បាតុកម្មនៅកោះហុងកុង អូសបន្លាយរយៈពេលជិតកន្លះឆ្នាំមកហើយ ដោយចាប់ផ្តើមចេញពីច្បាប់ធ្វើបត្យាប័ន ។ ប៉ុន្តែក្រោយរដ្ឋាភិបាលហុងកុងបានលុបច្បាប់នោះចោលហើយក្តីតែ ក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មអត់ឈប់ ទាមទារ លើសពីអ្វីដែលខ្លួនចង់បាន បង្កឲ្យមានអំពើហិង្សាកើតឡើង។
ការធ្វើបាតុកម្មអត់ឈប់ឈរនោះគឺដោយសាតែមានបាតដៃអាមេរិក ចូលរួមធ្វើឲ្យអសន្តិសុខ កាន់តែខ្លាំង ដោយអាមេរិក មានគោលដៅ សំដៅទៅលើរដ្ឋាភិបាលចិនទៅវិញទេ។នៅពេលនេះដែរ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបោះឆ្នោតសម្រេចជាឯកច្ឆន្ទទៅលើច្បាប់មួយ ដែលថាគោលបំណងការពារសិទ្ធិមនុស្សនៅហុងកុងស្អីគេនោះ បន្ទាប់ពីបាតុកម្មនៅទីនោះ អូសបន្លាយពេលវេលា ធ្វើឲ្យខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅហុងកុង ។
នៅពេលបច្ចុប្បន្ននេះ គឺក្រោយពីព្រឹទ្ធសភាប្រកូកប្រកាសសំឡេងគាំទ្រពេញទំហឹងទៅលើ «ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សហុងកុង» នោះភ្លាម គេបានបញ្ជូនច្បាប់នេះទៅកាន់រដ្ឋសភាអាមេរិក ដែលពីមុនស្ថាប័ននេះ បានកែសម្រួលច្បាប់នេះផ្ទាល់ខ្លួនម្តងរួចហើយដែរ ។
សភាទាំងពីរនៅអាមេរិកនឹងរួមគ្នាកែប្រែចំណុចខ្វែងគំនិតគ្នានៅលើច្បាប់នេះ មុនពេលបញ្ជូនទៅកាន់ប្រធានាធិបតីដូណាល់ ត្រាំ សម្រេចចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការ ។
សមាជិកព្រឹទ្ធសភាអាមេរិកមួយរូបឈ្មោះ ម៉ាក្រូ រូបាយអូ បានថ្លែងចោទប្រកាន់ទីក្រុងប៉េកាំងទាំងងងើលថា បានបង្កអំពើហិង្សា និងគំរាមកំហែង ។ លោក រូបាយអូ បាននិយាយថា «ប្រជាជនហុងកុងនឹងឃើញហើយ អ្វីកើតឡើងនៅឆាប់ៗខាងមុខ ។ ពួកគេឃើញនូវការខិតខំឥតឈប់ឈរដើម្បីលុបបំបាត់សិទ្ធិស្វ័យភាព និងសេរីភាពរបស់ពួកគេនោះ» ។
ក្រុមបាតុករហុងកុងបានខឹងសម្បា និងចោទប្រកាន់ចិនថា ជ្រៀតជ្រែកក្នុងបញ្ហាសិទ្ធិសេរីភាពរបស់ពួកគេ មិនធ្វើតាមសន្យានៅពេលដែលដែនដីហុងកុងត្រូវចក្រភពអង់គ្លេស អតីតអាណានិគមន៍នោះប្រគល់ទៅឲ្យចិនគ្រប់គ្រងកាលពីឆ្នាំ១៩៩៧ ក្រោមរូបមន្ត «ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ»។
បាតុកម្មរបស់បាតុករនៅហុងកុងបានអូសបន្លាយមកដល់ពេលនេះជាងកន្លះឆ្នាំហើយៗធ្វើឲ្យខាតបង់សេដ្ឋកិច្ច ការប្រឈមមុខដោយអំពើហិង្សាជាមួយប៉ូលិស និងពេលខ្លះឈានដល់ការបាញ់ប្រហារកើតឡើង បណ្តាលឲ្យស្លាប់ និងរងរបួស និងចាប់ខ្លួន។ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្សប្រហែល ១ ១០០នាក់ ពេលដែលប៉ូលិសបានរកឃើញគ្រាប់បែកសាំង ៣ ៩០០ គ្រាប់។
រដ្ឋាភិបាលចិនថ្មីៗនេះបានព្រមានអ្នកនៅខាងក្រៅមិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិននោះទេ ។ បើមិនដូច្នោះទេ នឹងប្រឈមការតប់តវិញឲ្យបានស័ក្តិសមបំផុត ៕