ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ប្រជុំច្រើនលើក​អាជ្ញាធរខេត្តព្រះសីហនុ​ដោះមិនចេញរឿងគំនរសំរាម

ចែករំលែក៖

ក្នុងនាម​ខ្ញុំបាទ​ជាប្រជាពលរដ្ឋ​ រស់នៅក្រុងព្រះសីហនុ​មួយរូប ចាប់អារម្មណ៍​យ៉ាងខ្លាំងអំពីបញ្ហាសំរាម ដែលត្រូវបានអណ្តែតលើ​ផ្ទៃ​ទឹក​ពាសវាលពាសកាល​ ក្រោយភ្លៀងមួយមេកាលពីពេលថ្មីៗនេះ ។ នៅតាមបណ្តាផ្លូវតូច ធំ ក្នុងទីក្រុង ពោរពេញទៅដោយគំនរសំរាម ដែលអាជ្ញាធរ​ព្យាយាមដោះស្រាយច្រើនលើក ច្រើនសារមកហើយ ប៉ុន្តែ​នៅតែមិនអាច​ចាត់វិធានការ​ប្រមូលសំរាម​ឲ្យអស់ពី​លើដងផ្លូវ​ក្នុងទីក្រុងនេះបាន ។ ពាក់ព័ន្ធបញ្ហាជំនន់ទឹកភ្លៀងលិចទីក្រុងនេះវិញ ខ្ញុំមិនរំពឹងថា អាជ្ញាធរ ទាំងក្រុង និងខេត្ត អាចដោះស្រាយ​បញ្ហាបានឡើយ ពីព្រោះ​លូបង្ហូរទឹក ឬប្រព័ន្ធ​បង្ហូរទឹកក្នុងទីក្រុងនេះ​ត្រូវបានលុបអស់ទៅហើយ ។

មិនថាមុខផ្ទះគេ ឬមុខផ្ទះខ្ញុំបាទ​នោះទេ សំរាម​ត្រូវបានគរយូរថ្ងៃ​ទម្រាំបាន​រថយន្តមកប្រមូលម្តងៗ ។ ខ្ញុំបាទសង្កេតឃើញ​អាជ្ញាធរក្រុង ក៏ដូចជាអាជ្ញាធរខេត្តបានកោះប្រជុំញឹកញាប់ខ្លាំងណាស់ទៅហើយ អំពីបញ្ហាសំរាមនៅក្នុងទីក្រុងនេះ ។ តាមអ្វីដែលជាការប្រជុំនោះ គួរ​ណាស់តែមានលទ្ធផលវិជ្ជមាន ដុំកំភួន ឬនិយាយឲ្យខ្លី គ្មានសំរាម​នៅលើចិញ្ចើមផ្លូវទៀតទេ ។ ប៉ុន្តែទីបំផុតទៅ ការប្រជុំ​ដែលប្រារព្ធឡើង​នៅក្នុងបន្ទប់បំពាក់ដោយម៉ាស៊ីនត្រជាក់នោះគ្មានបានលទ្ធផលអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ ប្រជុំចេះតែប្រជុំ សំរាមចេះតែបន្តគរកើនឡើង ។ អាជ្ញាធរ​អាចនិយាយថា បានលទ្ធផលវិជ្ជមានច្រើនណាស់ហើយ ប៉ុន្តែ​ទិដ្ឋភាពជាក់ស្តែង​សំរាម​នៅតែ​គរ​ស្ទើរគ្រប់ដងផ្លូវនៅក្នុងក្រុងមាត់សមុទ្រមួយនេះ ។ នៅពេលដែល​ភ្លៀងជន់លិចទីក្រុង ធ្វើឲ្យសំរាមអណ្តែតលើទឹកហូរចូលទៅក្នុងផ្ទះ ដែលទិដ្ឋភាពបែបនេះ ប្រជាពលរដ្ឋ ក៏ដូចមហាជនស្រមៃមើលចុះថា តើវាយ៉ាងម៉េច?

