ព័ត៌មានទាន់ហេតុការណ៍៖

ឈ្វេងយល់ពីជំហរនយោបាយ សហរដ្ឋអាមេរិក! ប្រយ័ត្ន អាមេរិក ស៊ីបាយ ហៅខ្មែរចេញលុយ!

ចែករំលែក៖

តើ អាមេរិក ចាញ់សង្គ្រាមវៀតណាម? តើអាមេរិកដើម្បីយើងឬ អាមេរិកដើម្បីអាមេរិក? សភាពការណ៍កាលពីទសវត្សរ៍ឆ្នាំ១៩៧០ និងនៅឆ្នាំ២០១៧ គឺកំពុងស្ថិតក្នុងស្ថានភាពស្រដៀងគ្នា៖

១- ទសវត្សរ៍ឆ្នាំ១៩៧០ សហរដ្ឋអាមេរិក បានជាប់ផុងក្នុងសង្គ្រាមវៀតណាម ហើយក៏ត្រៀមដកខ្លួនចេញពីអាស៊ីដែរ។ ពេលនោះអាមេរិក អស់ខ្យល់នឹងការធ្វើសង្គ្រាមតទៅទៀតហើយដែរ។

• នៅកម្ពុជានាគ្រានោះ ខ្មែរខ្លះក្តាប់សភាពការណ៍នេះមិនបានទេ ក៏ងាកទៅចាប់ដៃបម្រើ «អ្នកត្រៀមរត់» គឺចាប់ដៃជាមួយ អាមេរិក ដែលត្រៀមរត់ចេញពីឥណ្ឌូចិនទៅហើយ។

• ទីបំផុត អាមេរិក ដកទ័ពរត់មែន ដែលគេហៅថា ចាញ់សង្គ្រាមវៀតណាមនៅ ឌៀនបៀនភូ នោះ។

• ការឈ្លានពាន និងការដែលអាមេរិកទម្លាក់គ្រាប់បែកជាង២លាន៧តោននៅលើទឹកដីកម្ពុជាយើង គឺជាការបើកសមរភូមិថ្មី ដើម្បីដកទ័ពអាមេរិកនៅវៀតណាមប៉ុណ្ណោះ។

• ដូច្នេះ ក្នុងសង្គ្រាមវៀតណាម ដើម្បីផលប្រយោជន៍អាមេរិកនាពេលនោះ ខ្មែររងគ្រោះ៣ដំណាក់កាល៖ ទី១) លន់ ណុល និង សិរិមតៈ យល់ថា អាមេរិក មិនរត់ចោលទេ ក៏សុខចិត្តធ្វើអាយ៉ងអាមេរិក ដើម្បីធ្វើរដ្ឋប្រហារទម្លាក់ សម្តេចសីហនុ ដែល សម្តេចសីហនុប្រកាន់ជំហរនយោបាយអព្យាក្រិត្យប្រឆាំងការជ្រៀតជ្រែករបស់អាមេរិក។ តែអកុសល ជាតិ បែកបាក់ធ្ងន់ធ្ងរចាប់ពីពេលនោះ។ ទី២)ខ្មែរ៨សែននាក់ ព្រាត់ប្រាស់និងស្លាប់ដោយសារការទម្លាក់គ្រាប់ B-52 របស់ អាមេរិក។ ពេលអាមេរិក និយាយថា កម្ពុជាជំពាក់បំណុលជាង៤០០លានដុល្លារ សូមខ្មែរហ៊ានផ្តាំទៅអាមេរិកវិញថា៖ «អាមេរិក ជំពាក់ឈាមនិងជីវិតខ្មែរច្រើនណាស់»។ ទី៣) ពេល អាមេរិក ដកទ័ពចេញ បានបន្សល់នូវរបួសផ្លូវចិត្តនិងការសងសឹកធំធេងក្នុងសង្គមខ្មែរ និងបើកផ្លូវឲ្យ ប៉ុល ពត ឡើងកាន់អំណាច។ ទីបំផុត ពួកអ្នកបម្រើអាមេរិក ត្រូវ ប៉ុល ពត ចាប់អារ-ក។ ប្អូនរបស់លន់ ណុល គឺ លន់ ណុន និង ទ្រង់ស៊ីសិវត្ថិ សិរិមតៈ សុទ្ធតែត្រូវ ប៉ុល ពត សម្លាប់ចោលដោយ អារ-ក។ នេះហើយផលវិបាកនៃការក្តាប់មិនជុំជំហរនយោបាយរបស់បរទេស។ ប្រយោជន៍គេសោះ ខ្មែរខ្លះធ្វើជាឧបករណ៍គេដោយក្រអឺតក្រទម។ ទីបំផុតបានត្រឹមវិប្បដិសារីដូចក្នុងសំបុត្រទ្រង់ សិរិមតៈ។

