ព័ត៌មានទាន់ហេតុការណ៍៖

ទិន្នផលត្រសក់ឆ្នាំនេះធ្លាក់ថ្លៃយ៉ាងគំហុក កសិករត្អូញត្អែរគ្មានអ្នកទិញ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កសិករដាំដំណាំត្រសក់បានត្អូញត្អែរខ្លាំងខណៈផលិតបានផលហើយតែមិនមានអ្នកទិញ និងតម្លៃធ្លាក់ថ្លៃយ៉ាងគំហុក។

លោក គម កង និងអ្នកស្រី ផល្លា ស្រអែម រស់នៅភូមិពពាលខែ ឃុំ អូរតាគី ស្រុកថ្មគោល បានអោយដឹងកាលពីថ្ងៃម្សិលមិញថា គ្រួសារគាត់ដាំដំណាំត្រសក់យូរឆ្នាំមកហើយលើផ្ទៃដីជាង១រៃដោយទទួលបានផលច្រើន និងតម្លៃខ្ពស់គួរសមអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបាន។ ប៉ុន្តែរយៈពេលចុងក្រោយនៅឆ្នាំ២០១៨ នេះ នៅពេលពួកគាត់ប្រមូលផលតម្លៃត្រសក់ បានធ្លាក់ថ្លៃយ៉ាងគំហុកដែលមិនអាចទទួលយកបានដោយឈ្មួញដែលធ្លាប់មកអង្វរសុំទិញមិនចង់យកភ្នែកមើលទៅវិញ។

កញ្ញា វណ្ណ ឆោវ័ន្ត ជាកសិកររស់នៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ក៏បានអោយដឹងដែរថា កញ្ញាបានប្រកបរបរដាំដំណាំប្រភេទបន្លែត្រសក់ច្រើនឆ្នាំមកហើយដោយឆ្នាំកន្លងមកត្រសក់លក់បានក្នុងតម្លៃ១គីឡូក្រាមតម្លៃ១៥០០រៀលទៅ១៧០០រៀលហើយត្រូវបានឈ្មួញមកទទួលប្រមូលទិញដល់ចំការអស់ៗមិនចាំបាច់ដឹកយកទៅដល់ទីផ្សារឡើយ។

កញ្ញាបន្តថា មកដល់ឆ្នាំ២០១៨នេះ តម្លៃត្រសក់បានធ្លាក់ចុះយ៉ាងកំហុកក្រុមឈ្មួញដែលធ្លាប់មកទទួលទិញដល់ចំការក៏មិនឃើញមកទិញហើយដឹកយកទៅលក់ដល់ផ្សារដោយខ្លួនឯងបានតម្លៃត្រឹមតែ៧០០រៀលរហូតធ្លាក់មកដល់១០០រៀលទៀតផងហើយរហូតថ្ងៃខ្លះលក់មិនដាច់ដោយគ្មានអ្នកទិញបានធ្វើអោយកសិករមួយចំនួនបង្ខំចិត្តដឹកយកទៅចាក់ចោល និងមួយចំនួនទៀតទុកចោលមិនព្រមបេះពីដើមទៀតផង។

លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានបញ្ជាក់ថា កសិផលធ្លាក់ថ្លៃនេះទាក់ទងទៅនឹងប្រជាពលរដ្ឋពង្រីកផ្ទៃដីដាំដុះច្រើនផង ម្យ៉ាងវិញទៀតទាក់ទងនឹងក្រុមឈ្មួញ បន្លែទីផ្សារក្នុងស្រុក និងក្រៅប្រទេសមានតម្លៃប្រហាក់ប្រហែលគ្នាហេតុអីគាត់មិនជួយទិញរបស់ខ្មែរខ្លួនឯងបែរជាទៅទិញដឹកចេញពីប្រទេសជិតខាងទៅវិញ៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