ព័ត៌មានទាន់ហេតុការណ៍៖

វត្ថុបុរាណនៅក្នុងសម័យអង្គរវត្តមានអាយុកាលរាប់ពាន់ឆ្នាំត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យមន្រ្តីជំនាញមន្ទីរវប្បធម៌ខេត្តយកទៅរក្សាទុកក្រោយពីមានសមាជិកនៅក្នុងផ្ទះបានស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ វត្ថុបុរាណនៅក្នុងសម័យអង្គរវត្តដែលជាបំណែកសម្រាប់តាំងលើកំពូលខ្លោងទ្វារ ប្រាសាទបុរាណខ្មែរចំនួន២ប្រភេទ ដែលប្រាសាទបុរាណខ្មែររងការខូចខាតបាត់បង់នៅក្នុងតំណាក់កាលប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាម។ ប្រជាពលរដ្ឋរក្សាទុកចាប់តាំងពីអំឡុងទសវត្ស១៩៩០ ហើយមានការព្រួយបារម្ភខ្លាចបាត់បង់គ្មានសុវត្ថិភាពនោះ និងក្រោយមានសមាជិកក្នុងផ្ទះបានស្លាប់ សង្ស័យមានប្រថ្នូរមិនល្អ ក៏ត្រូវបានប្រជាពលរដ្ឋសម្រេចប្រគល់ឲ្យ មន្រ្តីជំនាញមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ យកទៅរក្សាទុក នៅសារៈមន្ទីរវត្ថុបុរាណ ខេត្តបន្ទាយមានជ័យ ដើម្បីធានាសុវត្ថិភាព។ពិធីប្រគល់ធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្ទះប្រជាពលរដ្ឋមានឈ្មោះ គឹម សាវុធ ភេទប្រុស​អាយុ៥៨ ឆ្នាំ ជាយោធិនពិការ នៅភូមិ ២សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

​លោក គឹម សាវុធ ដែលជាអ្នកថែរក្សាវត្ថុបុរាណប្រាប់ឲ្យដឹងថា វត្ថុបុរាណទាំង២ ប្រភេទរកឃើញចាប់តាំងពីប្រទេសនៅមានសង្រ្គាម អំឡុងឆ្នាំ១៩៩០ ។វត្ថុបុរាណនោះដែរមិនដឹងថាបងប្រុសរបស់លោកជាអតីតមេបញ្ជាការយោធាប្រចាំការនៅស្រុកព្រះនេត្រព្រះនៅចំណុចភ្នំកំបោ បានយកមកពីតំបន់ណានោះទេ ហើយគាត់ថែរក្សាទុកនៅផ្ទះជាយូរឆ្នាំមកហើយ។បន្ទាប់មកបងប្រុសរបស់ លោកក៏បានស្លាប់ លោកក៏បានបន្តថែរក្សាទុក រហូតដល់ពេលបច្ចុប្បន្ន ដោយមានការអុជធូបបូជារៀងរាល់ថ្ងៃសិលផងដែរ។លុះបន្ទាប់មកក៏សម្រេចប្រគល់ឲ្យមន្រ្តីជំនាញយកទៅថែរក្សាទុក ដើម្បីសុវត្ថិភាព ដោយខ្លាចមានគេលួច។

​លោកប្រាប់ឲ្យដឹងទៀតថា វត្ថុបុរាណនោះដែរកន្លងមកមានគេសុំទិញ ក្នុងតម្លៃ១ម៉ឺន បាតប្រាក់ថៃប៉ុន្តែលោកមិនលក់ នោះទេខ្លាចខុសច្បាប់។

​ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ​លោក យ៉ង់ តាំគួយប្រាប់ឲ្យដឹងថា វត្ថុបុរាណទាំង២ប្រភេទនៅពេលមន្ត្រីជំនាញពិនិត្យ និងសន្និដ្ឋានជាបឋម គឺកសាងនៅក្នុងសម័យ អង្គរវត្ត ។វត្ថុរាណនោះមិនដឹងថាគេយកចេញពីតំបន់ប្រាសាទបុរាណរបស់ខ្មែរណាមួយនៅឡើយនោះទេមន្រ្តីជំនាញកំពុងស្រាជ្រាវ។ប៉ុន្តែមន្រ្តីជំនាញសង្ស័យវត្ថុបុរាណនោះគេយកពីតំបន់ប្រាសាទបុរាណខ្មែរនៅក្នុងស្រុកព្រះនេត្រព្រះ រឺនៅស្រុកភ្នំស្រុក។

