ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនល្ងីល្ងើៈ ភ្លេចកំណើត

ចែករំលែក៖

ខ្មែរយើងតែងប្រៀនប្រដៅកូនចៅ ដែលរកស៊ីមានបានត្រជាក់ត្រជុំកុំឲ្យភ្លេចកំណើត ។ កំណើត បើតាមវេចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បកស្រាយថា ដំណើរដែលកើត កាលវេលាដែលកើត តំបន់ដែលកើត ពោលគឺចង់បញ្ជាក់ពីមនុស្ស សត្វ ឬរបស់អ្វីម្យ៉ាង ចាប់បដិសន្ធិក្នុងវាលវដ្តសង្សារនេះ ។

យ៉ាងណាមិញសម្រាប់សង្គមខ្មែរយើង ដូនតាលោកតែងប្រៀនប្រដៅដាស់តឿនកូនចៅថា ពេលរស់នៅបានសុខដុមរម្យនា ឬប្រែក្លាយជាអ្នកមានស្តុក «កុំភ្លេចកំណើតខ្លួន»ឲ្យ សោះ ព្រោះមុន បានសុខដុមរម្យនា ឬប្រែក្លាយជាអ្នកមានស្តុក កូនៗសុទ្ធតែបានឆ្លងកាត់ ការលំបាកស៊ីប្រហុកផ្អកនិងការលំបាកផ្សេងទៀតគ្រប់បែបយ៉ាង ។ លើសពីនេះទៀតគេបាន ប្រៀបធៀបមនុស្សមួយចំនួនដែលភ្លេចកំណើត ដូចមេអំបៅចេញពីដង្កូវ តែងហោះហើរភ្លើត ភ្លើនតាមភ្លងពណ៌ភ្លេចសារធាតុរបស់ខ្លួនជាដង្កូវ ។

សម្រាប់នាយ ជាលខ្ញុំ វិញក៏បានកត់សម្គាល់ឃើញក្នុងសង្គមនេះផងដែរ គ្រាដែលមនុស្សមួយចំនួនរស់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត មានតែបាតដៃទទេ ខ្លួនប្រាណស្គមដូចស្បូវកណ្តប ដកកច្រហមាត់រកអីស៊ីគ្មានរង់ចាំតែដល់ពេលក្រុមឈ្លបរបស់អង្គការប៉ុលពតមកអូសក្បាលយកទៅសម្លាប់ចោល។ ពេលហ្នុងមនុស្សមួយចំនួននេះ ចាប់ផ្តើម លើកដៃសំពះទេវតា រកអ្នកមានគុណឲ្យជួយរំដោះខ្លួនបានរួចផុតពីរណ្តៅមរណៈពួកគេនឹងមិនបំភ្លេចគុណអ្នកជួយនោះឡើយ ។

មែនដូចចិត្ត គុណថ្ងៃ៧មករា ឆ្នាំ១៩៧៩ បានមកដល់ ធ្វើឲ្យមនុស្សមួយចំនួននោះសប្បាយចិត្តស្ទើរហោះ ពួកគេលោតជើងបី ជើងបួនព្រោះគិតថា បានរស់ម្តងទៀត ដោយសារ របបប៉ុល ពត ត្រូវរលាយ និងពួកគេ មានកំណើតឡើងវិញហើយ ។ ប៉ុន្តែមកដល់ពេលនេះ ដែលប្រទេសជាតិមានសុខសន្តិភាព សម្បូរសប្បាយ និងមានការភិវឌ្ឃរីកចម្រើនគ្រប់វិស័យ ស្រាប់តែពពួកមួយចំនួននេះបែរជាបែកស្លុយ ចង់ឲ្យប្រទេសក្រឡាប់ចាក់តាមការញុះញង់ពី បរទេសទៅវិញ ។ នេះហើយគេថា មនុស្ស« ភ្លេចកំណើត» បើឲ្យដឹកនាំប្រទេសវិញ ចៀសមិនផុតពីក្តីអន្តរាយនោះឡើយ ៕ នាយជាល

 


ចែករំលែក៖