ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ តើលោកត្រាំអាចរកឃើញសន្តិភាពរវាងប៉ាឡេស្ទីននឹងអុីស្រាអែលដែរឬទេ?

ចែករំលែក៖

ការប្រទូសរ៉ាយគ្នារវាងជនជាតិអីុស្រាអែលដែលឈរជើងនៅតំបន់ភាគខាង លិចនឹងជនជាតិប៉ាឡេស្ទីន នៅតែបន្តកើតឡើងហើយប្រែក្លាយជាទ្រង់ទ្រាយធំជាងមុនទៅទៀតចាប់តាំងពីដើមខែតុលា ឆ្នាំ ២០១៦មកទល់ពេលនេះ។ កម្រិតវិវាទកាន់តែកើនឡើងអាចប្រែក្លាយទៅជាសង្គ្រាមជាតិសាសន៍រវាងប្រទេសទាំងពីរ។ មាន សំណួរសួរថា ហេតុអ្វីបានជាអំពើហិង្សាកើនឡើងនៅតំបន់នោះនិងមាន ការដោះ ស្រាយបែបណា។

អ្នកដែលទម្លាក់កំហុសទៅឲ្យភាគី ​ អីុស្រាអែលបានលើកឡើងថាមូលហេតុ បណ្តាលឲ្យមានជម្លោះកើតឡើងដោយសារតែពលរដ្ឋប៉ាឡេស្ទីនខកចិត្ត ចំពោះការបរាជ័យនៃដំណើរឆ្ពោះទៅរកការទទួលស្គាល់ជាប្រទេសប៉ាឡេស្ទីនឯករាជ្យ និង បញ្ចប់ការគ្រប់គ្រងនៅភាគខាងលិចរបស់ប្រទេសអីុស្រាអែល។ នៅពេលនេះអីុស្រាអែលបន្តសាងសង់លំនៅឋានជាច្រើនទៀតនៅលើទឹកដីដែលអីុស្រាអែលគ្រប់គ្រង។

ក្នុងពេលជាមួយគ្នានេះអ្នកដែលទម្លាក់កំហុសទៅឲ្យភាគីប៉ាឡេស្ទីនបានបញ្ជាក់ថា មូលហេតុបណ្តាលមកពីមេដឹកនាំ សាសនា និងនយោបាយប៉ាឡេស្ទីនជំរុញឲ្យមានហិង្សាដោយសារតែបានសម្លាប់ ជនជាតិជ្វិបពីរនាក់។ ជាកស្តែង លោក Muhammad Salah បានជំរុញឲ្យជនជាតិប៉ាឡេស្ទីនប្រើប្រាស់កាំបិតវាយប្រហារទៅជនជាតិអីុស្រាអែល។

នៅពេលដែលលោក ប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បំពេញ ទស្សនកិច្ចនៅក្នុងតំបន់ដើមបូព៌ា បន្ទាប់ពីបានទៅទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃ ទី២២ខែឧសភា ហើយនៅថ្ងៃទី២៣ ខែ ឧសភា លោកដូណាល់ ត្រាំ បានអញ្ជើញ ទៅទីក្រុងបេត្លេហឹម ដែលស្ថិតក្នុងដែនដី​ស៊ីហ្ស៊កដានី របស់ប៉ាឡេស្ទីន ដើម្បីជួប ជាមួយ លោក ម៉ាសមូដ អាប៉ាស ប្រមុខ ដឹកនាំប៉ាឡេស្ទីន។ លោក ដូណាល់ ត្រាំ បានថ្លែងក្នុងឱកាសនោះថា លោកសន្យា​ប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីសម្រេចកិច្ចព្រមព្រៀងសន្តិភាព រវាងអុីស្រាអែល នឹងប៉ាឡេស្ទីនឲ្យបាន។

លោក ដូណាល់ ត្រាំ ត្រូវបានទទួលដោយ លោក ម៉ាសមូដ អាបាស នៅវិមានប្រធានា ធិបតី ក្នុងទីក្រុងបេត្លេហឹម ក្នុងដែនដីស៊ី​ហ្ស៊កដានី កាលពីព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា។ នៅតាមផ្លូវដែលមានការ យាមកាមយ៉ាងតឹងតែង ពីសំណាក់អាជ្ញាធរ ប៉ាឡេស្ទីន មានចងទង់ជាតិអាមេរិក និង ប៉ាឡេស្ទីន អមជាមួយបដាពាក្យស្លោក​សរសេរថា “ទីក្រុងសន្តិភាព ទទួលមេដឹក នាំសន្តិភាព”។

