ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិន​ សម្តីបំភ្លើសរបស់អាមេរិកអំពីបាឡុងចិន

ចែករំលែក៖

ប្រទេសចិន៖​ បាឡុងអាកាសធាតុរបស់ចិនដែលបានហោះនៅលើដែនអាកាសរបស់អាមេរិកបានបង្កឱ្យក្រុមអ្នកនយោបាយនិងអ្នកកាសែតលោកខាងលិចប្រតិកម្មខ្លាំងក្លា បើទោះជាក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា “បាឡុងចារកម្ម” នោះគ្រាន់តែជាបាឡុងស្រាវជ្រាវស៊ីវិលដែលធ្វើការប្រមូលទិន្នន័យអាកាសធាតុ​និងបានធ្វើ​ដំណើរខុសគន្លងដោយសារឥទ្ធិពលខ្យល់បក់និងសមត្ថភាពបញ្ជាមានកម្រិតដែលក្នុងនោះអ្នកកាសែតអាម៉េរិកលោក Christopher Hooks បានពិពណ៌នាព្រឹត្តិ    ការណ៍​​នេះ​ជា “វដ្តព័ត៌មានដ៏ឆ្កួតលីលាក្នុងប្រវត្តិសាស្ត្របច្ចុប្បន្ន”។ អ្នកកាសែត Caitlin Johnson បានថ្កោលទោសចំពោះក្រុមនយោបាយ/ប្រព័ន្ធផ្សព្វផ្សាយ ជុំវិញការបាត់បង់ការគ្រប់គ្រងអារម្មណ៍ក្រោយមន្ទីរបញ្ជកោណអះអាងថា វាជាបាឡុងចារកម្មរបស់ចិន។

ក្រសួងការបរទេសចិន​ បានបញ្ជាក់ថា”ភាគីចិនមានការសោកស្ដាយចំពោះការហោះចូលដោយអចេតនារបស់បាឡុងទៅក្នុងដែនអាកាសអាម៉េរិកដោយសារករណី​ប្រធានស័ក្ដិ”។ ប៉ុន្តែការលើកឡើងនេះបានត្រឹមតែចាក់សាំងបន្ថែមលើភ្លើងរបស់អាម៉េរិកប៉ុណ្ណោះ។

– ការឆ្លើយតបរបស់អាមេរិក

រដ្ឋមន្ត្រីការបរទេសលោក អានថូនី ប្លីងកិន បានលុបចោលដំណើរទស្សនកិច្ចការទូតទៅកាន់ប្រទេសចិនស្របពេលក្រុមសង្រ្គាមនិយមនៅអាម៉េរិកបានអំពាវនាវ​ឱ្យមានការសងសឹកលើបាឡុងនេះ និងសងសឹកលើអ្វីៗដែលមកពីចិនឬក៏ជាប់ពាក់ព័ន្ធជាមួយចិន។ ព្រឹទ្ធសមាជិក Mitt Romney បានសរសេរនៅលើ Twitter ថា៖ “បាឡុងចិនដ៏ធំនៅលើមេឃនិងបាឡុង TikTok ចិនរាប់លាននៅលើទូរស័ព្ទរបស់យើង។ នាំគ្នាបិទវាចោលទាំងអស់ទៅ”។

ក្រុមឯករាជ្យបានលើកឡើងថា បើទោះជាបាឡុងនេះអាចធ្វើការងារចារកម្មបានមែនតែគ្មានមូលហេតុអ្វីដែលប្រជាជនអាម៉េរិកត្រូវវឹកវរ​នោះទេ​ពួកគេបានកត់​សម្គាល់​ថាផ្កាយរណបរបស់ចិនក៏ដូចជារបស់សហរដ្ឋអាម៉េរិកអាចមើលឃើញស្លាកលេខរថយន្តពីលើអាកាសបានទៅហើយ។ដូច្នេះបាឡុងនេះវាគ្មានតម្លៃសម្រាប់យោធាចិននោះទេ។​ មួយទៀតនោះគឺរាល់រដ្ឋាភិបាលធំៗលើពិភពលោកបានធ្វើចារកម្មគ្នាទៅវិញទៅមក ដោយអាម៉េរិកជាប់ឯតទគ្គកម្មពិភពលោកខាងធ្វើចារកម្មចាប់តាំង​ពីសង្រ្គាមលោកទី២។ វាជាកំណត់ត្រាចារកម្មដែលកើតចេញពីថវិកាយោធារបស់អាម៉េរិកដែលមានចំនួនប្រមាណ ៧៧៨ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៣ប​ធៀបទៅ​នឹង​ចិនមានចំនួនប្រមាណ ២៥២ ប៊ីលានដុល្លារ ឥណ្ឌាមានចំនួនប្រមាណ ៧៩,៩ ប៊ីលានដុល្លារ រុស្ស៊ីមានចំនួន ៦១,៧ ប៊ីលានដុល្លារនិងចក្រភពអង់គ្លេសមាន​ចំនួន ៥៩,២ ប៊ីលានដុល្លារ។

