ក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងអារម្មណ៍ «សោកស្តាយ» ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុប ដែលមាន«កំហុសឆ្គង» ប៉ុន្តែគ្មានអ្នកទទួលខុសត្រូវចំពោះរឿងនេះទេ ហើយបើគ្មានការផ្ទុះការតវ៉ា ក៏មិនដឹងអំពី«ចំណុចខុសឆ្គង» នោះដែរ ។ ទីបំផុត ក្រសួងបានត្រឹម«សោកស្តាយ» ប៉ុណ្ណោះ ។
តាមអ្វីដែលជាភាពហ្មឹងម៉ាត់ ម៉ត់ចត់ របស់លោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន ចំណុចខុសឆ្គង ដែលបណ្តាលឲ្យមានការតវ៉ាពីសំណាក់សិស្សានុសិស្ស ដែលយល់ថា មានភាពមិនប្រក្រតីចំពោះលទ្ធផលពិន្ទុរបស់ខ្លួននោះ អ្វីដែលនាំឲ្យមានការតវ៉ានេះគួរតែមានអ្នកទទួលខុសត្រូវ ។ យ៉ាងហោចណាស់ ក៏មានប្រធានផ្នែកណាមួយនៃការបូកស្រង់ពិន្ទុ ជាអ្នកទទួលសារភាពអំពីកំហុសរបស់ខ្លួនក្នុងចេតនាណាមួយ ។ ប៉ុន្តែនេះក្រៅតែពីការសម្តែងនូវ«ការសោកស្តាយ» គឺគ្មានមន្ត្រីណាមួយត្រូវបានប្រកាសទទួលស្គាល់«កំហុស» របស់ខ្លួននោះឡើយ ។
ករណីនេះ ត្រូវគេមើលឃើញថា ក្លាយទៅជាទម្លាប់នៃការមិនទទួលខុសត្រូវរបស់អ្នកខុស ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរតែងតែលើកយកគំរូពីការទទួលខុសត្រូវរបស់មេដឹកនាំបរទេសខ្លះ ដែលតែងតែទទួល«ខុស» ហើយមួយចំនួន ក៏បានដើរចេញពីការងារទៀតផង ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ មិនមែនចង់ឲ្យលោករដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា «ដើរចេញ» ព្រោះតែមានកំហុសក្នុងរឿង«បូកស្រង់» ពិន្ទុខុសឆ្គងនេះទេ ។ ប៉ុន្តែយ៉ាងហោចណាស់គួរតែមានអ្នកទទួលខុសត្រូវណាម្នាក់ត្រូវបានបង្ហាញឲ្យសាធារណជនបានដឹង ។
គេរំពឹងថា វប្បធម៌នៃការទទួល«ខុស» អាចនឹងជ្រាបចូលចំពោះការដឹកនាំរបស់មេដឹកនាំតាមស្ថាប័ននានា ដែលត្រូវការកែទម្រង់ ។ ការដែលធ្វើការដោយគ្មានកំហុស វាមិនមែនជារឿងគួរឲ្យមោទនភាពសម្រាប់អ្នកដឹកនាំនោះឡើយ ។ អ្នកធ្វើខុស ត្រូវតែទទួលទោស ។ បើនិយាយពីទោសកំហុសចំពោះការដែលធ្វើឲ្យសិស្សធ្លាក់វាមិនមែនជារឿងតួចតាចនោះឡើយ ផ្ទុយទៅវិញ វាជារឿងធំមួយ ដែលត្រូវតែមានអ្នកទទួលខុសត្រូវ ។ យ៉ាងណាក៏ដោយ រឿងនេះត្រូវបាន «ខ័ណ្ឌចប់»ទៅហើយ ៕ ប្រជាពលរដ្ឋម្នាក់