ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ រាស្ត្រចង់ឃើញអ្នកទទួលខុសត្រូវ​បញ្ហាបទល្មើសព្រៃឈើ

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ពិតជាកោតសរសើរចំពោះអាជ្ញាធរមានសមត្ថកិច្ច ពោលគឺគណៈកម្មការជាតិបង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិ​ដឹកនាំដោយ​នាយឧត្តមសេនីយ៍​សៅ សុខា ។ លទ្ធផលដែលបាន​ទទួលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺបង្ហាញច្បាស់អំពី​កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច បើទោះជាយ៉ាងណាក៏ដោយ វាមិនទាន់ឆ្លើយតប​ ឬបំពេញបំណងប្រាថ្នានៃការចង់​បាន​របស់ពលរដ្ឋទូទៅនោះទេ ប៉ុន្តែអាជ្ញាធរបានធ្វើជាបន្តបន្ទាប់មកហើយ និងត្រៀមបង្ក្រាបនៅកន្លែងផ្សេងទៀត ។

សម្រាប់យើងខ្ញុំជាប្រជាពលរដ្ឋយល់ឃើញថា ដើម្បីកាត់ផ្តាច់ឫសគល់បញ្ហាបទល្មើសព្រៃឈើនេះ​មិនត្រឹមតែ​ត្រូវដុត​គ្រឿងចក្រ​ដែល​ជា​មធ្យោបាយដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែត្រូវរកអ្នកទទួលខុសត្រូវ និងអ្នកប្រព្រឹត្តដូចគ្នា​យកមកផ្តន្ទាទោសឲ្យខាងតែបាន ។ ជាក់ស្តែង​ការ​បង្ក្រាប និងចាប់មនុស្ស​​ប៉ុន្មាននាក់នៅឯខេត្តមណ្ឌលគិរី មិនគ្រប់គ្រាន់ដែលធ្វើឲ្យពួកឈ្មួញខ្លាចរអានោះឡើយ ។ ពីព្រោះគេដឹងថា នៅខេត្តមណ្ឌលគិរី មិនមែនមានតែឈ្មួញ​ស៊ឹង សំអុល និងគូកនជាកូនចៅប៉ុន្មាននាក់នោះទេ ដែលជាអ្នកប្រព្រឹត្តបទល្មើស ហើយជា​មួយ​គ្នានោះ អាជ្ញាធរ ក៏ជាអ្នកទទួលខុសត្រូវ​ក្នុងការបណ្តែតបណ្តោយឲ្យមានបទល្មើសផ្តេកផ្តួល​ជាមួយក្រុមឧកញ៉ាស៊ឹង សំអុល នោះដែរ ។ ដូច្នេះ ប្រាកដណាស់ថា មិនមែនមានតែក្រុមស៊ឹង សំអុល និង​មេព្រៃល្អិតល្អោច​ប៉ុន្មាននាក់នោះទេ ។ អ្នកទទួលខុសត្រូវគឺត្រូវតែធំជាង​មន្ត្រីកំប៉ិកកំប៉ុកនៅតាមតំបន់នោះ ។ រីឯឈ្មួញក៏ដូចគ្នា ពីព្រោះថា នៅទឹកដីមណ្ឌលគិរី មិនមែនមានតែស៊ឹង សំអុល មួយទេ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ។

បុគ្គលម្នាក់ទៀត​ដែលល្បីជាយូរមកហើយ ក្នុងការដឹកជញ្ជូនឈើតាមច្រកណាំលៀ ក្រោមដែនសមត្ថកិច្ចរបស់នាយកដ្ឋានជម្រកសត្វព្រៃណាំលៀ កំពុងសើចចំអក​ឲ្យគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធាន​ធម្មជាតិ នោះគឺបុគ្គលឈ្មោះ សារឿន ម៉ាប់ ដែលល្បីឈ្មោះ​មិនចាញ់ឧកញ៉ា ស៊ឹង សំអុល នោះឡើយ ។ មនុស្សមិនតិចទេដែលទទួលបានប្រយោជន៍​ពីឈ្មួញម្នាក់នេះ ក្នុងការដឹកឈើចេញពីខេត្តមណ្ឌលគិរីតាមច្រកភ្នំណាំលៀទៅប្រទេសវៀតណាម ។ ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី​បានដឹង និងទទួលស្គាល់ថា បុរសម្នាក់នេះ ក្រៅតែពីជាអ្នកជំនួញឈើដ៏ល្បីឈ្មោះ ថែមទាំងអាចដាក់រោងសិប្បកម្មក្នុងដែនជម្រកសត្វព្រៃ​ភ្នំណាំលៀថែមទៀតផង ។ ជាក់ស្តែងពលរដ្ឋជនជាតិភាគតិច​រស់នៅតំបន់ភ្នំណាំលៀ
បានដាក់ពាក្យប្តឹងបុរសឈ្មោះ សារឿន ម៉ាប់ ពីបទ ប៉ុនប៉ងមនុស្សឃាត ពាក់ព័ន្ធនឹងបញ្ហាបទល្មើសព្រៃឈើ​នៅតំបន់ភ្នំណាំលៀនេះ ។

