ក្នុងនាមប្រជាពលរដ្ឋម្នាក់ ពិតជាកោតសរសើរចំពោះអាជ្ញាធរមានសមត្ថកិច្ច ពោលគឺគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិដឹកនាំដោយនាយឧត្តមសេនីយ៍សៅ សុខា ។ លទ្ធផលដែលបានទទួលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺបង្ហាញច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច បើទោះជាយ៉ាងណាក៏ដោយ វាមិនទាន់ឆ្លើយតប ឬបំពេញបំណងប្រាថ្នានៃការចង់បានរបស់ពលរដ្ឋទូទៅនោះទេ ប៉ុន្តែអាជ្ញាធរបានធ្វើជាបន្តបន្ទាប់មកហើយ និងត្រៀមបង្ក្រាបនៅកន្លែងផ្សេងទៀត ។
សម្រាប់យើងខ្ញុំជាប្រជាពលរដ្ឋយល់ឃើញថា ដើម្បីកាត់ផ្តាច់ឫសគល់បញ្ហាបទល្មើសព្រៃឈើនេះមិនត្រឹមតែត្រូវដុតគ្រឿងចក្រដែលជាមធ្យោបាយដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែត្រូវរកអ្នកទទួលខុសត្រូវ និងអ្នកប្រព្រឹត្តដូចគ្នាយកមកផ្តន្ទាទោសឲ្យខាងតែបាន ។ ជាក់ស្តែងការបង្ក្រាប និងចាប់មនុស្សប៉ុន្មាននាក់នៅឯខេត្តមណ្ឌលគិរី មិនគ្រប់គ្រាន់ដែលធ្វើឲ្យពួកឈ្មួញខ្លាចរអានោះឡើយ ។ ពីព្រោះគេដឹងថា នៅខេត្តមណ្ឌលគិរី មិនមែនមានតែឈ្មួញស៊ឹង សំអុល និងគូកនជាកូនចៅប៉ុន្មាននាក់នោះទេ ដែលជាអ្នកប្រព្រឹត្តបទល្មើស ហើយជាមួយគ្នានោះ អាជ្ញាធរ ក៏ជាអ្នកទទួលខុសត្រូវក្នុងការបណ្តែតបណ្តោយឲ្យមានបទល្មើសផ្តេកផ្តួលជាមួយក្រុមឧកញ៉ាស៊ឹង សំអុល នោះដែរ ។ ដូច្នេះ ប្រាកដណាស់ថា មិនមែនមានតែក្រុមស៊ឹង សំអុល និងមេព្រៃល្អិតល្អោចប៉ុន្មាននាក់នោះទេ ។ អ្នកទទួលខុសត្រូវគឺត្រូវតែធំជាងមន្ត្រីកំប៉ិកកំប៉ុកនៅតាមតំបន់នោះ ។ រីឯឈ្មួញក៏ដូចគ្នា ពីព្រោះថា នៅទឹកដីមណ្ឌលគិរី មិនមែនមានតែស៊ឹង សំអុល មួយទេ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ។
បុគ្គលម្នាក់ទៀតដែលល្បីជាយូរមកហើយ ក្នុងការដឹកជញ្ជូនឈើតាមច្រកណាំលៀ ក្រោមដែនសមត្ថកិច្ចរបស់នាយកដ្ឋានជម្រកសត្វព្រៃណាំលៀ កំពុងសើចចំអកឲ្យគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ នោះគឺបុគ្គលឈ្មោះ សារឿន ម៉ាប់ ដែលល្បីឈ្មោះមិនចាញ់ឧកញ៉ា ស៊ឹង សំអុល នោះឡើយ ។ មនុស្សមិនតិចទេដែលទទួលបានប្រយោជន៍ពីឈ្មួញម្នាក់នេះ ក្នុងការដឹកឈើចេញពីខេត្តមណ្ឌលគិរីតាមច្រកភ្នំណាំលៀទៅប្រទេសវៀតណាម ។ ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរីបានដឹង និងទទួលស្គាល់ថា បុរសម្នាក់នេះ ក្រៅតែពីជាអ្នកជំនួញឈើដ៏ល្បីឈ្មោះ ថែមទាំងអាចដាក់រោងសិប្បកម្មក្នុងដែនជម្រកសត្វព្រៃភ្នំណាំលៀថែមទៀតផង ។ ជាក់ស្តែងពលរដ្ឋជនជាតិភាគតិចរស់នៅតំបន់ភ្នំណាំលៀ
បានដាក់ពាក្យប្តឹងបុរសឈ្មោះ សារឿន ម៉ាប់ ពីបទ ប៉ុនប៉ងមនុស្សឃាត ពាក់ព័ន្ធនឹងបញ្ហាបទល្មើសព្រៃឈើនៅតំបន់ភ្នំណាំលៀនេះ ។