​លោកប្រាប់ឲ្យដឹងទៀតថា វត្ថុបុរាណទី១,មានឈ្មោះ ហោជាង ជាបំណែកសម្រាប់ដាក់តាំងកសាងនៅលើខ្លោងទ្វារប្រាសាទបុរាណដែលមានកំពស់៣៨ សង់ទីម៉ែត្រ, ទទឹង៥២ សង់ទីម៉ែត្រ និងកំរ៉ាស់០.៩ សង់ទីម៉ែត្រ, និងមានរូបទេវរូបផុសចំនួន១៦អង្គទៀតផង។ វត្ថុបរាណទី២,មានឈ្មោះ ទេវរូប បាត់ព្រះកេស មានកំពស់១០ សង់ទីម៉ែត្រ កំរ៉ាស់០.៦២ សង់ទីម៉ែត្រ ។

​លោកប្រាប់ឲ្យដឹងទៀតថា ពាក់ព័ន្ធ និងរឿងអប៉ីជំនឿវិញ ប្រជាពលរដ្ឋដែលរក្សាទុក វត្ថុបុរាណនៅផ្ទះ គឺមានប្រថ្នូរមិនសូវល្អនោះទេ នៅក្នុងក្រុមគ្រួសារតែងជួបនូវបញ្ហា។

​លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានការរក្សាទុកវត្ថុបុរាណ ត្រូវតែសហការ និងយកមកប្រគល់មន្រ្តីជំនាញ ដើម្បីជំនាញយកមករក្សាទុកធានាបានសុវត្ថិភាព។

សូមរំលឹកថាខេត្តបន្ទាយមានជ័យកំពូលប្រាសាទបន្ទាយឆ្មារជាមាស៧គីឡូក្រាម ត្រួវបានក្រុមអភិរក្ស និងជួសជុលប្រសាទបន្ទាយឆ្មាររកឃើញ កាលពីឆ្នាំ២០០៩ កំពូលប្រាសាទនោះត្រូវបានក្រុមអ្នកជំនាញយកទៅរក្សាទុកនៅសារៈមន្ទីរជាតិនោះរួចហើយ។ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមាានជ័យ មានទីតាំងក្បែរព្រំដែនកម្ពុជា -ថៃ កសាង នៅក្នុងរាជ្ជកាលព្រះបាទជ័យវរ័្មនទី៧ នៅចុងសតវត្សទី១២ដើមសតវត្សទី១៣ ហើយជាប្រាសាទចុងក្រោយគេបំផុតដែលចាត់ទុកជាប្រសាទកូនពៅក្នុងចំណោមប្រាសាទនានាដែលព្រះបាទជ័យវរ័្មនទី៧ កសាងឡើងនៅក្នុងអាណាចក្រកម្ពុជានោះ។ប្រាសាទបន្ទាយឆ្មារបានរងការខូចខ្ទេចខ្ទាំនៅក្នុងសម័យសង្រ្គាមចាប់ពីអំឡុងឆ្នាំ១៩៨៨នោះមក បំផ្លាញដោយក្រុមទុច្ចរិត ដែលបំផ្លាញបេតិភ័ណ្ឌទាំងឡាយនៅក្នុងប្រាសាទនៃការធ្វើសកម្មភាពជួញដូរវត្ថុបុរាណទៅក្រៅប្រទេស។ ប្រាសាទបន្ទាយឆ្មារមកដលល់បច្ចុប្បន្នត្រូវបានជួសជុលឡើងវិញ ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុង និងគ្រោងស្នើសុំដាក់បញ្ចូលជាបេតិកភ័ណ្ឌពិភពលោក៕ សំ វិច្ឆិកា


ចែករំលែក៖