបរបានរំលោភបំពានគន្លងចរាចរណ៍ ដូចជាគន្លងច្រកចូលបើកតែ៣គន្លង ប៉ុន្តែអ្នកបើកបរបានបើកបររហូតដល់ ៦គន្លង។ បន្ទាប់មកពេលដល់ច្រកចូល ក៏ងាកចង្កូតមករួមចូល៣គន្លងវិញ ដូច្នេះ ហើយទើបសង្កេតឃើញថា នៅកន្លែងច្រកចូលមានការកកស្ទះ ដោយសារការបញ្ជ្រៀតគ្នាចូល។

ក្រៅពីនេះ ចំនួនបញ្ជរក៏មិនទាន់បើកអស់ដែរ នេះគឺជាការសាកល្បងដែលបើកឲ្យចរាចរណ៍តែ៣គន្លងទេ ដែលបញ្ជរទាំងអស់មានចំនួនច្រើនជាងនេះដល់ទៅ ៧-៨ បញ្ជរ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានសង្ឃឹមថា ក្រោយពីបើកបញ្ជរទាំងអស់ ចំនួនចរាចរណ៍អាចនឹងមានការធូរស្រាលល្អប្រសើរ ហើយការណែនាំ ការធ្វើនីតិវិធីនៅច្រកបញ្ជរនឹងកាន់តែលឿនជាងមុន ក្នុងនោះ អ្នកបើកបរក៏ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ 

ចំពោះបញ្ហាគ្រោះថ្នាក់វិញ ភាគច្រើនគឺការបើកហួសល្បឿនទៅបុកប៉ះជាមួយរនាំងដែក ហើយរនាំងដែកនេះមានតួនាទីសំខាន់ណាស់ គឺជួយការពារអ្នកធ្វើចរាចរណ៍អំពីការគ្រោះថ្នាក់ដែលចាកចេញពីគន្លងធ្លាក់ចុះពីលើផ្លូវ ដែលអាចជាហេតុធ្វើឲ្យបាត់បង់ជីវិត ក៏ប៉ុន្តែនៅក្នុងរយៈ កាលនៃការដាក់ឲ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នៅមិនទាន់មានរបាយការណ៍អំពីគ្រោះថ្នាក់ដែលឈានដល់បាត់បង់អាយុជីវិតនោះទេ នេះគឺបង្ហាញអំពីប្រសិទ្ធភាពនៃផ្លូវល្បឿនលឿនដែលបែងចែកនូវចរាចរណ៍ទៅនិងមកដាច់ដោយឡែកពីគ្នា ហើយមានរបាំងជារបាដែកបាំងសម្រាប់ការពារមិនឲ្យមានយានយន្តគ្រោះថ្នាក់ធ្លាក់ចុះចេញពីផ្លូវទៅបាន។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅសងខាងផ្លូវល្បឿនលឿនកុំលែងសត្វពាហនៈឲ្យឡើងទៅលើផ្លូវល្បឿនលឿន។ ជាក់ស្ដែងបញ្ហាសត្វគោដែលធ្លាប់កើតមានកន្លងមក គឺបានធ្លាក់ចុះជាលំដាប់ ក៏ប៉ុន្តែ ក៏នៅមានជាប្រភេទសត្វចិញ្ចឹមផ្សេងៗ ដូចជាសត្វឆ្កែជាដើម នៅតែមានឡើងលើផ្លូវល្បឿនលឿន ដូច្នេះក្រសួងសូមស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋមានការចូលរួមទាំងអស់គ្នា ដើម្បីសុវត្ថិភាពទាំងបងប្អូននៅក្នុងមូលដ្ឋានផង ទាំងអ្នកធ្វើចរាចរណ៍នៅលើផ្លូវល្បឿនលឿនផង។

ចំពោះអ្នកបើកបរយានយន្តនៅលើផ្លូវល្បឿនលឿនក្រសួងក៏បានអំពាវនាវឲ្យមានការគោរពនូវច្បាប់ចរាចរណ៍ផ្លូវគោក កុំបើកហួសល្បឿនកំណត់ កុំវ៉ាជែងនៅក្នុងស្ថានភាពគ្រោះថ្នាក់ កុំបើកបរបញ្ច្រាស់ទិស កុំឈប់នៅលើគន្លងឈប់បន្ទាន់បើគ្មានការចាំបាច់ សូមពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានសមស្របមុននឹងឡើងមកប្រើប្រាស់លើផ្លូវល្បឿនលឿន និងសូមធានាថា គ្រប់យានយន្តទាំងអស់ទទួលបាននូវការត្រួតពិនិត្យលក្ខណៈបច្ចេកទេសដែលហៅថា ឆៀក តាមកាលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងបាននិងកំពុងតាមដានត្រួតពិនិត្យនឹងវាយតម្លៃទៅលើការអនុវត្តការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនធ្វើយ៉ាង ណាឲ្យក្រុមហ៊ុនបន្តជំរុញការអនុវត្តការផ្ដល់សេវា ការដោះស្រាយបញ្ហាឲ្យកាន់តែលឿន និងកាន់តែប្រសើរជូនដល់ប្រជាពលរដ្ឋតាមរយៈយន្តការបច្ចេកវិទ្យាដោយប្រើ ប្រាស់នូវទិន្នន័យឌីជីថល ដែលបានឯកភាពគ្នាដោយផ្អែកទៅលើកិច្ចសន្យាសម្បទានរវាងរាជរដ្ឋាភិ បាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC។

លោក ហ៊ាង សុទ្ធាយុត្តិ បន្ថែមថា ប្រសិនបើកម្ពុជាគ្មានសុខសន្តិភាព គ្មានការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនោះទេ ក៏គ្មានវិនិយោគិនណាប្រថុយមកវិនិយោគយកថវិកាប្រមាណជាង ២០០០ លានដុល្លារអាមេរិក យកមកបោះទុនសាងសង់ផ្លូវល្បឿនលឿន ដើម្បីកម្ពុជានោះដែរ។ ដូច្នោះហើយជាការតបស្នងទៅលើកិច្ចខិតខំប្រឹងប្រែងទាំងនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងគោលការណ៍ណែនាំផ្សេងៗ ដើម្បីផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា បានដាក់ឲ្យប្រើប្រាស់ដោយជោគជ័យ ដើម្បីប្រទេសកម្ពុជាមានការអភិវឌ្ឍន៍មួយកម្រិតថែមទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