ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់រថយន្តដឹកបន្លែមានផ្ទុក​កាកសំណល់​គីមី​ជាច្រើនមុខ ដែលនាំចូល​ពី​ប្រទេស​វៀតណាមមកកម្ពុជា តាម​ច្រក​អន្តរជាតិ​ជ្រៃ​ធំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តជាច្រើនគ្រឿងដែលដឹកបន្លែចំនួនប្រភេទមានផ្ទុកកាកសំណល់គីមីមានដូចជា៖ ស្ពៃបូកគោ ផ្កាខាត់ណា ពោតបារាំង ក្រូចឆ្មារតូច (​សម្រាប់ធ្វើតែជ្រក់​) ផ្លែល្ពៅ និងផ្កាគូឆាយត្រូវបានក្រុមឈ្មួញនាំចូលពីប្រទេសវៀតណាម តាមច្រកអន្តរជាតិជ្រៃធំ ខេត្តកណ្តាល ជាហូរហែលត្រូវបានមន្រ្តីជំនាញកាំកុងត្រូលធ្វើការបង្រ្កាប 

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឲ្យដឹងនៅថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២០នេះថា បន្លែទាំងប្រភេទដែលខាងកាំកុងត្រូលរកឃើញមានកាកសំណល់ថ្នាំពុលគីមីកសិកម្មនោះ ត្រូវបានរឹបអូសយកទៅបំផ្លាញចោល លោក បញ្ជាក់ដូច្នេះ«​បន្លែនិងផ្លែឈើពីវៀតណាមយើងនៅតែបន្តនាំចូលហ្នឹង ដើម្បីបំពេញតម្រូវក្នុងស្រុក ប៉ុន្តែយើងបានបង្កើនការត្រួតពិនិត្យគុណភាពជាប្រចាំនៅតាមច្រកព្រំដែនដោយមានមន្ត្រីជំនាញកាំកុងត្រូលយើងធ្វើការងារយកចិត្តទុកដាក់បំផុត​»​

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ក្រសួងមហាផ្ទៃបានបង្គាប់ឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរមានសមត្ថកិច្ចប្រចាំនៅតាមច្រកព្រំដែនទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យនិងទប់ស្កាត់ការនាំចូលបន្លែ និងផ្លែឈើមានជាតិគីមីពុល និងទំនិញខូចគុណភាព ដោយសំដៅដល់ការការពារអាយុជីវិត និងសុខភាពពលរដ្ឋ ជាមួយគ្នានេះ  សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានទាមទារឱ្យរដ្ឋាភិបាលបង្កើតប្រព័ន្ធរាយការណ៍បន្ទាន់តាមទូរសព្ទ (Hot Line) ដើម្បីឱ្យពលរដ្ឋអាចរាយការណ៍អំពីករណីសង្ស័យទៅលើមន្ត្រី អាជ្ញាធរអនុញ្ញាតឱ្យនាំបន្លែ និងផ្លែឈើដែលមានផ្ទុកសារធាតុគីមីពុលពីបរទេស ចូលកម្ពុជា

បើតាមមន្ត្រីនៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ (​កាំកុងត្រូល​) ខេត្តកណ្តាល បានឲ្យដឹងថា បន្លែដែលមានផ្ទុកសារធាតុថ្នាំពុលកសិកម្មនេះ ត្រូវបានរកឃើញនៅតាមច្រកទ្វារអន្តរជាតិជ្រៃធំ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ដោយមានការសហការពីការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិជ្រៃធំ និងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិជ្រៃធំ

ប្រភពដដែល បានឲ្យដឹងថា បន្លែទាំងអស់នោះ គឺមានផ្ទុកកាកសំណល់សម្លាប់សត្វល្អិត សារធាតុថ្នាំពុលគីមីកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគនិងមិនអនុញ្ញាតឱ្យនាំចូល ជាបណ្តោះអាសន្ន

ដោយឡែកលោក ប៉ុក បញ្ញា សាស្ត្រាចារ្យផ្នែកកសិកម្មនៃសាកលវិទ្យាល័យខេត្តបាត់ដំបង និងក៏ជាអ្នកស្រាវជ្រាវថ្នាំពុលគីមី ធា្លប់មានប្រសាសន៍ថាបន្លែ និងផ្លែឈើដែលមានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត និងថ្នាំពុលកសិកម្មនានា អាចបរិភោគនឹងមានអាការ វិលមុខ ចុកពោះ រាគរូស និងក្អួតហើយអាចបង្កជាជំងឺធ្ងន់ធ្ងរមួយចំនួនក្នុងរយៈពេលវែង ផងដែរ

លោកបានបន្តថា ថ្នាំពុលគីមីក្នុងដំណាំ គឺជាអាវុធមុខពីរក្នុងវិស័យកសិកម្មថ្នាំពុលគីមីបានជួយឱ្យផលដំណាំរបស់កសិករឆាប់ទទួលបានផល រក្សាបានផលដំណាំបានយូរ ការពារការបំផ្លាញសត្វល្អិតចង្រៃ ជួយកាត់បន្ថយជំងឺក្នុងដំណាំ និងទទួលបានបរិមាណច្រើន ប៉ុន្តែសម្រាប់ផលប៉ះពាល់របស់ថ្នាំគីមីវិញ គឺបង្កឱ្យសត្វល្អិតល្អក្នុងដីបានងាប់ និងបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីក្នុងធម្មជាតិ ហើយសារធាតុថ្នាំពុលគីមីកសិកម្មនោះ នឹងធ្វើឱ្យប្រភពទឹក ដីខ្យល់ សត្វ មនុស្ស ត្រូវរងផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតផងដែរដោយ៖ស តារា


ចែករំលែក៖