មានការប៉ាន់ប្រមាណផងដែរដោយប្រភពពីលោកខាងលិចថា អាមេរិកមានផ្កាយរណបយោធាចំនួន ១២៣គ្រឿង រុស្ស៊ីមាន ៧៤ គ្រឿង និងចិនមាន ៦៨គ្រឿង។

– លទ្ធភាពនៃគោលបំណងរបស់ចិន

វាអាចទៅរួចដែលថា បាឡុងរបស់ចិនមានគោលដៅចំនួនពីរ ដោយរួមជាមួយការប្រមូលទិន្នន័យអាកាសធាតុនិងព័ត៌មានអំពីទីតាំងនុយក្លេអ៊ែររបស់អាម៉េរិកនៅរដ្ឋ Montana។ វាក៏អាចទៅរួចដែរដែលគោចររបស់បាឡុងនេះមិនមែនជាឧបទ្ទេវហេតុប៉ុន្តែជាការឆ្លើយតបទៅកាន់ការប៉ុនប៉ងរបស់អាម៉េរិ​ក្នុងការដុតបញ្ឆេះគោល​នយោបាយប្រឆាំងចិន ដែលរួមបញ្ចូលការឡោមព័ទ្ធប្រទេសចិនតាមរយៈកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលហ្វីលីពីនដែលអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចំនួនបួន​បន្ថែមនៅលើទឹកដីហ្វីលីពីន ដែលបន្ថែមលើមូលដ្ឋានមានស្រាប់នៅហ្វីលីពីន ជប៉ុន និងសាធារណរដ្ឋកូរ៉េ។

មូលហេតុផ្សេងទៀតក៏អាចថា បាឡុងនេះគឺជាការពិសោធន៍លើសមត្ថភាពការពាររបស់អាម៉េរិកនិងជាការព្រមានថាប្រទេសចិនក៏មានសមត្ថភាពសងសឹក​នៅលើទឹកដីអាម៉េរិកដែរ ប្រសិនបើមានព្រឹត្តិការណ៍ណាមួយនៅសមុទ្រចិនខាងត្បូង ឬតំបន់របស់ចិនដែលយោធាអាម៉េរិកប្រចាំការ។

-តើនឹងមានអ្វីកើតឡើងបន្ទាប់?

បច្ចុប្បន្ន អាម៉េរិកបានបង្ហាញពិភពលោកថា ខ្លួនបានបាញ់ទម្លាក់បាឡុង “ចារកម្ម” នៅលើទឹកដីរបស់ខ្លួន និងអាចការពារប្រទេសពីបាឡុងដ៏តូចមួយពីចិន។ សម្រាប់ចិនវិញ ពួកគេមិនគួរព្រួយបារម្ភអំពីការលុបចោលទស្សនកិច្ចរបស់លោក ប្លីងកិនន នោះទេ ដោយលោកជាអ្នកគាំទ្រសង្រ្គាមស្រាប់រួចទៅហើយ។ លោកប្លីងកិនបានចូលរួមយ៉ាងសកម្មក្នុងគោលនយោបាយអន្តរាគមន៍របស់អាម៉េរិកចាប់តាំងពីសង្រ្គាមអ៊ីរ៉ាក់។លោកជាអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់ក្នុងការផ្ដួលរលំប្រធានាធិបតីលីប៊ី Muammar al-Gaddaf។ លោកជាអ្នកគាំទ្រប្រទេសអ៊ីស្រាអែលនិងជាអ្នកប្រឆាំងប្រជាជនប៉ាឡេស្ទីន។ លោកក៏ធ្លាប់ជាអ្នកបញ្ចុះបញ្ចូលម្នាក់សម្រាប់វិស័យយោធាតាមរយៈក្រុមហ៊ុន West-Exec Advisors។

កង្វល់ចម្បងសម្រាប់ប្រទេសចិនគឺចៀសវាងការបញ្ចូនបាឡុងទៅក្បែរសហរដ្ឋអាម៉េរិកដើម្បីបញ្ចៀសសុបិនអាក្រក់ពីសាធារណជនអាម៉េរិក និងផ្ដល់ហេតុផលបន្ថែមដល់ក្រុមបក្ខពួកដែលតែងតែបញ្ចុះបញ្ចូលឱ្យស្អប់ចិន៕

ដោយ៖ស​ តារា


ចែករំលែក៖