ជាងនេះទៅទៀត នៅក្រុងសែនមនោរម្យ នរណាក៏ដឹង​ថា បទល្មើសព្រៃឈើ​ដែលកសាងឡើងដោយបុរសឈ្មោះ សារឿន ម៉ាប់ មានពាក់ព័ន្ធនឹង​នាយកដែនជម្រកសត្វព្រៃភ្នំណាំលៀនោះផងដែរ ។ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្នំណាំលៀ សុទ្ធតែដឹងអំពីបញ្ហាបទល្មើស​ព្រៃឈើ និងដំណើរឆ្លងកាត់នៃរថយន្តរាប់សិបគ្រឿងក្នុងមួយថ្ងៃៗចេញពីតំបន់ភ្នំណាំលៀ ។ នាយកដែនជម្រកសត្វព្រៃភ្នំណាំលៀ ក្នុងរយៈពេលជាង២ឆ្នាំនេះ បានប្រែក្លាយពីពលរដ្ឋធម្មតា ស្ទើរទៅជាឧកញ៉ាទៅហើយ ។ គាត់ជាអ្នក​បោះមេ ក្នុងបញ្ហាបទល្មើសព្រៃឈើ​ជាមួយឈ្មួញធំ ជាពិសេស​ជាមួយបុរសឈ្មោះ សារឿន ម៉ាប់ ។

នេះគ្រាន់តែជាឧទាហរណ៍ ឬទឡ្ហីករណ៍ថ្មីៗ សម្រាប់គណៈកម្មការជាតិបង្ក្រាប​បទល្មើសធនធានធម្មជាតិពិចារណា ។ យើងខ្ញុំជាប្រជាពលរដ្ឋ ពិតជាប្រាថ្នាចង់ឲ្យសកម្មភាព​នៃការកាប់បំផ្លាញព្រៃឈើ​ត្រូវបានបិទជាស្ថាពរ ឬបញ្ចប់ទាំងស្រុង ។ ដើម្បីបញ្ចប់ទាំងស្រុង មិនមែនត្រូវចប់តែ​មនុស្សប៉ុន្មាននាក់ដោយមិនយកអ្នកទទួលខុសត្រូវ និងអ្នកប្រព្រឹត្តល្មើសផ្សេងទៀត​ទៅកាត់ទោសផងនោះទេ ។ ផ្ទុយទៅវិញ អ្នកប្រព្រឹត្តដូចគ្នា ត្រូវមានទោសដូចគ្នា ហើយជាងនេះទៅទៀត ក្នុងនាមអាជ្ញាធរដែនដី​គឺជាអ្នកទទួលខុសត្រូវមុនគេ ។ តាំងពី​បើកប្រតិបត្តិការមក គេសង្កេតឃើញថា មានតែស្ថាប័នជំនាញថ្នាក់ក្រោម តូចតាច តែប៉ុណ្ណោះ ដែលមានឈ្មោះទទួលខុសត្រូវ នោះគឺមន្ត្រីរដ្ឋបាលព្រៃឈើល្អិតល្អោច​បានលុយតិចតួចពីឈ្មួញស៊ឹង សំអុល តែប៉ុណ្ណោះ ដែលត្រូវតុលាការកោះហៅសួរនាំ ប៉ុន្តែអាជ្ញាធរដែន​ដី ថ្នាក់ខេត្ត មិនមាននរណាចេញមុខទទួលខុសត្រូវ ឬពាក់ព័ន្ធនោះឡើយ ។

ក្នុងនាមប្រជាពលរដ្ឋ ចង់ឃើញមិនត្រឹមតែ​ការបង្ក្រាបបទល្មើសនៅបណ្តាខេត្តភាគឦសានប៉ុណ្ណោះទេ ប៉ុន្តែក៏ចង់ឃើញ​នៅទីផ្សេងទៀត ដូចជានៅខេត្តពោធិ៍សាត់ ឬខេត្តកំពង់ស្ពឺជាដើម ។ យើងខ្ញុំរំពឹងថា យុទ្ធនាការលើកនេះ ពិតជាមិនអាច​ឲ្យឈ្មួញមានឱកាស​បន្តប្រព្រឹត្ត​បទល្មើសទៀតនោះឡើយ ។ ប៉ុន្តែប្រសិនបើ​អាជ្ញាធរមានសមត្ថកិច្ចមិនចាប់វិធានការឲ្យគ្រប់ជ្រុងជ្រោយទេនោះ ពួកឈ្មួញអាចនឹង​ឆ្លៀត​ឱកាសបន្តសកម្មភាព ឡើងវិញ ។ ការដុតបំផ្លាញមធ្យោបាយដឹកជញ្ជូន គឺជារឿងមួយ ប៉ុន្តែការ​ជីកឫសគល់រកអ្នកពាក់ព័ន្ធទាំងឡាយ ដូចពាក្យចាស់ថា ជីកស្មៅ ជីកទាំងឫស ពោលគឺកាត់ផ្តាច់ឫសគល់ ទើបជាវិធានការដ៏មានប្រសិទ្ធភាព ។ យើងខ្ញុំជាប្រជាពលរដ្ឋរំពឹងថា ទំហំនៃបទល្មើសព្រៃឈើ​ដែលបានកើតឡើងមក នឹងមានឈ្មួញច្រើនទៀត ក៏ដូចជាជនដែលពាក់ព័ន្ធផ្សេងទៀត រួមទាំងអាជ្ញាធរមានសមត្ថកិច្ចជាអ្នកទទួលខុសត្រូវទាំងអស់គ្នា ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