ខេត្តស្ទឹងត្រែង ៖ សត្វពាហនៈជាច្រើនក្បាលខេត្តស្ទឹងត្រែង ជាពិសេសនៅភូមិកំភុន ក្នុងស្រុកសេសាន កំពុងមានជំងឺចម្លែកពិបាកក្នុងការព្យាបាល ហើយមន្ត្រីជំនាញបានត្រឹមតែផ្តល់ថ្នាំ ឬចាក់ព្យាបាលនិងការពារតែប៉ុណ្ណោះ ដោយមិនបានមកពិនិត្យជាក់ស្តែងនិងកំណត់មុខសញ្ញាជំងឺឲ្យបានច្បាស់លាស់នៅឡើយទេ។
លោក កោះ សុខ កសិករចិញ្ចឹមគោនៅក្រុងស្ទឹងត្រែងបានឲ្យសារព័ត៌មានដឹងថា សត្វគោបានឈឺងាប់ជា បន្តបន្ទាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ហើយនៅពេលឈឺចាក់ថ្នាំព្យាបាលមិនជាឡើយ ព្រោះនៅឆ្នាំនេះសត្វពាហនៈកើតជម្ងឺចម្លែកខុសពីឆ្នាំមុនៗ ដូចជាធំពោះ-លាមករាក -រឹងជើង- ភ្នែកឈឺប៉ោង -មាត់ហាមិនរួច,ស៊ីអាហាផឹកទឹកមិនកើត។
លោកបន្តថា កសិករចិញ្ចឹមគោមានចាប់ពី២០ក្បាលទៅ២០០ឬ៣០០ក្បាល បានសំដែងការព្រួយបារម្ភចំពោះករណីសត្វគោកើតជំងឺឆ្លងម្តងៗ ដែលករណីនេះលោកបានទាក់ទងសុំអន្តរាគមន៍ពីមន្ត្រីជំនាញពាក់ព័ន្ធរួចហើយ តែមន្ត្រីជំនាញផ្នែកបសុព្យាបាលសត្វនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង ក៏មិន ដឹងថាជំងឺអ្វីដែរ។
លោកកោះ សុខ បន្តថា ការសុំអន្តរាគមន៍នេះមន្ត្រីផ្នែកបសុព្យាបាលសត្វបានពិគ្រោះយោបល់ និងបានត្រឹមតែឱ្យថ្នាំយកមកចាក់ខ្លួនឯងតែប៉ុណ្ណោះ មិនបានមកពិនិត្យមើលជាក់ស្តែងទេ។
លោកបញ្ជាក់ថា កាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២៣គោមេពូជ បានងាប់១ក្បាលទៀតដោយសារការកើតជម្ងឺចម្លែកនេះ ហើយទិញថ្នាំប្រភេទល្អៗមកចាក់ព្យាបាលមិនជាឡើយ។ ជំងឺសត្វគោឆ្នាំនេះ ថ្នាំយើងស្រាវជ្រាវអស់ហើយ តែជំងឺនេះវាមិនដែលឃើញ វាប្រឹងជុះអីអញ្ចឹងទៅខាងពេទ្យសត្វអីវាអត់ជាសោះ អញ្ចឹងយើងចង់សំណូមពរអ្នកមានបទពិសោទជួយផ្តល់យោបល់ឱ្យយើង ថ្នាំនេះយើងស្រាវជ្រាវអស់លទ្ធភាព អញ្ចឹងគោមានតែដាបទៅៗ ហើយវាឈឺនិងដូចជាឈឺក្នុងពោះ តែម្តងអត់ដឹងថាជំងឺអី…អញ្ចឹងចង់ឱ្យអ្នកមានបទពិសោធន៍ជួយឱ្យយោបល់មកយើង អញ្ចឹង។
បុរសឈ្មោះពៅកសិករចិញ្ចឹមគោនៅភូមិ ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា នេះជាក្តីបារម្ភរបស់កសិករដែលតែងតែពឹងផ្អែកទៅលើមុខរបរចិញ្ចឹមសត្វតាមការណែនាំ និងសំណូមពររបស់អាជ្ញាធរមួលដ្ឋាន ហើយមួយវិញទៀតមានកសិករខ្វះក៍ពឹងផ្អែកលើកំលាំងអូសទាញក្នុងការភ្ជួររាស់ ធ្វើការងារបង្កបង្កើន ផលផងដែរ។
លោកបញ្ជាក់ថា ជំងឺនេះបានកើតនៅភូមិកំភុនដូច ដែលកសិករនៅក្រុងស្ទឹងត្រែងលើកឡើង គឺមិនខុសគ្នាប៉ុន្មានទេមានជំងឺ ហើមពោះ.ហៀរសំបោរ. ហៀរទឹកមាត់. ដំបៅជើង មិនស៊ីអាហារតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា បើមានកើតជំងឺប្លែកព្យាលបានមិនជាមែននោះករណីនេះប្រជាពលរដ្ឋដែលចិញ្ចឹមគោក្របីសំរាប់លក់ ក៍ត្រូវបានខាតបង់ នៅពេលសត្វឈឺងាប់បងប្អូនមិនហ៊ានយកទៅធ្វើជាអាហាទេ ព្រោះខ្លាចកើតមានជម្ងឺឆ្លងដល់មនុស្ស ហើយកសិករធ្វើស្រែចំការនៅតាមបណ្តាស្រុកមួយចំនួន ពួកគាត់នៅពឹងផ្អែកលើគោក្របីជាកំលាំងអូសទាញនៅឡើយ។
សូមបញ្ជាក់ថា ជម្ងឺគោក្របីបានកើតឡើងមួយសប្តាហ៍មកនេះមានដូចជា .ធំពោះ-លាមករាក -រឹងជើង- ភ្នែកឈឺប៉ោង -មាត់ហាមិនរួច ស៊ីអាហាផឹកទឹកមិនកើត ហៀរសំបោរ,ហៀរទឹកមាត់,ដំបៅជើង មិនស៊ីអាហារ ជាដើម។
ចំណែកជំងីប្លែកព្យាបាលមិនជានេះគឺគោ មានអក្ការៈ ធំពោះលាមករាក -រឹងជើង- ភ្នែកឈឺប៉ោង -មាត់ហាមិនរួច ស៊ីអាហាផឹកទឹកមិនកើត ក្នុងតែរយៈពេល៣ឬ៤ថ្ងៃស្លាប់តែម្តង៕
ដោយ៖ សូរិយា