ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ យុទ្ធសាស្ត្ររបស់អាមេរិក «ព្រួញមួយបាញ់បានសត្វពីរ » ពេលបញ្ជូនទាហានមកកាន់ឧបទ្វីបកូរ៉េ

ចែករំលែក៖

អាមេរិកបានបញ្ជូនកម្លាំងទាហាននិងអាវុធមកកាន់តំបន់អាស៊ីដើម្បី ទប់ទល់ជា មួយកូរ៉េខាងជើង គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃរបស់អាមេរិកក្នុងគោលដៅពង្រីកឥទ្ធិពលនៅទីនោះ ដែលមានទាំងការគ្រប់គ្រងឥទ្ធិពលរបស់ចិននៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងផងដែរ ។

ចំណុចទាំងនោះនឹងធ្វើឲ្យអាមេរិក កាន់តែមានកម្លាំងគ្រប់គ្រាន់ក្នុងការទប់ស្កាត់ ចិនដែលកំពុង សាងសង់កោះសិប្បនិមិត្ត ដែលជាទីតាំងយោធាដ៏សំខាន់អាចគំរាមកំហែងដល់មហាអំណាចអាមេរិកបានគ្រប់ពេល។

នៅពេលនេះអាមេរិកត្រូវតែបង្ហាញឥទ្ធិពល ក៏ដូចជាការពារច្បាប់អន្តរជាតិដោយការ ដាក់គំនាបទៅលើចិន ។ ប្រសិនបើ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមិនធ្វើសកម្មភាពទេនោះវានឹងធ្វើឲ្យអាមេរិកត្រូវបាត់ បង់ឥទ្ធិពលរបស់ខ្លួន ហើយច្បាប់អន្តរជាតិក៏នឹងត្រូវបាត់បង់ដែរ ។ ការបង្ខំឲ្យប្រទេសណាមួយត្រូវអនុវត្តច្បាប់នោះគឺមានតែ អាមេរិកប៉ុណ្ណោះ បើអាមេរិកមិនធ្វើសកម្មភាព ទេ សន្តិសុខសណ្តាប់ធ្នាប់ពិភពលោក ដែលអាមេរិកខិតខំថែរក្សាជាយូរណាស មកហើយនោះត្រូវបាត់បង់ជាមិនខាន។

តើយុទ្ធសាស្ត្រណាដែលជួយដល់ អាមេរិកធ្វើសកម្មភាពមានប្រសិទ្ធភាព? ដំបូងអាមេរិកត្រូវតែដឹងច្បាស់ពីយុទ្ធសាស្ត្ររបស់ចិននៅសមុទ្រចិនភាគខាងត្បូង។

នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមអ្នកឯកទេសយុទ្ធសាស្ត្រជាន់ខ្ពស់របស់អាមេរិកបានលើកឡើងថា សកម្មភាពរបស់ចិនដែលវាតទីគ្រប់គ្រងដែនសមុទ្រចិន ភាគខាងត្បូងនោះ មិនត្រឹមតែជួយឲ្យចិនពង្រីកអំណាចសេដ្ឋកិច្ចនោះឡើយ គឺថែមទាំងពង្រីកកម្លាំងយោធាដែលជាស្ពានឆ្ពោះទៅរកការគ្រប់គ្រងពិភពលោកទាំងមូលបាន។

ការដែលអាមរិកបង្កើនសកម្មភាពនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងនោះនឹងធ្វើឲ្យអាមេរិកបានសម្រេចគោលដៅក្នុងការទប់ស្កាត់ឥទ្ធិពលរបស់ចិនដែលជាការចង់បានរបស់អាមេរិកជាយូរណាស់មក ហើយ ។ កន្លងមកអាមេរិកគ្មានមូលដ្ឋាន ច្បាប់ត្រឹមត្រូវដើម្បីលូកដៃចូលក្នុងបញ្ហា​វិវាទនោះទេ ដោយគ្រាន់តែយកលេសការពារសម្ពន្ធមិត្តប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ អាមេរិកមិនមែនការពារតែសម្ពន្ធមិត្តប៉ុណ្ណោះទេថែមទាំងការពារច្បាប់អន្តរជាតិទៀតផង។ ទាំងនោះអាមេរិកនឹងធ្វើសកម្មភាពដោយស្របច្បាប់ហើយចិនមិនអាចរារាំងគំរាមកំហែងដូចកាលពីមុនទៀតឡើយ។

ក្រោយពេលតុលាការអាជ្ញាកណ្តាលចេញសេចក្តីសម្រេចនោះ ហ្វីុលីពីនដូចជាមិនខ្វល់ខ្វាយពីការពិភាក្សាជាមួយចិនឡើយ ឬក៏ខ្លាចចិនគំរាមដូចកាលពីមុននោះទេដោយពេលនេះមានច្បាប់ការពារពីអន្តរជាតិ។ ចំណុចទាំងនោះហើយបានជាកន្លងមកហ្វីុលីពីនច្រានចោលសំណើពិភាក្សារបស់ចិន។

