ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែង​ប្រសាសន៍សំខាន់ៗ​ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់​ នៅរសៀលថ្ងៃទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​របស់​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់​ មានដូចខាងក្រោម​៖

លោកឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ បានថ្លែង​ថា៖​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ជាការបើកទំព័រសករាជថ្មី ដោយផ្តោតទៅលើការរៀបចំដែនដី នគរូបនីយកម្ម និងស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ដែលមានដូចជា សុវត្ថិភាពនិងគុណភាពសំណង់ រចនាបថនិងការឌីហ្សាញ ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ឧស្សាហកម្មគ្រឿងលម្អ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី (Mortgage) ព្រមទាំងការងារលំនៅឋាន និងការងារសម្បទានសង្គមនិងសេដ្ឋកិច្ចជាដើម។

ការកំណត់ទិសដៅនេះ គឺក្រោយពេលក្រសួងបានទទួលលទ្ធផលល្អលើការងារអាទិភាពដែលកំណត់ជាផែនទី ឯកភាពការងាររបស់ក្រសួង ដ.ន.ស រួមមាន៖

– សមរភូមិទី១៖ ការរៀបចំផ្ទះសំបែងឱ្យរៀបរយ ដោយបន្តពូនជ្រំ និងបន្តនិរន្តភាពការងារ និងដំណើរការស្ថាប័នជារួម ឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង។

– សមរភូមិទី២៖ ការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គមដោយបង្កើតនូវបរិយាកាសគ្មានវិវាទតាមរយៈការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី និងសេវាគាប់ចិត្ត ការដោះស្រាយបញ្ហានៅតំបន់ទន្លេសាប តំបន់រមណីយដ្ឋានអង្គរ វិវាទតាមបុរី និងភូមិសាស្រ្តសនិ្តសុខនយោបាយ និងសេដ្ឋកិច្ច-សង្គម។

– សមរភូមិទី៣៖ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្តមន្ត្រី។ 

-លោកឧបនាយករដ្ឋមន្ត្រី​ បញ្ជាក់ថា នៅដើមអាណត្តិទី៧នេះ ក្រសួងបានបន្តពូនជ្រំ និងបន្តនិរន្តរភាពការងារ និងដំណើរការស្ថាប័នជារួម ដោយបានពង្រឹងស្មារតីសតិអារម្មណ៍ ឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដែលជាកត្តាគន្លឹះដើម្បីធានានិរន្តរភាពការងារ ដំណើរការស្ថាប័ន កសាងជំនឿ និងទំនុកចិត្តលើការដឹកនាំ ដែលក្រសួងចាត់ទុកជា «ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ» ដែលត្រូវយកជ័យជម្នះឱ្យខាងតែបាន។

– រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បញ្ជាក់ថា ចំពោះសមរភូមិទី២ «ការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គម»។  ក្រសួងបានកំណត់យកកា រចុះបញ្ជីដីបង្ហើយ ក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់នៃព្រំកាន់ការ និងកាត់បន្ថយវិវាទដីធ្លី ដើម្បីសម្រេចបាននូវការផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការ កាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ ឈានទៅកសាងសង្គមកម្ពុជា ជាភូមិឋានក្សេមក្សាន្ត។

-លោកឧបនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា​ កន្លងមកក្រសួងបានវាស់វែងនិងចុះបញ្ជីដីធ្លីចំនួនជាង៧លាន ៧សែន ក្បាលដី និងបានចេញបណ្ណ ប្រមាណ៧លានបណ្ណ។ ក្រសួងបានវាស់វែងដីធ្លីបន្ថែមចំនួនប្រមាណ ៣លានក្បាលដី និងចេញបណ្ណបានប្រមាណ ៥៩ម៉ឺនបណ្ណ។

-លោកឧបនាយករដ្ឋមន្ត្រី​ បញ្ជាក់ថា ក្រសួង រំពឹងថាក្បាលដីនៅសេសសល់ប្រមាណ ១,៥ លានទៀត អាចត្រូវបានវាស់វែងបញ្ចប់នាពេលខាងមុខ ដែលកិច្ចការនេះនឹងជួយឱ្យរដ្ឋអាចប្រមូលចំណូលពន្ធពាក់ព័ន្ធ អចលនទ្រព្យប្រមាណ ២៥០ លានដុល្លារ ក្នុងមួយឆ្នាំ។

-លោកឧបនាយករដ្ឋមន្ត្រី​ បញ្ជាក់ថា ក្រសួងរៀបចំដែនដី បាននិងកំពុងដំណើរការវាស់វែង ចុះបញ្ជី និងចេញបណ្ណដីរដ្ឋ និងដីសមូហភាព ដែលកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងព្រះបរមរាជវាំង, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ក្រសួងសាធារណការនិងដឹកជញ្ជូន, អង្គភាព រដ្ឋតាមបណ្តារាជធានី-ខេត្ត សរុបចំនួន ៥៨,០៦៣ ក្បាលដី ស្មើនឹង ៥៨,០៦៣បណ្ណ ក្នុងនោះក៏មាន ដីតំបន់បឹងទន្លេសាបក្នុងខេត្តទាំង៦, ដីសម្បទានសេដ្ឋកិច្ច និងងឹតរុភណ្ឌរបស់វត្ត ផងដែរ។

-លោកឧបនាយករដ្ឋមន្ត្រី​ បញ្ជាក់ថា ក្នុងចំណោមវិវាទ ១៥,៩៦០ ករណី ដែលក្រសួងទទួលបាន (មាន៤ប្រភេទ គឺ វិវាទលើនិឯកជន, វិវាទលើទីតាំងដីរដ្ឋនិងដីសហគមន៍, បណ្ដឹងជំទាស់លើសេចក្តីសម្រេចរបស់ស្ថាប័នតុលាការនិងសេចក្តី សម្រេចរាជរដ្ឋាភិបាលរួចហើយ និងបណ្ដឹងឬសំណើមានចរិតនយោបាយ) និងបានសម្របសម្រួល ដោះស្រាយបញ្ចប់ចំនួន ១៤, ៩១៩ ករណី (នៅសេសសល់ ១,០៤១ករណី)។

– លោកឧបនាយករដ្ឋមន្ត្រី​ បញ្ជាក់ថា តាមរយៈលទ្ធផលនៃការដោះស្រាយវិវាទដីធ្លីនេះ ក្រសួងអាចសន្និដ្ឋានបានថា ភាពរសើបខាង នយោបាយត្រូវបានកាត់បន្ថយជាអតិបរមា ហើយវិវាទដែលនៅសេសសល់ទាំង ១,០៥១ ករណីនេះ មិនមានលក្ខណៈបែបញ្ចុះញង់ដែលជាឈ្នាន់នយោបាយទៀតនោះឡើយ។

  លោកឧបនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា​ ក្រសួងបានបង្កើត «មជ្ឈមណ្ឌលប្រជាជន (People Center)» សម្រាប់ប្រមូលធ្វើទិន្នន័យគ្រប់ប្រភេទ ដោយបាននិងកំពុងប្រែក្លាយសេវាសាធារណៈប្រមាណ៤៩៦មុខឱ្យដំណើរការតាម ប្រព័ន្ធអនឡាញ ដើម្បីផ្តល់ សេវាគាប់ចិត្ត ឱ្យដល់ដៃអតិថិជនគ្រប់រូប មានភាពងាយស្រួល និងរហ័សទាន់ចិត្ត សំដៅ ពង្រីកបន្ថែមនូវមូលដ្ឋានសេដ្ឋកិច្ច ដើម្បីទ្រទ្រង់ចំណូលចរន្តថវិកាជាតិ និងបង្កើនចំណូលរបស់ប្រជាជន។

  លោកឧបនាយករដ្ឋមន្ត្រី​ បន្ត​ថា ក្នុងឆ្នាំ២០២៣ចំណូលបានមកពីសេវាសាធារណៈក្នុងវិស័យសំណង់ និងសុរិយោដីទទួលបានជាង ១៤៦ លានដុល្លារ ក្នុងនោះចំណូលពន្ធលើការផ្ទេរអចលនទ្រព្យមានចំនួនប្រមាណ ១០០លានដុល្លារ (ប្រមាណជា ៦៨, ៥%)។ ចំណូលនេះនឹងកើនឡើងបន្ថែមទៀត តាមរយៈការធ្វើទំនើបកម្មនៃការផ្តល់ សេវាសាធារណៈតាមប្រព័ន្ធឌីជីថល។

-លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា​ ក្នុងចំណោមវិវាទដីធ្លីជាង ១៥០០០ ករណី ក្រសួងបានសម្របសម្រួលដោះស្រាយបាន ១៤៩១៩ ករណី។ ករណីវិវាទដែលនៅសល់ជាង ១០០០ ករណី ក្រសួងកំពុងសម្របសម្រួលដោះស្រាយបន្ត។

  ចំពោះបញ្ហាវិវាទរវាងបុរី និងអតិថិជន លោក សាយ សំអាល់ បានឱ្យដឹងថា ក្រសួងបាននិងកំពុងរកដំណោះស្រាយសមស្របចំពោះគម្រោង អភិវឌ្ឍន៍អចលនវត្ថុចំនួន ៩៩ គម្រោង នៅទូទាំងប្រទេស រួមមាន បុរី ចំនួន ២៧ ស្មើនឹង ៧៧គម្រោង, ផ្សារនិងខុនដូ ចំនួន ៤គម្រោង និងដីឡូតិ៍ ចំនួន ១៨កម្រោង ក្នុងនោះ ដោះស្រាយបាន ៥៣ គម្រោង នៅសល់ចំនួន ៤៦ គម្រោង កំពុងសម្របសម្រួលដោះស្រាយបន្ត ដោយឈរលើស្មារតីយោគយល់គ្នា ក្នុងគ្រាលំបាក និងបានធ្វើឱ្យសភាពការណ៍តានតឹងទាំងនេះ បានប្រសើរឡើងវិញជាលំដាប់។

-លោកឧបនាយករដ្ឋមន្ត្រី បានថ្លែង​ថា ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ដែលជាបុរី លំនៅឋាន ផ្សារ និង ខនដូ ជាដើមដែលមានបញ្ហាចំនួន ១០៦ ករណី ក្រសួងបានសម្របសម្រួលដោះស្រាយបានប្រហែល ៥០ ភាគរយហើយ។

– លោកឧបនាយករដ្ឋមន្ត្រី​ បានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ក្រសួងបាននិងកំពុងរៀបចំគោលនយោបាយជាតិស្តីពីសំណង់នៅកម្ពុជា, ផែនការរៀបចំ ដែនដី និងនគរូបនីយកម្មផ្សារភ្ជាប់របៀង និងប៉ូលសេដ្ឋកិច្ច, ក្របខ័ណ្ឌយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍទីក្រុង ព្រមទាំងការរៀបចំវិធានការគន្លឹះតាមវិស័យ អនុវិស័យ និងប្រធានបទ ដោយបង្ហាញពីសកម្មភាពគន្លឹះ សាមញ្ញ ជាក់លាក់ ចំទិសដៅ ដែលជាមូលដ្ឋានក្នុងការតម្រង់ទិសការអនុវត្តការងាររបស់ក្រសួង ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

-លោកឧបនាយករដ្ឋមន្ត្រី​ បានឱ្យដឹងថា ក្រសួងបាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ភូមិបាលថ្មី, សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដី, សេចក្តីព្រាងច្បាប់ស្តីពីនគរូបនីយកម្ម, សេចក្តីព្រាងច្បាប់ស្តីពី លំនៅឋាន និងសេចក្តីព្រាងច្បាប់ស្តីការវាស់វែងនិងការផលិតផែនទី ដោយបាននិងកំពុងផ្ញើជូនភាគីពាក់ព័ន្ធ ដើម្បីផ្តល់យោបល់ និងធាតុចូលបន្ថែម រួមមាន សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។ ការរៀបចំតាក់តែងគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងនេះ គឺដើម្បីឱ្យស្របទៅតាម ដំណើរវិវឌ្ឍន៍នៃសេដ្ឋកិច្ច-សង្គម វប្បធម៌ និងស្របតាមឆន្ទៈ និងចំណងប្រាថ្នារបស់ប្រជាជនកម្ពុជា​។

-លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងបានដាក់ចេញនូវគោលការណ៍លើកទឹកចិត្តចំនួន ២៥ ចំណុចលើគោលការណ៍ដែល មានរួចហើយ ដើម្បីលើកទឹកចិត្តមន្ត្រីរាជការរបស់ក្រសួងបន្ថែម ក្នុងនោះមានដូចជា សម្រាលកូន, មើលថែទាំជំងឺ, មរណភាព និងចូលនិវត្តន៍ជាដើម។

-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានឱ្យដឹងថា ក្រសួងនឹងរៀបចំផែនការប្រើប្រាស់ដីផ្សារភ្ជាប់របៀង និងប៉ូលសេដ្ឋកិច្ចទាំង៨ ឱ្យកាន់តែមានភាពជាក់ស្ដែងនិយម និងប្រកបដោយសុក្រិតភាពខ្ពស់ តាមរយៈការកំណត់តំបន់និង ធនធានដែលមានស្រាប់ ការសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ អំពីសក្តានុពល និងភាពប្រទាក់ក្រឡាគ្នានៃតំបន់មួយទៅតំបន់មួយទៀតក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីប្រើប្រាស់ធនធានដីឱ្យចំគោលដៅឱ្យអស់សក្តានុពល និងប្រកបដោយចីរភាព។

-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ក្រសួងបាននិងកំពុងសិក្សាលម្អិតក្នុងការរៀបចំកំណត់ឱ្យបានច្បាស់លាស់នូវតំបន់អភិរក្ស តំបន់វប្បធម៌ តំបន់កសិកម្ម តំបន់ឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម និងតំបន់លំនៅឋាន ដែលអាចធានាសន្តិសុខស្បៀង និងពង្រីកខឿនសេដ្ឋកិច្ចជាតិ។

-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានឱ្យដឹងថា ស្របតាមស្ថានភាពកម្ពុជា បច្ចុប្បន្នក្រសួងបានគិតគួរលើការងាររៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនិសុភមង្គល ឈានឆ្ពោះទៅកសាងសង្គមសុខដុម ដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយចំណេះដឹង និងមានភាពជាបងប្អូន។

-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ក្រសួងបាននិងកំពុងពូនជ្រំដើម្បីប្រែក្លាយខេត្តនៅតាមតំបន់ឆ្នេរឱ្យក្លាយទៅជារបៀងសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ដែលអាចទ្រទ្រង់សេដ្ឋកិច្ចជាតិ តាមរយៈការកែប្រែនូវមុខមាត់ថ្មីរបស់ឆ្នេរ ការបង្កើនបរិយាកាស អនុគ្រោះសម្រាប់ការវិនិយោគ និងការធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយអនុវត្តនូវពិសេសជុំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ និងគោលនយោបាយនៃការរៀបចំ ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជារបៀងសេដ្ឋកិច្ចពិសេសពហុបំណង និងប្រទាក់ក្រឡា ខណៈដែលលំហូរវិនិយោគថ្មីៗ ដែលបានធ្វើឱ្យសេដ្ឋកិច្ចជារួមក្នុង  ខេត្តព្រះសីហនុ មានស្ថានភាពល្អប្រសើរ និងភាពរស់រវើកឡើងវិញ។

-លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងគ្រោងនឹងរៀបចំឱ្យមានភូមិគំរូ បុរីជនបទ ដើម្បីឱ្យពលរដ្ឋរស់នៅដោយសុខសាន្ត ប្រកបដោយចំណេះដឹង និងភាពសុខដុមក្នុងសង្គម។

-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានឱ្យដឹងថា តាមទិន្នន័យសំណង់លំនៅឋានមានប្រមាណ ៤៧% នៃគម្រោងសំណង់សរុបទូទាំងប្រទេសក្នុងនោះ បុរី ចំនួន ៦២៣ គម្រោង និងអគារសហកម្មសិទ្ធិ ចំនួន ២,៨៦៨តគម្រោង។