ជាងនេះទៅទៀត នៅក្រុងសែនមនោរម្យ នរណាក៏ដឹងថា បទល្មើសព្រៃឈើដែលកសាងឡើងដោយបុរសឈ្មោះ សារឿន ម៉ាប់ មានពាក់ព័ន្ធនឹងនាយកដែនជម្រកសត្វព្រៃភ្នំណាំលៀនោះផងដែរ ។ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្នំណាំលៀ សុទ្ធតែដឹងអំពីបញ្ហាបទល្មើសព្រៃឈើ និងដំណើរឆ្លងកាត់នៃរថយន្តរាប់សិបគ្រឿងក្នុងមួយថ្ងៃៗចេញពីតំបន់ភ្នំណាំលៀ ។ នាយកដែនជម្រកសត្វព្រៃភ្នំណាំលៀ ក្នុងរយៈពេលជាង២ឆ្នាំនេះ បានប្រែក្លាយពីពលរដ្ឋធម្មតា ស្ទើរទៅជាឧកញ៉ាទៅហើយ ។ គាត់ជាអ្នកបោះមេ ក្នុងបញ្ហាបទល្មើសព្រៃឈើជាមួយឈ្មួញធំ ជាពិសេសជាមួយបុរសឈ្មោះ សារឿន ម៉ាប់ ។
នេះគ្រាន់តែជាឧទាហរណ៍ ឬទឡ្ហីករណ៍ថ្មីៗ សម្រាប់គណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិពិចារណា ។ យើងខ្ញុំជាប្រជាពលរដ្ឋ ពិតជាប្រាថ្នាចង់ឲ្យសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើត្រូវបានបិទជាស្ថាពរ ឬបញ្ចប់ទាំងស្រុង ។ ដើម្បីបញ្ចប់ទាំងស្រុង មិនមែនត្រូវចប់តែមនុស្សប៉ុន្មាននាក់ដោយមិនយកអ្នកទទួលខុសត្រូវ និងអ្នកប្រព្រឹត្តល្មើសផ្សេងទៀតទៅកាត់ទោសផងនោះទេ ។ ផ្ទុយទៅវិញ អ្នកប្រព្រឹត្តដូចគ្នា ត្រូវមានទោសដូចគ្នា ហើយជាងនេះទៅទៀត ក្នុងនាមអាជ្ញាធរដែនដីគឺជាអ្នកទទួលខុសត្រូវមុនគេ ។ តាំងពីបើកប្រតិបត្តិការមក គេសង្កេតឃើញថា មានតែស្ថាប័នជំនាញថ្នាក់ក្រោម តូចតាច តែប៉ុណ្ណោះ ដែលមានឈ្មោះទទួលខុសត្រូវ នោះគឺមន្ត្រីរដ្ឋបាលព្រៃឈើល្អិតល្អោចបានលុយតិចតួចពីឈ្មួញស៊ឹង សំអុល តែប៉ុណ្ណោះ ដែលត្រូវតុលាការកោះហៅសួរនាំ ប៉ុន្តែអាជ្ញាធរដែនដី ថ្នាក់ខេត្ត មិនមាននរណាចេញមុខទទួលខុសត្រូវ ឬពាក់ព័ន្ធនោះឡើយ ។
ក្នុងនាមប្រជាពលរដ្ឋ ចង់ឃើញមិនត្រឹមតែការបង្ក្រាបបទល្មើសនៅបណ្តាខេត្តភាគឦសានប៉ុណ្ណោះទេ ប៉ុន្តែក៏ចង់ឃើញនៅទីផ្សេងទៀត ដូចជានៅខេត្តពោធិ៍សាត់ ឬខេត្តកំពង់ស្ពឺជាដើម ។ យើងខ្ញុំរំពឹងថា យុទ្ធនាការលើកនេះ ពិតជាមិនអាចឲ្យឈ្មួញមានឱកាសបន្តប្រព្រឹត្តបទល្មើសទៀតនោះឡើយ ។ ប៉ុន្តែប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចមិនចាប់វិធានការឲ្យគ្រប់ជ្រុងជ្រោយទេនោះ ពួកឈ្មួញអាចនឹងឆ្លៀតឱកាសបន្តសកម្មភាព ឡើងវិញ ។ ការដុតបំផ្លាញមធ្យោបាយដឹកជញ្ជូន គឺជារឿងមួយ ប៉ុន្តែការជីកឫសគល់រកអ្នកពាក់ព័ន្ធទាំងឡាយ ដូចពាក្យចាស់ថា ជីកស្មៅ ជីកទាំងឫស ពោលគឺកាត់ផ្តាច់ឫសគល់ ទើបជាវិធានការដ៏មានប្រសិទ្ធភាព ។ យើងខ្ញុំជាប្រជាពលរដ្ឋរំពឹងថា ទំហំនៃបទល្មើសព្រៃឈើដែលបានកើតឡើងមក នឹងមានឈ្មួញច្រើនទៀត ក៏ដូចជាជនដែលពាក់ព័ន្ធផ្សេងទៀត រួមទាំងអាជ្ញាធរមានសមត្ថកិច្ចជាអ្នកទទួលខុសត្រូវទាំងអស់គ្នា ៕ ប្រជាពលរដ្ឋម្នាក់