ក្រសួងការបរទេសហ្វីុលីពីនបានលើកឡើងថា ការចរចាផ្ទាល់រវាងហ្វីុលីពីននឹងចិន ទាក់ទងជម្លោះសមុទ្រចិនខាងត្បូង នៅមិនទាន់អាចធ្វើបានឆាប់ៗទេ ដោយសារតែចិនជំទាស់នឹងការសម្រេចក្តីរបស់តុលាការទីក្រុងឡាអេ។ កាលពីពេលថ្មីៗ នេះ ចិនបានប្រកាសថា នឹងបន្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅដែន ទឹកជម្លោះតទៅទៀត។

ថ្មីៗនេះ ហ្វីុលីពីនទើបតែបន្ទន់ជំហរទៅរកចិន ចង់ចរចាជាមួយចិនរឿងជម្លោះដែនសមុទ្រចិនប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក ហ្វីុលីពីនបានប្តូរចិត្ត ដោយប្រកាសថា ការចរចាផ្ទាល់ជាមួយទីក្រុងប៉េកាំងលើជម្លោះសមុទ្រចិន មិនអាចធ្វើបានឆាប់ៗទេ។ មូលហេតុគឺដោយសារចិនបដិសេធមិនទទួលស្គាល់ការសម្រេចក្តី របស់តុលាការអាជ្ញា កណ្តាលក្រុងឡាអេ ដែលបានសម្រេចឲ្យហ្វីុលីពីនឈ្នះក្តីក្នុងជម្លោះនេះ។

កាលពី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ក្នុងការសម្រេចឲ្យហ្វីុលីពីនឈ្នះចិន តុលាការក្រុងឡាអេបានលើកឡើងថា ចិនបានរំលោភបូរណភាពហ្វីុលីពីន ក្នុង តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីុលីពីន។ យោងតាមតុលាការក្រុងឡាអេកោះផ្កាថ្មស្កាបូរ៉ូក Scarborough ដែលចិនចូលកាន់ កាប់ក្នុងឆ្នាំ២០១២ ជាតំបន់នេសាទដែលអាចឲ្យទាំងអ្នកនេសាទហ្វីុលីពីន ទាំងអ្នក នេសាទចិន ចូលទៅបាន។

ហ្វីុលីពីនត្រៀមចរចាជាមួយចិន ដើម្បី អាចឲ្យអ្នកនេសាទរបស់ខ្លួន បានចូលទៅ កោះផ្កាថ្មស្កាបូរ៉ូក ដូចពីមុនវិញ។ តែបើយោងតាមក្រសួងការបរទេសហ្វីុលីពីន ចិនបានព្រមានថា បើហ្វីុលីពីនសង្កត់ធ្ងន់លើការសម្រេចក្តីរបស់តុលាការទីក្រុង ឡាអេ នោះចិននិងហ្វីុលីពីនអាចប្រឈមមុខដាក់គ្នា។

ទីភ្នាក់ងារសារព័ត៌មានចិនថ្មី បានស្រង់សម្ដីរបស់អ្នកនាំពាក្យកងទ័ពអាកាសចិន ដែលបានប្រាប់ថា ថ្មីៗនេះ ចិនបានបញ្ជូនយន្តហោះយោធាជាច្រើនគ្រឿងទៅល្បាតនៅជិតកោះជម្លោះ Scarborough។

ដោយហេតុហ្វីុលីពីនមិនព្រមចរចា ចិន ក៏បានស្នើដល់អាមេរិកឲ្យ ជួយតភ្ជាប់កិច្ច ពិភាក្សាជាមួយហ្វីុលីពីនស្តីពីវិវាទដែន សមុទ្រចិនភាគខាងត្បូង។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួងការបរទេសចិនបានស្នើដល់រដ្ឋមន្ត្រីការ បរទេសអាមេរិកជួយក្នុងការតភ្ជាប់កិច្ច ពិភាក្សាជាមួយហ្វីុលីពីនឡើងវិញក្រោយសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

នៅក្នុងសេចក្តីថ្លែងការណ៍របស់អាស៊ាន កន្លងមក មានចំនួន៦ចំណុច ដែល ក្នុងនោះ ក៏បានលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនទាំងអស់ គោរពតាមគោលការណ៍ដែលមាននៅក្នុងប្រកាសស្តីពីការប្រព្រឹត្តរបស់ ភាគីពាក់ព័ន្ធនៅក្នុង សមុទ្រចិនខាងត្បូង។

បើទោះបីមេដឹកនាំណាមួយឡើងកាន់តំណែង អាមេរិក ក៏ពិបាកក្នុងការផ្លាស់ប្តូរគោលនយោបាយការបរទេស និងយុទ្ធ សាស្ត្រ ក្នុងការការពារ មហាអំណាចរបស់ ខ្លួន។ នៅពេលនេះដែរ ប្រសិនបើអាមេរិក មិន ដាក់គំនាបទៅលើចិននិងរុស្ស៊ីទេនោះ ប្រទេសទាំងពីរអាចដណ្តើមមហាអំណាចពីអាមេរិកជាមិនខានឡើយ៕ ម៉ែវ សាធី


ចែករំលែក៖