-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បញ្ជាក់ថា តាមរយៈគោលនយោបាយជាតិ ស្តីពីលំនៅឋាន និងគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ លំនៅឋានតម្លៃសម្យ ក្រសួងបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាវិស័យឯកជន ក្នុងគោលដៅ អនុវត្តគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានចំនួន ៨, ៣៣១ ខ្នង និង ៣,១៦៤ ចំណែកឯកជន (Unit)។ ក្រសួងរំពឹងថា ប្រជាពលរដ្ឋដែលមានប្រាក់ចំណូល មធ្យមនិងទាប នឹងមានផ្ទះសម្បែងរស់នៅសមរម្យជាទ្រង់សុភមង្គល។

-លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា​ ក្រសួងបានរៀបចំឱ្យមានគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យនៅភ្នំពេញ និងខេត្តកណ្ដាល ដើម្បីលក់ជូនពលរដ្ឋ និងមន្ត្រីរាជការក្នុងតម្លៃសមរម្យបានជាង ៨០០០ ខ្នងផ្ទះ។

-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានឱ្យដឹងថាក្នុងរយៈពេល៦ខែដើមអាណត្តិទី៧ គម្រោងសំណង់នៅទូទាំងប្រទេសមានចំនួន ១,៦៤២ គម្រោង មានតម្លៃទុនវិនិយោគប្រមាណជាង ២,៦ ពាន់លានដុល្លារ។ ទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅពុំទាន់ប្រសើរឡើងវិញដូចស្ថានភាពមុនការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏វិស័យសំណង់កម្ពុជានៅតែមានកំណើនជាប្រចាំជាពិសេស គម្រោងថ្មីៗ ដែលបានស្នើសុំក្នុងរយៈពេល៦ខែឆ្នាំ២០២៤ មានកំណើនខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្រសួងរំពឹងទុកថាវិស័យសំណង់នឹងប្រែក្លាយទៅជាឧស្សាហកម្មដែលនឹងចូលរួមបង្កើនចំណូលថវិកាជាតិ និងកំណើនសេដ្ឋកិច្ចកម្ពុជា។

-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានឱ្យដឹងថា ក្រសួងបាននិងកំពុងកំណត់បញ្ហាប្រឈម ស្ថានភាពអគារចាស់ទ្រុឌទ្រោម និងការតាំងទីលំនៅមិនរៀបរយនៅតាមបណ្តាខណ្ឌទាំង១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីសិក្សាស្វែងរកដំណោះស្រាយ សមស្របឈានទៅធានាសុវត្ថិភាព សោភណភាពទីក្រុង និងគុណភាពជីវិតនៃប្រជាជនកម្ពុជា។

-លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា​ ទោះស្ថានភាពសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ប្រឈមនឹងបញ្ហានានាក្ដី ក៏វិស័យសំណង់ នៅកម្ពុជានៅតែមានកំណើន។ ឯកឧត្ដមបន្តថា គិតក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំមុន ឃើញថា វិស័យសំណង់នៅកម្ពុជា មានកំណើនខ្ពស់។ កំណើននេះនឹងជួយឱ្យមានចំណូលបន្ថែមទៀត ដល់សេដ្ឋកិច្ចជាតិ។

-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី​ បានឱ្យដឹងថា​ កម្ពុជាបាននិងកំពុងប្រែក្លាយជាអារ្យប្រទេស ដោយបានប្រែក្លាយពីការពឹងផ្អែកទាំងស្រុងលើធនធានធម្មជាតិទៅជាកសិកម្មលក្ខណៈគ្រួសារ, ពីកសិកម្មលក្ខណៈប្រពៃណីទៅជាកសិ-ឧស្សាហកម្ម, ពីឧស្សាហកម្មហត្ថពលករ ទៅជាឧស្សាហកម្មបច្ចេកវិទ្យា, និងមានតម្លៃបន្ថែម, ពីសេវាកម្មបដិសណ្ឋារកិច្ចទៅជាសេវាកម្មឌីជីថល ពីការពឹងផ្អែកលើកាយពលកម្មទៅបញ្ហាពលកម្ម៕

ដោយ​៖ តារា​


ចែករំលែក៖