២- ស្ថានភាពអាមេរិក ក្នុងរដ្ឋការ Donal Trump ក៏ស្រដៀងគ្នាដែរ។ ការសម្រេចចិត្តអត្តនោម័តរបស់ ដូណាល់ត្រាំ (Executive Decision) គឺគណៈរដ្ឋមន្ត្រីដែលតែងតាំងជំនាន់គាត់ ត្រូវបានដកចេញនិងលាឈប់ស្ទើអស់ហើយ មានន័យថា រង្គោះរង្គើខ្លាំងណាស់។ គេបានព្យាករណ៍ថាតើ ដូណាល់ត្រាំ អាចទប់កៅអីប្រធានាធិបតីបាន៦ខែទៀតដែរឬយ៉ាងណា? ដូណាល់ត្រាំ ក៏មិនចង់ធ្វើសង្គ្រាមទៀតដែរ។ សូម្បីកូរ៉េខាងជើងឡូឡាសំញ៉ែងយ៉ាងណា តែ អាមេរិក មិនធ្វើសង្គ្រាមដែលគ្មានចំណេញដល់ផលប្រយោជន៍ខ្លួននោះទេ។ ត្រាំ ក៏មិនពង្រីកសង្គ្រាមនៅមជ្ឈិបបូព៌ាទៀតទេ មានតែដកថយ ដូចនៅសង្គ្រាមវៀតណាម។ ក្នុងករណីនេះ ខ្មែរខ្លះដែលចង់ធ្វើជា «សិរិមតៈទី២» សូមសិក្សាស្ថានភាពជំហរនយោបាយ អាមេរិក ឲ្យច្បាស់។ កុំចាប់ដៃបានត្រឹមអាម៊ីអាថោងផឹកកាហ្វេបង្ហោះហ្វេសបុក រួចអួតអាមេរិកៗ។ ប្រយ័ត្ន! ម៉ត់ ដូចម្រេចបុក!!។

៣- គ្មានផលប្រយោជន៍ អាមេរិក នៅក្នុងប្រទេសតូចដូចនៅកម្ពុជានោះទេ។ វាមិនមែនជារឿងសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យនោះទេ។ ជម្លោះនៅវៀតណាម គឺជារឿងប្រគួតឥទ្ធិពលមនោគមន៍វិជ្ជាសង្គ្រាមត្រជាក់រវាង ឥន្ទ្រី និង ខ្លាឃ្មុំ គឺ អាមេរិក និង រុស្ស៊ី តែប៉ុណ្ណោះ។ ពិតណាស់បច្ចប្បន្ននេះ អាមេរិក ត្រូវការផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយនៅអាស៊ី តែ អាមេរិក ក៏មិនងាកមកអាស៊ីតាមរូបភាពសង្គ្រាមទៀតទេ។

៤- ហេតុអ្វីបានជា អាមេរិក មួយចំនួនតូចខិតខំការពាររឿងអត់ច្បាប់នៃ «អង្គការ» របស់ខ្លួន? ពីព្រោះពួកនេះ គឺជា«ភ្នាក់ងារ»នៃផលប្រយោជន៍អាមេរិក។ បើប្រទេសអធិបតេយ្យមួយទាត់ចោលភ្នាក់ងារទាំងនេះ អាមេរិកខ្លះ មានគ្រាប់បៀរឯណាសម្រាប់លេង!? ហើយសូមចាំថា បរិបទឥឡូវនេះ គោលដៅរបស់អាមេរិក មិនមែនកម្ពុជាទេ តែគឺ ចិន និង រស្ស៊ី។ រឿងរ៉ាវការពិតដែលខ្មែរយើងគួរដឹង គឺត្រូវតែដឹង។ យើងត្រូវតស៊ូមតិដោយឆ្លាតវៃ ដោយស្មើភាព និងស្មើសិទ្ធិ ក្នុងនាមរដ្ឋអធិបតេយ្យ។ ខ្មែរ ក៏សូមជៀសវាងយើងបែកបាក់គ្នា ដោយសារល្ងិតល្ងង់ និងបម្រើបរទេសដោយល្ងង់ខ្លៅ។ ប្រយ័ត្ន ចាប់សម្ព័ន្ធជាមួយអ្នកចាំកេង និងអ្នកត្រៀមរត់ម្តងទៀត ដូចនៅសង្គ្រាមវៀតណាម។ ប្រយ័ត្នអាមេរិក ចូលហាងស៊ីបាយ ហៅខ្មែរ ចេញលុយ។ ខ្ញុំសូមផ្តាំថា៖ «សូមកុំក្លាយជាទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ទី២»៕ ហេង សូរិយា

 


ចែករំលែក៖