នៅពេលដែលប្រជាពលរដ្ឋនិយាយអំពីបញ្ហាសំរាម មានថ្នាក់ដឹកនាំខ្លះ លាបពណ៌ថា ក្រុមនោះជាក្រុមប្រឆាំង ឬយ៉ាងនេះ យ៉ាងនោះ ដោយមិនយល់អំពី​កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ។ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋយល់ហើយថា អាជ្ញាធរពិតជាប្រឹងប្រែង ពោល​គឺ​ប្រជុំនោះមហាប្រជុំ ដើម្បីដោះស្រាយបញ្ហាសំរាម ប៉ុន្តែប្រជុំយូរទៅ សំរាមកាន់តែគរច្រើនឡើង ។ ដូច្នេះអាជ្ញាធរគួរតែលុបចោល​ការ​ប្រជុំ ហើយ​រួមគ្នា ទៅកើបសំរាមទាំងនោះវិញល្អជាង ។ អ្វីដែលជាការខំប្រឹងប្រែងរបស់អាជ្ញាធរ ហាក់ដូចជាមិនបានឆ្លើយតប​ទៅនឹង​អ្វី​ដែល​កំពុងកើតមាននោះឡើយ ។ ខ្សែផ្លូវជាច្រើនរងការខូចខាតស្ទើរតែមិនអាចជិះម៉ូតូបាន ។ ប្រជាពលរដ្ឋ​ក្នុងទីក្រុងធ្វើដំណើរ​ទាំងប្រថុយ​ប្រថាន ផ្សងគ្រោះថ្នាក់នៅពេលដែលមានភ្លៀង ហើយទឹកជន់លិចផ្លូវ ឬហូរចូលផ្ទះសម្បែងជាដើមនោះ ។

យើងខ្ញុំពិតជាយល់ថា ក្រុងព្រះសីហនុ ប្រឈមនឹងការលំបាក ឬ​មានបញ្ហាច្រើន​នៅពេលដែលមានការអភិវឌ្ឍ ។ ប៉ុន្តែបញ្ហាសំរាម មិនគួរ​រាំងស្ទះ ឬធ្វើឲ្យប្រជាពលរដ្ឋ​ថ្នាំងថ្នាក់នោះឡើយ ។ ការកំណត់ពេលវេលាជាក់លាក់​ឲ្យក្រុមហ៊ុនប្រមូលសំរាមធ្វើប្រតិបត្តិការ ឲ្យបានទៀងទាត់​តាមអ្វីដែលបានកំណត់​ គឺ​អាចបញ្ចៀសបញ្ហាកកស្ទះសំរាមនៅលើដងផ្លូវនោះបានខ្លះហើយ ។ យើងខ្ញុំមិនយល់ថា ហេតុអ្វីបានជាអាជ្ញាធរ ក្រុង ឬខេត្ត​មិនចាត់វិធានការក្រុមហ៊ុនប្រមូលសំរាមឲ្យចុះប្រមូលសំរាម​ឲ្យបានទៀងទាត់? អាជ្ញាធរបែរជាព្រមាន​ប្រជាពលរដ្ឋបញ្ហាចោលសំរាមទៅវិញ ។ តើឲ្យប្រជាពលរដ្ឋគរសំរាមទុកក្នុងផ្ទះ នៅពេលដែល​ពលរដ្ឋ​បានចំណាយ​ប្រាក់ជាប្រចាំខែយ៉ាងទៀត​ទាត់ឲ្យទៅក្រុមហ៊ុនប្រមូលសំរាមហើយនោះឬយ៉ាងណា? មិនបាច់ប្រជុំទៀតទេ! គឺគ្រាន់តែប្រាប់​ក្រុមហ៊ុន​ឲ្យចុះមកប្រមូលសំរាម​ឲ្យបានទៀងទាត់និងឆាប់រហ័ស គឺគ្រប់គ្រាន់ហើយ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