ករណីក្មេងស្រីអាយុ១១ឆ្នាំនៅខេត្តស្វាយរៀងត្រូវសត្វឆ្មាខាំបណ្តាលឲ្យស្លាប់កាលពីថ្មីៗនេះ ញាំងឲ្យមានភាពរំជើបរំជួលខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ដោយភាពរំជើបរំជួលនេះ ទើបក្រសួងសុខាភិបាល ចេញមកអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នរឿងឆ្មាខាំ ឬក្រញ៉ៅ អាចបណ្តាលឲ្យស្លាប់ ។ សេចក្តីអំពាវនាវនេះ ធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល ព្រោះភាគច្រើន មិនចាប់អារម្មណ៍ថា ឆ្មាខាំ ឬក្រញ៉ៅ អាចបណ្តាលឲ្យស្លាប់បាននោះទេ ។ ប្រជាពលរដ្ឋបានហៅសេចក្តីអំពាវនាវរបស់ក្រសួងសុខាភិបាលនោះ ជារឿងយឺតយូរ ជាងសភាពការណ៍ ។ មានន័យថា មានមនុស្សស្លាប់ទៅហើយ ទើបប្រកាសឲ្យមានការប្រុងប្រយ័ត្ន ឬថា សេចក្តីប្រកាសមុនៗ អំពីគ្រោះថ្នាក់នេះ មិនបានទូលំទូលាយ ។
អំណឹះតទៅ ខ្ញុំបាទគិតថា ប្រជាពលរដ្ឋមិនបណ្តែតបណ្តោយឲ្យមានគ្រោះថ្នាក់ ដូចកុមារីខាងលើនេះឡើយ ។ គួរបផ្សំជាមួយនឹងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បើទោះបីហាក់បីដូចយឺតពេលបន្តិច ប៉ុន្តែបានពញាក់ស្មារតីភ្លេចភ្លាំងរបស់ប្រជាពលរដ្ឋខ្មែរទូទៅឲ្យចាំច្បាស់ថា នៅពេលមានសត្វឆ្មាខាំ ឬក្រញ៉ៅ ត្រូវប្រញាប់ទៅចាក់ថ្នាំ ព្យាបាលឲ្យខាងតែបាន ។ រីឯ ការចាក់ថ្នាំនោះទៀតសោត ក៏ត្រូវតែរកមន្ទីរពេទ្យត្រឹមត្រូវ ពោលគឺវិទ្យាស្ថាន ប៉ាស្ទ័រ នៅភ្នំពេញ ។ ករណីឆ្មាំក្រញ៉ៅ ឬឆ្កែខាំ មិនអាចឲ្យពេទ្យតាមភូមិចាក់ថ្នាំបានឡើយ ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខ្មែរហាក់ដូចជារន្ធត់ចិត្តចំពោះកុមារីអាយុ១១ឆ្នាំ រស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានទទួលមរណភាពដោយសារសត្វឆ្មាខាំ ។
វិធានការជាក់លាក់នានា គួរតែត្រូវបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង និងប្រុងប្រៀបនៅពេលដែលមានសត្វឆ្មាខាំ ឬក្រញ៉ៅ ។ ប្រជាពលរដ្ឋខ្មែរភាគច្រើនមិនបានយកចិត្តទុកដាក់ និងមួយចំនួនធំ មិនបានចាប់អារម្មណ៍ ឬគិតថា ឆ្មាខាំ ឬក្រញ៉ៅ បណ្តាលឲ្យស្លាប់នោះឡើយ ។ ដូច្នេះ វិធានការផ្សព្វផ្សាយឲ្យទូលំទូលាយជូនដល់ប្រជាពលរដ្ឋនៅតាមទីជនបទ ក៏ដូចជាការចែករំលែកថ្នាំសម្រាប់ព្យាបាល ឬវាក់សាំងការពារជំងឺ ទាំងនេះដល់មណ្ឌលសុខភាព បើអាចទៅរួចកាន់តែប្រសើរ ។ នេះជាមេរៀនមួយ ដែលក្រសួងសុខាភិបាលត្រូវចាត់វិធានការចំពោះជំងឺផ្សេងៗទៀត ដោយមិនត្រូវ«គោបាត់ ទើបធ្វើរបង» នោះទេ ៕ ប្រជាពលរដ្ឋម្នាក់