ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ក្រសួងអប់រំគួរពិនិត្យមើលសៀវភៅភាសាខ្មែរសម្រាប់កម្មវិធីបឋមសិក្សាព្រោះមានខុសអក្ខរាវិរុទ្ធ

ចែករំលែក៖

ខ្ញុំតែងតែឆ្លៀតពេលទំនេរពីការងារ និងកិច្ចការផ្ទះសម្បែងបង្ហាត់បង្រៀនកូនរបស់ ខ្ញុំដែលសិក្សានៅថ្នាក់ទី១ សាលាបឋមសិក្សាសន្ធរម៉ុក សម្រាប់ឆ្នាំសិក្សា២០១៦- ២០១៧នេះគេនឹងចូលរៀននៅថ្នាក់ទី២ នៃសាលាបឋមសិក្សាសន្ធរម៉ុក ។ នៅថ្ងៃមួយ ខ្ញុំបានយកសៀវភៅភាសាខ្មែរថ្នាក់ទី១ និងទី២ មកបង្ហាត់បង្រៀនកូនរបស់ខ្ញុំក៏ឃើញ នៅត្រង់ទំព័រ១៣៣ មេរៀនទី១០៣ (អ្នកគ្រូខ្ញុំ) មានឃ្លាមួយដែលខ្ញុំចាប់អារម្មណ៍នោះ “គាត់មានរាងទាបទ្រមែ សក់វែងប្រាសស្មា…” និងសៀវភៅភាសាខ្មែរថ្នាក់ទី២ ត្រង់ ទំព័រ១១២ មេរៀនទី៥៩ (មុខរបរអ្នកភូមិខ្ញុំ) ការរៀនពាក្យទំព័រ១១៣ ខ្ញុំសង្កេតឃើញ នៅត្រង់ពាក្យផ្ទុយ “ក្មេង ផ្ទុយ ចាស់” ធូធារ ផ្ទុយ ក្រខ្សត់” ។ ចំពោះពាក្យដែលខ្ញុំចាប់អារម្មណ៍ឃើញកំហុសអក្ខរាវិរុទ្ធនោះគឺពាក្យ “ប្រាស” និងពាក្យ “ធូធារ”។ តាមពិត ពាក្យទាំងពីរនេះគណៈកម្មការនិពន្ធ និងគណៈកម្មការត្រួតពិនិត្យភាសាខ្មែរសម្រាប់ កម្មវិធីសិក្សាបឋមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាបានសរសេរខុស ប៉ុន្តែ ពាក្យត្រូវនោះគឺ “ប៉ប្រះ” (ដែលសំយុង ឬឱចុះ ធ្លាក់ចុះ ទាបនឹងដល់ដី សក់វែង ប៉ប្រះស្មា) មិនមែន “ប្រាស” បែបនេះទេ។ ម្យ៉ាងទៀតពាក្យពាក្យ “ធូរធារ” សរសេរ បែបនេះ ពុំមែនសរសេរ “ធូធារ”បែបនេះឡើយ ។

ខ្ញុំមិនចាប់ទោសអូសដំណើរគណៈកម្មការនិពន្ធសៀវភៅកម្មវិធីសិក្សាសម្រាប់ បឋមសិក្សានោះទេ តែនេះជាកំហុសអចេតនាប៉ុណ្ណោះ ក៏ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយ និងកែលម្អ សៀវភៅភាសាខ្មែរ ឬអក្សរសា្រស្តជាតិរបស់ក្រសួងអប់រំជាឯកសារដែល
គ្រប់សាលាបឋមសិក្សាយកទៅបង្ហាត់បង្រៀនដល់សិស្សទូទាំងប្រទេស ។ ចុះបើ ក្រសួងអប់រំមានកំហុសអក្ខរាវិរុទ្ធមិនត្រឹមត្រង់តាមលំអានអក្សរសាស្ត្រជាតិ វាជះឥទ្ធិ ពលអាក្រក់ដល់កូនខ្មែរ ជាពិសេសសិស្សបឋមសិក្សានេះតែម្តង ។

ប្រសិនបើលោកគ្រូ អ្នកគ្រូមានចំណេះជំនាញស្ទាត់ខាងវិស័យអក្សរសា្រស្តខ្មែរ ឬ ក៏អក្ខរាវិរុទ្ធផងនោះមិនថ្វីទេ តែបើលោកគ្រូ អ្នកគ្រូមួយចំនួនលោកពុំសូវស្ទាត់ជំនាញ ឬក៏មិនច្បាស់នឹងអក្ខរាវិរុទ្ធផងទេ វាពិតជាធ្វើឲ្យមានកំហុសជាប្រវត្តិសា្រស្តឬក៏ការ យល់ ខុសនោះបង្កប់នៅក្នុងគំនិតកូនខ្មែរជាបន្តទៀត ។ សព្វថ្ងៃនេះខ្ញុំតែងតែសង្កេត សម្គាល់ ទៅលើសិស្ស និស្សិតខ្មែរភាគច្រើនមិនសូវចេះអក្ខរាវិរុទ្ធប៉ុន្មានទេ ជាពិសេស សិស្សដែលប្រឡងជាប់បាក់ឌុប ពួកគេស្ទើរតែសរសេរអក្សរខ្មែរមិនត្រង់ជួរផង ។ ដូច្នេះក្រសួងអប់រំ មុននឹងបោះពុម្ពផ្សាយសៀវភៅបញ្ជូនមកសាលារៀន ឬគ្រឹះស្ថាន សិក្សាគួរឲ្យគណៈកម្មការនិពន្ធសៀវភៅពិនិត្យផ្ទៀងផ្ទាត់ឲ្យបានហ្មត់ចត់ដើម្បីចៀសវាងកំហុសឆ្គងបន្តទៀត ។ បច្ចុប្បន្ននេះវិស័យអក្សរសា្រស្តជាតិ ពោលគឺអក្ខរាវិរុទ្ធមានសភាពធ្លាក់ចុះទាំងក្នុងជួរអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន មន្ត្រីរាជការប្រជាពលរដ្ឋ និង អាជីវករមួយចំនួន។ មិនតែប៉ុណ្ណោះមានស្លាកយីហោមួយចំនួនដែលសរសេរដាក់តាំង ឬបង្ហាញជាសាធារណៈក៏ខុសអក្ខរាវិរុទ្ធច្រើនដែរ ហើយស្លាកយីហោទាំងនោះមិន សរសេរជាភាសាខ្មែរទៀតផង ពោលគឺសរសេរជាភាសាបរទេស ។

ដើម្បីកែតម្រូវ និងពង្រឹងវិស័យអក្សរសា្រស្តជាតិឲ្យរឹងមាំ ក្រសួងអប់រំគួរ បញ្រ្ជាបកម្មវិធីសិក្សាភាសាខ្មែរតាមរយៈសិស្ស និស្សិតដែលរៀបចំឲ្យមានកម្មវិធីប្រឡងសិស្សពូកែប្រចាំខេត្ត-រាជ ធានីផ្នែកអក្សរសា្រស្តខ្មែរសរសេរតាមអានក្នុងកម្មវិធីសិក្សានិងលើកទឹកចិត្តដល់សិស្សរៀនពូកែផ្នែកអក្សរសា្រស្តខ្មែរប្រការនេះនឹងជំរុញឲ្យវិស័យអក្សរសា្រស្តជាតិយើង
កាន់តែជឿនលឿន សមដូចសុភាសិតមួយពោលថា “វប្បធម៌រលត់ ជាតិរលាយ អក្សរ សាស្ត្រពណ្ណរាយជាតិថ្កើងថ្កាន” ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