ទីក្រុងសន្តិភាព ក្នុងន័យពាក្យស្លោក តែធាតុពិត ទីក្រុងបេត្លេហឹម និងតំបន់ស៊ី ហ្ស៊កដានី ស្ថិតក្នុងបរិបទសង្រ្គាម រាប់សិប ឆ្នាំមកហើយ។ ជាងនេះទៅទៀត តំបន់ស៊ី​ហ្ស៊កដានី ត្រូវបែងចែកជាពីរ ខណ្ឌចែក ម្ខាងខាងលិច ម្ខាងខាងកើត។ អុីស្រាអែល បានធ្វើជញ្ជាំងថ្ម វែងអន្លាយ ដាក់អាណា និគម នៅផ្នែកខាងលិច។ យ៉ាងណាមិញ ទិដ្ឋភាពខណ្ឌចែកទឹកដី ជាពីរ ដោយ​ជញ្ជាំង​ថ្មបេតុងនេះ លោកដូណាល់ ត្រាំ ក៏បានឃើញនឹងភ្នែក នៅពេលក្បួនរថយន្តរបស់លោកធ្វើដំណើរឆ្លងកាត់ ច្រកឆែក​ឆេរ ដែលមានការត្រួតពិនិត្យយ៉ាងតឹងតែង ពីសំណាក់ ទាហានអុីស្រាអែល។

នៅចំពោះមុខ លោក អាបាស លោក ដូណាល់ ត្រាំ បានថ្លែងថា សន្តិភាពគឺជា ជម្រើស ដែលយើងត្រូវតែសម្រេចចិត្តយកជារៀងរាល់ថ្ងៃ។ ក្នុងន័យនេះ សហរដ្ឋ អាមេរិក នឹងមានវត្តមានជានិច្ច ដើម្បីជួយ​កសាងសន្តិភាព។ លោកបន្តថា លោកនឹង​ខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បី​ជួយអុីស្រាអែល និងប៉ាឡេស្ទីន សម្រេច​ ឲ្យបានកិច្ចព្រមព្រៀងសន្តិភាពនឹងគ្នា។

ដោយឡែក លោក ម៉ាសមូដ អាបាស បានឆ្លើយតបទៅកាន់លោក ដូណាល់ ត្រាំ វិញថា មធ្យោបាយតែមួយគត់ដើម្បីកសាងសន្តិភាពរវាងអ៊ីស្រាអែល នឹងប៉ាឡេស្ទីន គឺត្រូវទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋ អធិបតេយ្យ និងឯករាជ្យ ស្មើភាពគ្នាជាមួយ​អុី​ស្រាអែល។ លោកប្រមុខដឹកនាំប៉ាឡេស្ទីន បន្ថែមថា ប៉ាឡេស្ទីន ត្រៀមខ្លួនជានិច្ច ដើម្បីចរចាជាមួយភាគីអ៊ីស្រាអែល ដោយ សន្តិវិធី។ បញ្ហាគឺមិនមែនប៉ាឡេស្ទីន ស្អប់ ខ្ពើមសាសនាជ្វីហ្វនោះទេ តែបញ្ហាគឺនៅ​ត្រង់ថា ប៉ាឡេស្ទីន មិនអាចទទួលយក ការដាក់អាណានិគម ទន្រ្ទានយកដែនដី ប៉ាឡេស្ទីន ពីសំណាក់អុីស្រាអែល។

តែយ៉ាងណា លោក ដូណាល់ ត្រាំ ដែលធ្លាប់បានបង្ហាញគោលជំហរ ថាមិន ពេញចិត្តនឹងគំនិត ឲ្យមានប្រទេសពីរ ឯករាជ្យនោះ មិនបានឆ្លើយតបអ្វី ទៅនឹង ការលើកឡើងរបស់លោកអាប៉ាសទេ។ ជាងនេះ ទៅទៀត កាលពីថ្ងៃចន្ទ នៅ ចំពោះមុខថ្នាក់ដឹកនាំអុីស្រាអែល លោក ត្រាំ បានថ្លែងបែបបង្ការទុកមុនថា មានគេ​ប្រាប់លោកថា ជម្លោះអុីស្រាអែល-ប៉ាឡ េស្ទីន ជាជម្លោះស្មុគស្មាញ ពិបាកដោះ ស្រាយបំផុត តែយ៉ាងណា លោកសង្ឃឹម​ថា លោកនឹងអាចជួយជ្រោមជ្រែង ឲ្យមាន កិច្ចព្រមព្រៀងសន្តិភាព។

