ខេត្តកំពង់ធំ ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ចេញសេចក្ដីបំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយ គ្មានប្រភពច្បាស់លាស់ និងមិនដឹងអំពីសកម្មភាពការងាររបស់សហគមន៍ព្រៃឈើ ដោយលោក «Sok Seyha» ដែលបានចុះតាមប្រព័ន្ធតេលេក្រាម អំពីការដាំដំឡូងមីក្នុងសហគមន៍ព្រៃឈើអូរក្ដី ស្ថិតក្នុងភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
យោងតាមការចុះផ្សាយព័ត៌មានកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដោយលោក Sok Seyha តាមប្រព័ន្ធ តេលេក្រាម អំពីការដាំដំឡូងមីក្នុងសហគមន៍ព្រៃឈើវាលអូរក្តី ស្ថិតក្នុងភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សូមជម្រាបជូនសាធារណជនជ្រាបថា ការចុះផ្សាយនេះ គឺគ្មានប្រភព ច្បាស់លាស់ និងមិនយល់ដឹងអំពីសកម្មភាពការងាររបស់សហគមន៍ព្រៃឈើនោះទេ។
សហគមន៍ព្រៃឈើវាលអូរក្តី បានទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើផ្ទៃដីសរុបចំនួន ៤ ២១៨ ហិកតា និងបានចុះកិច្ចព្រមព្រៀងរវាងសហគមន៍និងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ដើម្បីជួយគ្រប់គ្រង ក្នុង រយៈពេល១៥ឆ្នាំ ដែលមានសមាជិកចំនួន ៧ ១២២ នាក់ ស្មើនឹង ១ ៤៧៩ គ្រួសារ។
សហគមន៍ព្រៃឈើទទួលបានការអនុញ្ញាតឱ្យធ្វើប្រព័ន្ធកសិរុក្ខកម្ម នៅលើដីព្រៃគ្មានតម្លៃសេដ្ឋកិច្ច ដីព្រៃរងការ កាប់រាន និងដីព្រៃរេចរឹល ជាដើម។ ដូច្នេះការដាំដំឡូងមីក្នុងព្រៃសហគមន៍នេះ គឺជាសកម្មភាពរបស់សមាជិកសហគមន៍ ដែលបានឯកភាពគ្នាកំពុងអនុវត្តប្រព័ន្ធកសិ-រុក្ខកម្ម នៅលើផ្ទៃដីទំហំ ២១០ ហិកតា ដោយតម្រូវឱ្យសមាជិកដែលព្រម ចូលរួមដាំដំឡូងមីឬដំណាំរយៈពេលខ្លីផ្សេងទៀត និងដាំកូនឈើ ដូចជា បេង ធ្នង់ ក្រញូង អាកាស្យា និងប្រេងខ្យល់ ជាដើម ដោយមានកិច្ចសន្យាត្រឹមត្រូវក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារនិងថែរក្សាដីព្រៃសហគមន៍។ សមាជិកទទួលយកផលដំឡូងមី ចំណែកឯកូនឈើដែលធំឡើងទុកជាផលប្រយោជន៍ក្នុងសហគមន៍។ ដំឡូងមីត្រូវបាន ដាំនៅចន្លោះរងកូនឈើ ដើម្បីការពារស្មៅ និងទប់ស្កាត់ភ្លើងឆេះកូនឈើ។
កន្លងមកមន្ត្រីជំនាញព្រៃឈើ នៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ សហការជាមួយគណៈកម្មការគ្រប់គ្រងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាបបទល្មើសកាប់រានដីព្រៃសហគមន៍នេះបានជាច្រើនករណី និងមានផ្ទៃដីចំនួន ៧៤១ ហិកតា ត្រូវបានប្តឹងទៅតុលាការ រីឯផ្ទៃដីព្រៃឈើដែលនៅសល់កំពុងគ្រប់គ្រងដោយសហគមន៍ និងសមត្ថកិច្ចជំនាញ ព្រមទាំងមានកម្លាំងចម្រុះប្រចាំការកំពុងធ្វើការបង្ក្រាបជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា