សារព័ត៌មាន New York Times បានផ្សាយថា អាមេរិកបានបង្កើនល្បឿនចាក់វ៉ាក់សាំងជូនពលរដ្ឋដោយចាក់ជូនបានពីរលាននាក់ ក្នុងមួយថ្ងៃៗ ។ នេះគឺជាចំនួនចាក់វ៉ាក់សាំងដ៏ច្រើនបើប្រៀបធៀប កាលពីមួយខែមុន គឺចាក់ជូនពលរដ្ឋបានតែ ១,៣លាននាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។
ល្បឿននៃការចាក់វ៉ាកសាំងជូនពលរដ្ឋនាពេលនេះ និងជួយឲ្យលោកបៃឌិនសម្រេចបានគោលដៅដែលគ្រោងទុក គឺ ចាក់ជូនពលរដ្ឋ បាន១០០លាននាក់ ក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការកាន់អំណាច។ មិនតែប៉ុណ្តោះ គម្រោងចាក់វ៉ាក់សាំង ជូនពលរដ្ឋបាន១០០លាននាក់ គឺមុនពេលកំណត់ដល់ទៅមួយខែ ប្រសិនបើចាក់ជូនបាន២លាននាក់ក្នុងមួយថ្ងៃៗ។
តាមតួលេខពី មជ្ឈមណ្ឌល គ្រប់គ្រង និងបង្កាជំងឺឆ្លង CDC របស់អាមេរិក បានឲ្យដឹងថា មកដល់ថ្ងៃទី៤ខែមីនា(ពេលវេលាអាមេរិក) មានពលរដ្ឋអាមេរិកជាង៥៤លាននាក់ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ដូសទីមួយ។ ជាមួយគ្នានោះមានពលរដ្ឋ២៧លាននាក់ហើយបានចាក់រួចរាល់ទាំងដូសទីពីរ។ វ៉ាក់សាំងជាង៨២,៥លានដូសហើយបានប្រើប្រាស់ ក្នុងនោះមាន៤២លានដូសរបស់ក្រុមហ៊ុន Pfizer BioNtech និង ៤០ លានដូសរបស់ក្រុមហ៊ុន Moderna ។
លោកបៃឌិនបានប្រកាសថា អាមេរិកមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ជូនពលរដ្ឋ ទាំងអស់ នៅចុងខែឧសភា ឆ្នាំ២០២១ គឺមុនពេលគ្រោងទុក ២ខែ គឺនៅខែកក្កដា។
នៅពេលនេះដែររដ្ឋាភិបាលអាមេរិក បានសហការណ៍ជាមួយក្រុមហ៊ុនផលិតឱសថជាតិ Merck ដើម្បីសហការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson ដែលនាយកដ្ឋាន ស្បៀងអាហារនិង ឱសថ FDA ផ្តល់លិខិតអនុញ្ញាតកាលពីថ្ងៃទី២៧ខែកុម្ភៈ៕ ដោយ៖ធីរីណា
រូបភាព៖Reuters