គម្រោងចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងមេដឹកនាំអីុស្រាអែលនឹងប៉ាឡេស្ទីនប្រាកដជារងនូវការជំទាស់ពីពលរដ្ឋប្រទេសទាំងពីរ។ ប្រធានាធិបតីអីស្រាអែលលោកនេតាន់យ៉ាហ៊ូ និងបាត់ បង់ការគាំទ្រប្រសិនបើទទួលស្គាល់ទឹកដីប៉ាឡេស្ទីន។

ការទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមកជាដើមហេតុធ្វើឲ្យវិវាទប្រទេសទាំងពីរមិនអាចឈានដល់ទីបញ្ចប់នោះឡើយ ។ការវាយប្រហារលើផ្នូរជាទីសក្ការៈរបស់បណ្តាជនអុីស្រាអែល បានប៉ះពាល់ខ្លាំងដល់ សាសនា ដែលនឹងអាចនាំឱ្យមានការបក ស្រាយខុស ប្រែក្លាយការតស៊ូជាតិនិយម ទៅជាការប្រយុទ្ធប្រឆាំងដើម្បីសាសនា ហើយបើជាជម្លោះសាសនានោះអាចបង្កជាមហន្តរាយធ្ងន់ធ្ងរបំផុត។ អង្គការ​សហប្រជាជាតិ បានស្នើសុំឱ្យគ្រប់ភាគី អ៊ីស្រាអែល និងប៉ាឡេស្ទីន គោរពនិងកុំប៉ះពាល់កន្លែងស័ក្តិសិទ្ធិ។

លោកអូបាម៉ា ក៏បានបង្ហាញក្តីព្រួយ បារម្ភ និងធ្វើការថ្កោលទោសដែរ។ ដើម្បី ជាតំណាង លោក ចន ឃែរី នឹងជួបពិភាក្សា ដោយផ្ទាល់ជាមួយ លោក នេតាន់យ៉ាហ៊ូ នៅសប្តាហ៍ក្រោយក្នុងប្រទេសអាល្លឺម៉ង់ ហើយក្នុងពេលរង់ចាំនេះ លោក ឃែរី បានទូរស័ព្ទ ដាច់ដោយឡែកពីគ្នាទៅ លោក ប្រមុខដឹកនាំអុីស្រាអែល និងប៉ា​ឡេស្ទីន ឱ្យប្រឹងធ្វើយ៉ាងណានាំភាពស្ងប់ស្ងាត់ដល់តំបន់។ មេដឹកនាំអុីស្រាអែលនិង ប៉ាឡេស្ទីន ក៏ទំនងជានឹងត្រូវជួបពិភាក្សាគ្នាដោយផ្ទាល់ក្នុងពេលឆាប់ៗនេះ ដែរ។

ក្រោយហេតុការណ៍ខាងលើ ប៉ាឡ​េស្ទីន បានស្នើសុំទៅអង្គការសហប្រជា​ជាតិឲ្យមាន ការការពារពីអន្តរជាតិ រាប់ទាំងការពង្រាយកម្លាំងទ័ពមួកខៀវនៅក្រុង ហ្ស៊េរុយសាឡឹមចាស់ នៅតាមមណ្ឌល​​ សាសនាជាទីសក្ការៈរបស់អ្នកកាន់សាសនាអ៊ិស្លាម នៅហ្ស៊េរុយសាឡឹមខាងកើត នៅវិហារ អាលអាក្សា ទីលានស័ក្តិសិទ្ធិ ដែលជាសមរភូមិប្រឈមមុខនគ្នារវាងជនជាតិប៉ាឡេស្ទីន នឹងកងរក្សាសន្តិសុខអុីស្រា​អែល។ ប៉ុន្តែភាគីអុីស្រាអែល ប្រឆាំងដាច់​ខាត និងបានបដិសេធ វត្តមានបរទេសនៅ វិហារអ៊ិស្លាម ព្រោះសំអាងថានឹងធ្វើឲ្យ មានលម្អៀង។ ហ្ស៊េរុយសាឡឹម ជាក្រុង ស័ក្តិសិទ្ធិសម្រាប់ អ្នកកាន់សាសនាអ៊ិស្លាម ឬយូដាន៕ ម៉ែវ សាធី


ចែករំលែក៖